ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ និង​អ្នកច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​ដែល​ចំនួន​ករណី​វិជ្ជមាន​កូវីដ​ ១៩ បាន​កើនឡើង​ដល់​ ១០៧ ពី​ម្សិលមិញ​។ ជាមួយ​គ្នា​នេះ កាស៊ីណូ​ទាំងអស់​ក៏​នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ពី​ម្សិលមិញ​ថា​លោក​ដឹកនាំ​កិច្ចប្រជុំ​អចិន្រៃ្តយ៍​គណៈ​រដ្ឋមន្ត្រី ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​អ្នកច្បាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិនិត្យមើល​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មុន​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​។ លោក​ថា​ក្នុង​រយៈពេល​ ២៧ ​ឆ្នាំ​កន្លង​មក​លោក​មិន​ដែល​គិត​ដល់​ការធ្វើ​ច្បាប់​បែបនេះ​ទេ តែ​សភាពការណ៍​ពេលនេះ​តម្រូវ​ឲ្យ​កម្ពុជា​មានច្បាប់​នេះ​ជា​ចាំបាច់​។

លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋសភា​ពី​ម្សិលមិញ​ថា​៖ «​សុំ​បញ្ជាក់​ឡើងវិញ​ថា ច្បាប់​ដើម្បី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នឹង​ចេញ​ពិតប្រាកដ បន្ទាប់​ថ្ងៃទី​ ២៤ កន្លង​ទៅ​ខ្ញុំ​បានប្រកាស​ហើយ​ពេល​នោះ​អ្នកច្បាប់​របស់​យើង​កំពុង​រៀបចំ​។ ព្រឹក​ថ្ងៃស្អែក [​ថ្ងៃ​អង្គារ​] តាម​ទម្លាប់​គឺ​ដឹកនាំ​ប្រជុំ​អន្តរក្រសួង​ថ្នាក់​រដ្ឋមន្ត្រី ឬ​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី​។ ក៏ប៉ុន្តែ​ច្បាប់​មួយ​នេះ​ដោយសារ​វា​ជា​ករណី​ច្បាប់​ពិសេស ការប្រជុំ​មុន​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ទាំងមូល នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រជុំ​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ទាំងអស់​បូក​ជាមួយ​នឹង​អ្នកច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត​ដើម្បី​ចូលរួម​»​។

លោក​បន្តថា ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំពេញ​អង្គ​រួច​បញ្ជូន​ទៅកាន់​សភា ព្រឹទ្ធសភា និង ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ​ព្រះមហាក្សត្រ​នឹង​ឡាយ​ព្រះហស្ត​លេខា​ដាក់​ឲ្យ​ប្រើ​ច្បាប់​នេះ​ទុកជា​ការប្រញាប់​។ លោក​ឆ្លើយតប​ទៅនឹង​មតិ​ណែនាំ​ឲ្យ​កម្ពុជា​ដាក់​បម្រាម​គោចរ​ដោយ​ចាំបាច់​មានច្បាប់​នេះ ដោយយោង​ត្រឹមតែ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទេ​។ ប៉ុន្តែ​លោក​ថា​បម្រាម​គោចរ​គ្រាន់តែ​ជា​អនុវិស័យ​មួយ​នៃ​ច្បាប់​គ្រា​មាន​អាសន្ន​តែប៉ុណ្ណោះ មិនអាច​ត្រូវ​បាន​ដាក់​ដោយ​វិធានការ​ចេញ​ដោយ​នាយករដ្ឋមន្ត្រី​ទេ​។

បើទោះ​ជា​បដិសេធ​បង្ហាញ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ក៏ដោយ ប៉ុន្តែ​លោក​បង្ហើប​ថា ច្បាប់​នេះ​នឹង​មាន​បញ្ចូល​វិធានការ​មួយចំនួន​ក្នុង​ចំណោម​វិធានការ​ជាច្រើន ឧទាហរណ៍​ដូចជា​ការហាម​ធ្វើ​ដំណើរ​ពេលយប់​ពី​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង​ ៥ ​ភ្លឺ​។ ច្បាប់​នេះ​នឹង​ប្រើ​ក្នុង​រយៈពេល​មួយ​មានកំណត់​។

