ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធររាជធានីខេត្តចំនួន ៤ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវត្រួតពិនិត្យឲ្យបានតឹងរ៉ឹងចំពោះការលួចចល័តរបស់ប្រជាពលរដ្ឋតាមផ្លូវទឹក បន្ទាប់ពីមានការហាមប្រាមការធ្វើដំណើរតាមផ្លូវគោក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
សារជាសំឡេងរបស់លោក ហ៊ុន សែន ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តចំនួន ៤ មានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកំពង់ចាម ដែលត្រូវបានចែកចាយបន្តនៅយប់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បានបញ្ជាក់ថា៖ «ឯកឧត្តម ឃួង ស្រេង, គង់ សោភ័ណ្ឌ, អ៊ុន ចាន់ដា និង ជា សុមេធី ពិនិត្យមើលពួកនេះ (ជនល្មើសបម្រាម) បើសិនជាយើងមិនឲ្យធ្វើដំណើរតាមផ្លូវគោក គេខិតខំធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូកនេសាទ អ៊ីចឹងសុំចាត់ចែងពិនិត្យមើលបញ្ហាហ្នឹង»។
បន្ថែមពីនេះ លោកក៏បានបញ្ជាទៅកាន់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ផងដែរថា៖ «ឯកឧត្តម នេត សាវឿន, សៅ សុខា ត្រូវចូលរួមបញ្ហាហ្នឹង ព្រោះតាមផ្លូវគោកមិនបាន គឺគេលេងតាមផ្លូវទឹកតាមរយៈទូកនេសាទ អ៊ីចឹងទេសូមយកចិត្តទុកដាក់ចាត់ចែង ក្នុងនោះ គឺខេត្តកំពង់ចាម, ខេត្តកណ្ដាល, ភ្នំពេញ និងព្រៃវែង ៤ ខេត្ត ដែលសំខាន់ដែលពួកគេធ្វើដំណើរជ្រៀតចូលតាមភូមិសាស្ត្រដែលនាំទៅដល់ជំងឺឆ្លងរាលដាលសុំចាត់ចែងបញ្ហានេះឲ្យបាន»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា បន្ទាប់ពីទទួលបានបទបញ្ជាថ្មី សមត្ថកិច្ចបានដាក់កម្លាំងចម្រុះបន្ថែមទៀត នៅតាមតំបន់គោលដៅ ដើម្បីត្រួតពិនិត្យការចរាចរណ៍ នៅតាមផ្លូវទឹកទាំងអស់ ដោយមិនឲ្យមានការចេញចូលនោះទេ។
លោកបញ្ជាក់ថា៖ «ជាការពិតណាស់ បន្ទាប់ពីទទួលបានបទបញ្ជា យើងត្រូវតែមានវិធានការរដ្ឋបាលបន្ថែមទៀត ចំពោះបុគ្គលល្មើសទៅនឹងបម្រាមនេះ។ ប៉ុន្តែជាក់ស្តែងមកដល់ម៉ោងនេះ យើងមិនទាន់ឃើញមានអ្នកណាហ៊ានធ្វើដំណើរឆ្លងកាត់តាមជើងទឹកមកកាន់ទឹកដីខេត្តកំពង់ចាមនេះទេ។ ស្ថានភាពពេលនេះ គឺស្ងប់ស្ងាត់ ហើយកម្លាំងរបស់យើង ឈរជើងគ្រប់គោលដៅទាំងអស់ ដូច្នេះពលរដ្ឋមិនហ៊ានល្មើសបម្រាមនេះទេ»។
បើតាមលោក អ៊ុន ចាន់ដា ចំពោះការប្រកបរបរនេសាទរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ គឺនៅតែអាចប្រព្រឹត្តទៅជាធម្មតា ដោយគ្រាន់តែត្រូវគោរពគោលការណ៍មួយចំនួន ដោយក្នុងនោះ ទូកនេសាទមួយ តម្រូវឲ្យមានអ្នកនេសាទចំនួន ២ នាក់ប៉ុណ្ណោះ ហើយត្រូវមានលិខិតបញ្ជាក់អត្តសញ្ញាណចេញដោយអាជ្ញាធរដែនដី៕