ភ្នំពេញ៖ លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ត្រៀម​បម្រុង​ថវិកា​ ដើម្បី​ទិញ​វ៉ាក់​សាំងប្រឆាំង​វីរុស​កូរ៉ូណា ​រហូត​ដល់​ជាង​ ១ លាន​ដូស ដើម្បី​យក​មក​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរដោយ​ឥត​គិត​ថ្លៃ ក្នុង​ដំណាក់​កាល​ដំបូង​ ​សម្រាប់​​​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់។

ការ​ប្រកាស​ត្រៀម​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ ​១៩ ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រកាស​នៅ​លើបណ្តាញ​សង្គម​របស់​លោក​នៅ​យប់ថ្ងៃទី​ ០៧ ខែ ​ធ្នូ ឆ្នាំ​ ២០២០​ នេះ​។

លោក​ ហ៊ុន សែន បាន​លើក​ឡើង​ថា៖ «កន្លង​មក​ជាមួយ​នឹង​ការ​តាម​ដាន ​នូវ​ដំណើរ​ការ​ផលិត​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​ ១៩ របស់​ប្រទេស​នានា ខ្ញុំបាន​ណែនាំ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និង​រដ្ឋ​មន្ត្រីក្រ​សួង​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ឱ្យ​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់​សាំង​នេះ​ យក​មក​ចាក់​ជូន​ប្រជា​ជន​យើង​ដោយ​ឥតគិត​ថ្លៃជា​ជំហាន​ដំបូង​ផង​ដែរ​»។

លោក​បាន​បន្ត​ទៀត​ថា ពេល​នេះ​ប្រទេស​មួយ​ចំនួន ​ផលិត​បាន​និង​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ​និង​កំពុង​បញ្ចេញ​លក់​ឱ្យ​ប្រទេស​នានា​ផង​ដែរ​។

លោក​​បានបញ្ជាក់​ថា៖ «ល្ងាច​នេះ (៧ ​ធ្នូ ២០២០)​ ខ្ញុំ​បាន​ណែនាំ​ឱ្យរ​ដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ពិសេស​អង្គការ​សុខ​ភាព​ពិភព​លោក ដើម្បី​កំណត់​ថា តើយើង​គួរ​ទិញ​វ៉ាក់​សាំង​ពី​ប្រទេស​ណា​? ខ្ញុំ​ក៏​បាន​ណែនាំ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ហិរញ្ញវត្ថុ​ ត្រៀម​ថវិកា​សម្រាប់​ការ​ទិញ​ ១​ លាន​ដូស (មួយ​លាន​ដូស) ក្នុង​ដំណាក់​កាល​ដំបូង​ ដើ​ម្បីចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែល​មាន​ហានិ​ភ័យ»​។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ មួយលាន​ដូស​ចាក់​បាន​ត្រឹម​តែ​មនុស្ស ៥០​ ម៉ឺន​នាក់​ប៉ុណ្ណោះ (ព្រោះ​ម្នាក់​ត្រូវ​ការ​ចាក់​ ២​ ដង) ​ក្នុង​ពេល​ដែល​កម្ពុជា​មាន​ប្រជាជន ​១៦​ លាន​នាក់ ទាំង​ចាស់​ទាំង​ក្មេង ដែល​ក្នុង​នោះ ​អាច​មាន​មនុស្ស​ប្រមាណ​ ១០​ លាន​នាក់​ ត្រូវ​ការ​ចាក់​វ៉ាក់​សាំង​។

លោក​ ហ៊ុន សែន​ បាន​បន្ថែម​ថា៖ «ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​យើង​ នៅ​ក្រខ្វះ​ថវិកាស​ម្រាប់​ទិញ​បន្ថែម ខ្ញុំ​បាន​ណែ​នាំ​រដ្ឋ​មន្ត្រី​ទាំង​២​រូប​ ឱ្យ​ពិភាក្សា​ជា​មួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ​ទាំងព​ហុភា​គី ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​មក​ជួយ​ដល់​ប្រជាជន​យើង​»។

យ៉ាង​ណា​ក៏​ដោយ​លោក​នាយ​ក​រដ្ឋ​មន្រ្តី​សង្ឃឹម​ថា​ ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​ នឹង​ផ្តល់​ជំនួយ​ដល់​ប្រជា​ជន​ខ្មែរ​ ឬ​យ៉ាង​ហោច​វ៉ាក់​សាំង​ប្រឆាំង​កូវីដ ១៩ ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃថោក​សម​រម្យ​មក​ដល់​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន​ ក៏បាន​បង្ហើម​ផង​ដែរ​ថា លោក​បាន​ណែនាំ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ត្រៀម​ថវិកា​សម្រាប់​ទិញពី​​ ២ ​ទៅ ​៣ លាន​ដូស​ថែម​ទៀតផង​ដែរ​ សម្រាប់​ដំណាក់​កាល​បន្ទាប់​៕

វីដេអូ៖