លោក​ ហ៊ុន សែន ថ្លែងថា ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​បាន​ទទួល​សេចក្ដី​ព្រាងច្បាប់​ ៣ ​ដង​រួចហើយ​ដែល​ច្បាប់​នេះ​រៀបចំ​ឡើង​ដោយ​លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​។ បើ​ទោះបី​ជា​ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ក្នុង​ភាព​ប្រញាប់​ក៏ដោយ​លោក​ថា មិន​ប្រាកដថា​វា​នឹងត្រូវ​ប្រើ​ភ្លាមៗ​នោះដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​គិតថា នេះ​គ្រាន់តែ​ជា​មធ្យោបាយ​ឲ្យ​មាន​ក្នុង​ដៃ​តែប៉ុណ្ណោះ នៅពេល​ដែល​សភាពការណ៍​ត្រួតត្រា​មិនបាន​ដោយ​អំណាច​របស់​សមត្ថកិច្ច​ជា​កម្លាំង នគរបាល ឬ​អាវុធហត្ថ​នៅក្នុង​ការត្រួតត្រា​សភាពការណ៍​»​។

លោក​បន្តថា​៖ «​យើង​អាច​នឹង​បញ្ចេញ​កងទ័ព​ដើម្បី​ត្រួតត្រា​ក្នុង​ក្របខ័ណ្ឌ​គ្រា​មាន​អាសន្ន ឬ​និយាយ​មួយបែប​ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់អាជ្ញាសឹក​របប​អាជ្ញាសឹក​»​។

ទោះជា​បែបនេះ​ក្ដី​លោក​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នឹងនរ​ចិត្ត​កុំ​មាន​ការព្រួយបារម្ភ​ពី​ការប្រើ​ច្បាប់អាជ្ញាសឹក​នេះ ព្រោះ​ពេលនេះ​រាជរដ្ឋាភិបាល​មិនទាន់​មាន​ការហាម​ជួបជុំ​លើសពី​ ៥ ​នាក់​ទេ មាន​តែ​ការហាម​មិន​ឲ្យ​ជួបជុំ​មនុស្ស​ច្រើន​ប៉ុណ្ណោះ​។ លោក​សុំ​ឲ្យ​ពលរដ្ឋ​យោគយល់​អំពី​ភាព​ចាំបាច់​ក្នុងការ​គ្រប់គ្រង​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​នេះ​។

ក្រៅពី​បញ្ជាក់​ពី​ភាពប្រញាប់​ក្នុងការ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​គ្រា​មាន​អាសន្ន​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​១៩ សម្រាប់​ពេល​នេះ និង​វិធានការ​ត្រៀម​សម្រាប់​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ វិធានការ​ទាំងនេះ​រួមមាន​ការរក្សា​ស្បៀង គឺ​អង្ករ​ដែល​ចាំបាច់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​ដោយ​បិទ ការនាំចេញ​អង្ករ​ប្រភេទ​ខ្លះ​ចាប់ពី​ថ្ងៃ​ទី​ ៥ មេសា តទៅ​។

វិធានការ​ទប់ស្កាត់​ការឆ្លង​មួយទៀត​គឺ​លោក​បញ្ជា​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​កាស៊ីណូ​ទាំងអស់​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១ មេសា​នេះ​តទៅ​។ លោក​ថា​ការបិទ​នៅ​ថ្ងៃទី​ ១ មេសា គឺ​ដើម្បី​ទុកពេល​ឲ្យ​ថៅកែ​កាស៊ីណូ​មាន​ពេលវេលា​សម្រាប់​ដោះស្រាយ​ជាមួយ​នឹង​កម្មករ​។

លោក​ពន្យល់ថា​៖ «​ព្រោះ​បើ​បិទ​ភ្លាម ថៅកែ​កាស៊ីណូ​ទៅ​បាត់ អ៊ីចឹង​អ្នកណា​ទទួលខុសត្រូវ​ទៅលើ​បុគ្គលិក​កម្មករ​ដែល​ត្រូវ​ព្យួរការងារ​ក្នុង​កាលៈទេសៈ​នេះ​។ យើង​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ធ្វើ​ការងារ​នេះ​ជាមួយ​ម្ចាស់​កាស៊ីណូ​ទាំងអស់​។ អាច​ថា​គេ​យ៉ាងហោចណាស់​រួច​កាតព្វកិច្ច​បង់​ចំណូល​ក្នុង​រយៈពេល​បិទ ព្រោះ​បើ​អត់​មាន​ចំណូល​ពី​ណា​»​។

លោក​បន្តថា​៖ «​សុំ​ឲ្យ​ថៅកែ​កាស៊ីណូ​ទាំងអស់​ដោះស្រាយ​ជាមួយ​កម្មករ​របស់ខ្លួន​យ៉ាងណា​នោះ​នៅក្នុង​រយៈពេល​នៃ​ការផ្អាក​ធ្វើ​អាជីវកម្ម​នេះ​។ នេះ​គ្រាន់តែ​ជា​ការបិទ​បណ្ដោះអាសន្ន​ទេ​។ ពេលវេលា​ណាមួយ​ស្រាកស្រាន្ត យើង​នឹង​វិលត្រឡប់​មក​ធ្វើ​អាជីវកម្ម​»​។

