ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នឹង​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​​ព្រឹត្តិការណ៍​​​ឆ្លង​កូវីដ​ចូល​ក្នុង​សហគមន៍​ ២៨​ វិច្ឆិកា នៅ​​ព្រឹក​ថ្ងៃ​អង្គារ ​នេះ ខណៈ​​កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ ១៩ ​កំពុង​​សម្រាក​ព្យាបាល​នៅ​សល់​តែ ៤ ​នាក់​ទៀត​តែ​ប៉ុណ្ណោះ​ គិត​ត្រឹម​​ថ្ងៃ​ទី ​២៨ ខែ ធ្នូ ឆ្នាំ ​២០២០​។

ជាមួយ​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​តាម​ច្រក​ព្រំដែន​​សំខាន់ៗ​នៅ​​ក្នុង​ខេត្ត​ចំនួន ​៧​ ដែល​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា-ថៃ​ ចាប់​តាំង​ពី​ថ្ងៃទី​ ២០ ខែធ្នូ រហូត​មក​ដល់​ថ្ងៃទី ២៨ ខែ​ធ្នូ ​មាន​ប្រមាណ ​៣ ០០០ នាក់​ និង​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល។

យោង​តាម​ការ​ប្រកាស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ៩:០០ នាទី​ព្រឹក​ថ្ងៃអង្គារ​ ទី ២៩ ខែធ្នូ ​នេះ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​នឹង​ផ្សាយ​ផ្ទាល់​ការ​ថ្លែង​សារ​ពិសេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២៨ ​វិច្ឆិកា និង​ចំណុច​សំខាន់ៗ​ផ្សេង​ទៀត ពី​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល។

នេះ​ជា​លើក​ទី២ ​ហើយ ដែល​លោក ​ហ៊ុន សែន ​បាន​ថ្លែងសារ​ពិសេស​ទាក់ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍ ​២៨ ​វិច្ឆិកា​ ដែល​លើក​ទី១ គឺ​លោក​បាន​ថ្លែង​រយៈពេល​ប្រមាណ​ជា ៤ ម៉ោង​ ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ ការ​ទិញ​វ៉ាក់សាំង និង​ការ​ត្រៀម​​បង្ការ​ជា​មុន​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ ​មាន​អ្នក​ជំងឺ​កូវីដ ​១៩ ​​ ចំនួន ​៤ ​នាក់ ​បាន​ព្យាបាល​ជា​សះស្បើយ​ដោយ​​ក្នុង​នោះ​ មាន​អ្នក​ជំងឺ​ម្នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ​២៨ ​វិច្ឆិកា។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​​អ្នក​ជំងឺ​កូវីដ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មាន​ចំនួន​តែ ​៤ នាក់​ទៀត​ប៉ុណ្ណោះ។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​កម្ពុជា​មាន​អ្នក​មាន​​ជំងឺ​កូវីដ​​​ចំនួន ​៣៦៤ ​នាក់ ក្នុង​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន ​៣៦០ ​នាក់ និង​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ​៤ ​នាក់ (ស្រី​ចំនួន ​១ ​នាក់)។

ទាក់ទង​នឹង​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ លោក ​សេក សុខុម អ្នក​នាំពាក្យ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​​ពី​ម្សិលមិញ​ថា ​ពលករ​ខ្មែរ​ជាង ​១ ០០០ ​នាក់​ បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ចូល​តាម​ខេត្ត​របស់​លោក​​ចាប់​តាំង​ពី​ថ្ងៃទី ​២០ ​ដល់ ២៨ ​ខែ​ធ្នូ​ ឆ្នាំ ​២០២០ ដែល​គិត​ជា​ថ្ងៃ គឺ​ចន្លោះ​ពី ​៥០ ​ទៅ ​៦០ ​នាក់ ​ក្នុង ​១ ថ្ងៃ​។

លោក​​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​មាន​ការ​រៀបចំ​កន្លែង​ចត្តាឡីស័ក​​​បាន​គ្រប់គ្រាន់​ជូន​ដល់​ពួក​គាត់ រួម​ទាំង​ផ្តល់​នូវ​អាហារ​ ៣ ពេល​ផង​ដែរ។ ដូច​នេះ​ពលករ​មិន​មាន​ចេតនា​ក្នុង​ការ​រត់​ចោល​កន្លែង​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ ដោយសារ​ពួក​គាត់​យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ ​១៩​។

