ភ្នំពេញ៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្ញើ​អបអរសាទរ​ខួប​លើក​ទី ១៥៨ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ​ឆ្នាំ ២០២១។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ​ថា ថ្ងៃនេះ គឺជា​ខួប​លើក​ទី ១៥៨ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោម​ប្រធានបទ " ទាំងអស់​គ្នា​រួមជាមួយ​កាកបាទ​ក្រហម​កម្ពុជា ប្រយុទ្ធ​នឹង​កូវីដ១៩ និង​កសាង​ភាពធន់​របស់​សង្គមជាតិ"។

លោក នាយករដ្ឋមន្ត្រី​បន្តថា ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក៏ប៉ុន្តែ​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ឆ្នាំ ២០២០ និង ២០២១ នេះ មិន​បាន​ប្រារព្ធ​ពិធី​នោះទេ ដោយសារ​តែ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩។

តែ​ទោះជា​យ៉ាងណា​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ថា​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម នៅតែ​បន្ត​គោលដៅ​រួមចំណែក​យ៉ាងសកម្ម លើក​ទឹកចិត្ត​ខ្ពស់​ដល់​កិច្ចប្រតិបត្តិការ​នានា នៅក្នុង​បុព្វហេតុ មនុស្សធម៌ ជាពិសេស​ ការជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាជន ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ចាស់​ឥត​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​កំពុង​ត្រូវការ​នូវ​ជំនួយ​សង្គ្រោះបន្ទាន់ ជាពិសេស​គឺ​យើង​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

លោកស្រី ចាន់ សួយ អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកស្រីស្នំ និងសហការី បាននាំយកអំណោយជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១ ។ រូបភាព ​កាកបាទ​ក្រហម​កម្ពុជា

ដោយឡែក លោកស្រី​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ថ្លែង​តាមរយៈ​សារ​អប់អរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ នេះ ក្រោម​ប្រធានបទ “ទាំងអស់​គ្នា​រួមជាមួយ​កាកបាទ​ក្រហម​កម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​កសាង​ភាពធន់​របស់​សង្គមជាតិ” ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ជាក់ស្តែង​នៃ​ការរាតត្បាត​ជា​សកល​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​ផង និង​ឆ្លើយតប​ទៅនឹង​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា​ផង។

លោកស្រី​ ប៊ុន រ៉ានី ​ហ៊ុន សែន ​បន្តថា​ប្រធានបទ​ខាងលើ​នេះ គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ការបំផុស​កម្លាំង​ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូវីដ១៩ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន វិធានការ​សុខាភិបាល វិធាន​រដ្ឋបាល​នានា និង​ជាពិសេស​ពង្រឹង​យុទ្ធនាការ ៣ការពារ ៣កុំ ២ចូលរួម និង​បន្ត រួម​កម្លាំង​គ្នា​ជា​ចរន្ត​ជាតិ​មួយ​ក្នុង​ការជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ប្រក្រតីភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម គន្លង​ថ្មី និង​កសាង​ភាពធន់​របស់​សង្គមជាតិ៕