
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក។ រូបថត SPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាឱ្យថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ត្រូវចុះធ្វើការតាមដាន ត្រួតពិនិត្យ និងណែនាំ ទៅដល់ទីតាំងលក់ដូរទាំងអស់ ទាំងផ្សារ និងអគារ ពាណិជ្ជកម្មនានា ឱ្យអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានារបស់ក្រសួងសុខាភិបាល បើមិនអនុវត្តទេ ត្រូវប្រើអំណាចរបស់រដ្ឋក្នុងការបិទអាជីវកម្មទាំងនោះបណ្តោះអាសន្នសិន។
លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងសារសំឡេងដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃអាទិត្យទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០ ក្នុងនោះលោកបានបញ្ជាក់ថា កន្លងមកនេះ ករណីដែលមានការឆ្លងក្នុងហាងមួយដែលមានមនុស្សឆ្លងច្រើន ហើយដែលលោកសម្គាល់ឃើញបញ្ហាសំខាន់គឺការបំពានទៅលើសុវត្ថិភាពគម្លាតបុគ្គល និងការខ្វះវិធានការអនាម័យ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសុំរំឭកទៅដល់អភិបាលខេត្ត-រាជធានីទាំងអស់ត្រូវចុះទៅតាមត្រួតពិនិត្យនូវទីតាំងលក់ដូរទាំងអស់ ទាំងផ្សារ ទាំងអគារលក់ដូរនានាហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវ ហើយប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សុំប្រើអំណាចរបស់រដ្ឋបាលខេត្ត-រាជធានីដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន»។
ប្រមុខរាជរដ្ឋាភិបាលបន្តថា លោកគ្មានជម្រើសល្អណាផ្សេងឱ្យល្អជាងជម្រើសធានាក្នុងគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកទិញ និងទាំងអ្នកលក់ ដែលលោកសង្កេតឃើញតាមហាងមួយចំនួនគឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីបានបង្ហើបផងដែរថា លោកបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិតដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយលោកក៏បានព្រាងនូវអនុក្រឹត្យ ព្រាងនូវលិខិតសម្រាប់ជូនដល់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា រួចជាស្រេចហើយដែរ។
លោកបានថ្លែងថា ៖ «ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនោះទេ ព្រោះវានឹងធ្វើឱ្យសេដ្ឋកិច្ចគាំងទាំងស្រុងតែម្តង ប្រសិនបើបិទប្រទេសឬបិទផ្នែកណាមួយរបស់ប្រទេសដូចជារាជធានីភ្នំពេញឬខេត្តណាមួយនោះ វានឹងធ្វើឱ្យគាំងសេដ្ឋកិច្ច ជាពិសេសការរកស៊ីរបស់ប្រជាពលរដ្ឋយើងប៉ុន្តែអ្វីដែលជាការជំនួសបានយើងអាច យើងខិតខំជំនួសតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង»។
យោងតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០ ៧៧២ សំណាក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ ១៩ ថ្មី សរុបចំនួន ៣០ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងក៏បានឱ្យអ្នកដែលមានការប៉ះពាល់នឹងព្រឹត្តិការណ៍នេះទាំងអស់ ត្រូវទៅធ្វើតេស្តជាលើកទី២នៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ដែលក្រសួងនឹងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិ
អូឡាំពិក រាជធានីភ្នំពេញ និងនៅតាមមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