លោក​ថា៖ «មន្រ្តី​រាជការ​នៅ​ទូទាំង​ខេត្ត គ្រប់​មន្ទីរ​ ​មន្រ្តី​មាន​សមត្ថកិច្ច​ និង​ពេទ្យ​បាន​ចែក​វេន​​គ្នា​ក្នុង​ការ​​ប្រចាំ​ការ​នៅ​តាម​គ្រប់​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង ​២៤ ​ម៉ោង ​លើ ២៤ ​ម៉ោង ដើម្បី​ជួយ​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​មាន​បញ្ហា​សុខភាព​ណាមួយ​កើត​ឡើង»។

ចំណែក​លោក ​ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បាន​ឱ្យ​ដឹង​​ផង​ដែរ​ថា គិត​​ពី​ថ្ងៃទី ​២០ ​ដល់ ​ថ្ងៃទី ​២៨ ខែធ្នូ ពលករ​ខ្មែរ​ដែល​​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា​ តាម​ខេត្ត​នេះ​មាន​ប្រមាណ​ជា ​១ ៣០០ នាក់ ហើយ​អាជ្ញាធរ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​កន្លែង​ធ្វើ​ចត្តាឡីស័ក​​ដែល​អាជ្ញាធរ​ខេត្ត​-ស្រុក​បាន​រៀបចំ ចំណែក​ពលករ​ណា​ដែល​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ផ្សេង គឺ​ពួក​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​​ក្នុង​ខេត្ត​នោះ​។

លោក​ថា៖ «ជា​ទូទៅ ​ពលករ​ដែល​ចូល​មក ​គឺ​មាន​ចន្លោះ​ពី ​១០០ ​ទៅ ​២០០ ​នាក់ ​ក្នុង ​១ ថ្ងៃ​ បើ​ទោះ​ជា​​មិន​ទាន់​មាន​ការ​ផ្ទុះ​ការ​រីក​រាលដាល​វីរុស​កូវីដ ១៩ ​នៅ​​ខេត្ត​សមុទ្រ​សាខន​ក៏​ដោយ​ ប៉ុន្តែ​ពលករ​ខ្មែរ​​ក៏​មិន​មាន​ត្រឡប់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដែរ​ ​តាំង​ពី​ខែ​មីនា ​មក ​ចាប់​តាំង​ពី​មាន​ការ​រីក​រាលដាល​កូវីដ​ដំបូង ​ដោយ​ប្រទេស​ទាំង ​២ បាន​ព្រមព្រៀង​បិទ​ព្រំដែន​​បណ្តោះ​អាសន្ន​រហូត​មាន​ការ​ជូន​​ដំណឹង​ជា​ថ្មី។ ភាគី​ទាំង ២ ​បាន​អនុញ្ញាត​ការ​ចេញ​ចូល​ព្រំដែន​បាន​តែ​ឡាន​ដឹក​ទំនិញ​តែ​ប៉ុណ្ណោះ​»។ លោក ឌី រ៉ាដូ បាន​បន្ត​ថា ការ​ធ្វើ​ចត្តាឡីស័ក​នេះ ​ជា​ការ​ចំាបាច់​ដែល​គ្រប់​ពលករ​ត្រូវ​តែ​ធ្វើ​។

លោក ​មុំ ម៉ាលីកា អ្នក​នាំពាក្យ​ខេត្ត​កោះកុង​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ក្នុង​រយៈពេល ​១ សប្តាហ៍​កន្លង​មក​នេះ ពលករ​ខ្មែរ​ចំនួន ​២៣ ​នាក់ ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​បាន​ដាក់​​ឱ្យ​ធ្វើ​ចត្តាឡីស័ក​។

លោក​ថ្លែង​ថា៖ «សុខភាព​របស់​ពួក​គាត់ គឺ​ល្អ​ធម្មតា ហើយ​ពួក​គាត់​ជា​ពលករ​មក​ពី​ខាង​ខេត្ត​ត្រាត មិន​មែន​មក​ពី​ខេត្ត​សមុទ្រ​សាខនទេ។ ពួក​គាត់​មាន​ការ​សហការ​នៅ​ពេល​មក​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​មុន​ពេល​​យក​ពួក​គាត់​មក​កន្លែង​ចត្តាឡីស័ក ​អាជ្ញាធរ និង​សមត្ថកិច្ច​មាន​ការ​ពិបាក​​ផង​ដែរ ដោយសារ​ខេត្ត​កោះកុង​មាន​ច្រក​ច្រើន​​»។

កាល​ពី​សប្តាហ៍​មុន​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​សេណេហ្កាល់ បាន​ចេញ​របាយការណ៍​មួយ​ដោយ​ធ្វើ​ការ​វាយ​តម្លៃ​ស្ដីពី​សន្ទស្សន៍​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 ដោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ​ជាប់​ចំណាត់​លេខ ​១ កម្រិត​ពិភព​លោក ជា​ប្រទេស​ដែល​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូវីដ ​១៩ ​បាន​ល្អ​ជាង​គេ៕