លោក​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ រួមមាន រថយន្តក្រុង និង​កាណូត​នៅ​ភ្នំពេញ​។ លោក​ប្រាប់​ឲ្យ​អាជ្ញាធរ​ចេញ​ចាប់ និង​រឹបអូស​ថ្នាំ និង​ឧបករណ៍​ធ្វើតេស្ត​រកមើល​ជំងឺ​កូវីដ​១៩ និង​ត្រូវ​បំផ្លាញចោល​។ ចំណែក​ពលរដ្ឋ​ត្រូវ​បង្វែរ​ការភ័យខ្លាច​ទៅ​ជា​វិធានការ​ការពារ​ខ្លួន​។ លោក​ប្រាប់​ឲ្យ​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ជាង​ ៥ ​ម៉ឺន​នាក់ ​ឲ្យ​នៅ​ដាច់ដោយ​ឡែក​មួយកន្លែង ហើយ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ភូមិ​ដែលមាន​ពលរដ្ឋ​ត្រឡប់​មកពី​ក្រៅ​។

លោក​ក៏​ស្នើ​ឲ្យ​វិស័យ​ឯកជន​យោគយល់​គ្នា​ចំពោះ​ដៃគូ​វិនិយោគ​ក្នុង​នោះ​រួមមាន​ទាំង​ការជួល​ទីតាំង​អាជីវកម្ម​ជាដើម​។ ពេលនេះ​រដ្ឋ​មិន​លូកដៃ​ចូល​លើ​មុខ​ជំនួញ​របស់​ពួកគេ​ទេ ប៉ុន្តែ​នៅពេល​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​គ្រា​មាន​អាសន្ន​ចូល​ជា​ធរមាន រដ្ឋ​នឹង​កំណត់​តម្លៃ​មុខ​ទំនិញ​មួយចំនួន​ដូចជា​អង្ករ​ជាដើម​។ ក្នុង​អំឡុង​ពេលនេះ​លោក​ស្នើឲ្យ​ធនាគារ​ពន្យារពេល​ការសង​ប្រាក់ ព្រោះ​រដ្ឋ​បាន​ចាត់​វិធានការ​ខ្លះ​ហើយ​សម្រាប់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ព្រះមហាក្សត្រ និង​សប្បុរសជន​ដែល​បាន​ចូលរួម​វិភាគទាន​សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ដែល​មក​ដល់ពេល​នេះ​មាន​ទឹកប្រាក់​ជាង​ ១០ ​លាន​ដុល្លារ​។ ថវិកា​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​ម៉ាស់​ចំនួន​ ៣ ​លាន​ពី​ក្រៅប្រទេស និង​ខោអាវ​គ្រូពេទ្យ​ ៥ ​ពាន់​សម្រាប់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​វិជ្ជមាន​កូវីដ​ ១៩ ​សរុប​នៅ​កម្ពុជា​មាន​ចំនួន​ ១០៧ ​នាក់​។ ការឆ្លង​ថ្មី​មាន​ចំនួន​ ៤ ​ករណី​ដែល​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ ៣ ​នាក់ និង​ជនជាតិ​បារាំង​ ១ ​នាក់​។ ជនជាតិខ្មែរ​ទាំង​ ៣ ​នាក់​ មាន​ម្នាក់​ជា​បុគ្គលិក​កាស៊ីណូ​ និង​ខារ៉ាអូខេ​នៅ​ប៉ោយប៉ែត​ម្នាក់​ទៀត​ទើប​ត្រឡប់​ពី​ប្រទេស​ជប៉ុន និង​ម្នាក់ទៀត​ជា​និស្សិត​ត្រឡប់​ពី​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី​ ២៨ ខែមីនា​។ រីឯ​ជនជាតិ​បារាំង​បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២២ មីនា ដោយ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្គុយយ៉ាណា​ (Guyana)​។

ក្រៅពី​ការឆ្លង​ករណី​ថ្មី​ក៏​មាន​ការ​ជាសះស្បើយ​ចំនួន​ ២ ​នាក់​ទៀត ​ដែល​ធ្វើឲ្យ​មាន​អ្នក​ជា​សះស្បើយ​សរុប​ចំនួន ២៣ ​នាក់​។ អ្នក​ដែលជា​សះស្បើយ​គឺ​បុរស​នៅ​ខេត្តសៀមរាប​ដែល​ជា​បុគ្គលិក​សាលា​ភាសា ធ្វើការ​ជាមួយ​ជនជាតិ​ជប៉ុន​។ ចំណែក​ម្នាក់ទៀត​ជា​បុរស​អាយុ ៣៥ ​ឆ្នាំ ​នៅ​ខេត្ត​បន្ទាយមានជ័យ​។ អ្នក​ទាំង​ ២ ​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​កាលពី​ម្សិលមិញ​៕