ភ្នំពេញ៖លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​ ១៥​ ខែ​មិថុនា​ បាន​ចេញ​សារ​អបអរ​សាទ​រ ដល់ខួប ៥៨ ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ក្រុង​ឡាអេ សម្រេច​ឱ្យ​កម្ពុជា​ធ្វើ​ជាម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ ខណៈ​អ្នក​ប្រវត្តិ​សាស្ត្រ ជំរុញ​ឲ្យយុវ​ជន​ជំនា​​ន់​ក្រោយ គួរ​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិ​ប្រាសាទ​ព្រះ​វិហារ​។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​សរសេរ​បង្ហោះ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​រប​ស់​លោក យ៉ាង​ដូច្នេះ​ថា​៖ «ថ្ងៃទី​ ១៥ ខែ មិថុនា​ ឆ្នាំ​ ២០២០ នេះ ជាខួប ៥៨ ឆ្នាំ (១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២០)​​ ដែល​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) នាទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ បាន​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្តី​ជា​មួយ​​ប្រទេស​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ សម្រេច​ឱ្យ​កម្ពុជា​ជាម្ចាស់​កម្ម​សិទ្ធិ​លើ​​ប្រាសាទ​ព្រះវិហារ​»។

ជាមួយ​នឹង​សារអបអរ​តាម Facebook លោក ហ៊ុន សែន បាន​ថ្លែង​រំឭក​ពី​ព្រះរាជ​ស្នា​ដៃ របស់​សម្តេច​ព្រះមហាវី​រក្សត្រ​ខ្មែរ ព្រះ​បរ​មរត​នកោដ្ឋ ព្រះ​ករុណា ព្រះបាទ សម្តេច​ព្រះនរោ​ត្តម សីហនុ ដែល​បាន​បំពេញ​ព្រះរាជ​បូជនីយ​កិច្ច​យ៉ាង​ស្វិត​ស្វាញ​បំផុត ដើម្បី​ទាមទារ​ប្រាសាទ​ព្រះវិហារ រហូត​បាន​ចុះ​បញ្ជី​ប្រា​សាទ​ព្រះវិហារ​ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​នា​ថ្ងៃទី ៧​ ខែ​ កក្កដា ឆ្នាំ​ ២០០៨។

លោក សំបូរ ម៉ាណ្ណារ៉ា  សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​ ១៥ ​ខែ​មិថុនា​​ ថា បើទោះ​ជា​កម្ពុជា មិន​ប្រារព្ធ​ពិធី​ធំ​ដុំក្នុង​ការំ​ឭក​ខួប ៥៨ ឆ្នាំ ដែល​កម្ពុជាឈ្នះ​ក្តីលើឆាក​អន្តរ​ជាតិ ដើម្បី​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​ក្តី ប៉ុន្តែការ​បង្ហោះ​សារ​របស់​ថ្នាក់​ដឹកនាំ​ក្នុង​ពេល​នេះ គឺជា​ការ​បង្ហាញ​នូវ​និមិត្ត​រូប​មួយ​ដ៏អស្ចារ្យ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​ក្នុង​ប្រវត្តិ​សាស្ត្រ ជាពិសេស​នោះ គឺជាការ​រំឭក​ពី​ភាព​ស្ញប់​ស្ញែង​នូវស្នា​ព្រះហត្ថ​របស់​ព្រះបរមរតន​កោដ្ឋ ដែល​បាន​ទាម​ទារ​នូវ​ប្រាសាទ​ព្រះវិ​ហារពីប្រទេស​ជិត​ខាង​មក​វិញ​។

លោកបញ្ជាក់​ថា៖ «ធម្ម​តា​នៅពេល​ដែល​ថ្នាក់​ដឹក​នាំ​លោក បង្ហោះ​សារ នោះ​គឺជាការ​បង្ហាញ​ប្រាប់​អំពី​មោទន​ភាព​ជាតិ​ដ៏ធំ​មួយ​។ ចឹង​នេះ បាន​ន័យ​ថា លោក​បាន​បង្ហាញ​ប្រាប់​នូវ​ពិធី​ដែលឲ្យ​តម្លៃ​ទៅបុព្វ​ការី​ជន និង​ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ និង​រំឭក​ដល់​មហា​ជន​ទាំង​ឡាយ នៅ​ក្នុង​ពិភព​លោក​នេះ។ ព្រោះ​មិន​មែន​បង្ហាញ​​ដល់​ត្រឹម​តែ​ជាតិ​ទេ ក៏បាន​បង្ហាញ​លើ​ឆាក​អន្តរ​ជាតិ ឲ្យ​ទទួល​ដឹង​ឮ ដែល​ខ្មែរ​បាន​ទទួលប្រាសាទ​ព្រះ​វិហារ​មក​វិញ នាថ្ងៃ​ទី ១៥ ខែ​មិថុនា​»។

ជាមួយ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក សំបូរ ម៉ាណ្ណារ៉ា ​បាន​រំឭក​ដល់​ក្មេង​ជំនាន់​ក្រោយ​ គួរ​សិក្សា​ស្វែង​យល់​ពី​​ប្រវត្តិ​សាស្ត្រ​ឲ្យបាន​ច្បាស់​លាស់ ខណៈ​លោកនៅតែ​ប្រកាន់​ជំហរក្នុង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បង្រៀន​មេរៀន​ទាំង​នេះ និង​ណែនាំ​ឲ្យយុ​វជន ចូល​រួម​ប្រារព្ធ​នូវជ័យ​ជម្នះនេះជា​រៀង​រាល់​​ឆ្នាំ។

លោក​បន្ថែម​ថា​៖ «ការ​ស្វែង​យល់​អំពី​ប្រាសាទ​ព្រះវិហារ ដែល​អ្នក​ទាំង​អស់​គ្នា បាន​ដឹង​អំពីថ្ងៃ​ទី១៥ ខែ មិថុ​នា ឆ្នាំ ១៩៦២ ហើយ​បាន​ដឹង​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យើង​ឈ្នះ​ក្តី រួម​ទាំង​ការ​ខំប្រឹង​ប្រែងរ​បស់អ្នក​មុខ​អ្នក​ការរ​បស់​ខ្មែរ។ តាម​រយៈ​ការ​សិក្សានេះ បាន​នាំ​ឲ្យយើង​ដឹង​ពីកាល​ប្រវត្តិ​ សម្រាប់​​ខ្ញុំជាគ្រូ​ប្រវត្តិ​សាស្ត្រ ខ្ញុំអំពាវ​នាវ​ឲ្យកូន​ៗទាំង​អស់គ្នា ត្រូវ​យកចិត្ត​ទុក​ដាក់​អំពី​តម្លៃ និង​មោទន​ភាព​ជាតិ​នេះ»៕