ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តល់​ថវិកា​ប្រមាណ ៥៧ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ​ទៅ​ដល់​បណ្តា​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​លើកលែង​តែ​រាជធានី​ភ្នំពេញ​សម្រាប់​ប្រើប្រាស់​លើ​ការ​ធ្វើ​ចត្តាឡីស័ក​ក្នុង​រយៈពេល ១ សប្ដាហ៍​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

យោង​តាម​លិខិត​មួយ​ច្បាប់​ចេញ​ដោយ​ក្រសួង​សុខាភិបាល​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ថវិកា​ផ្តល់​ជូន​សរុប​ទៅ​ដល់​បណ្តា​ខេត្ត​ទាំង ២៤ គឺ​មាន​ចំនួន ៣២ ៦៦៥ ០០០ ០០០ រៀល ឬ​ស្មើ​ជាង ៨ លាន​ដុល្លារ ក្នុង​នោះ​ថវិកា​ដែល​នៅ​សល់​មាន​ចំនួន ២៤៤ ៥៣២ ០០០ រៀល ​ឬ​ស្មើ​នឹង​ជាង ៦ ម៉ឺន​ដុល្លារ។ រីឯ​ថវិកា​ស្នើសុំ​បន្ថែម​មាន​ប្រមាណ ២ ២៨០ ០០០ ០០០រៀល ឬ​ស្មើ ៥៧ ម៉ឺន​ដុល្លារ។

លិខិត​នេះ​បាន​បញ្ជាក់​ថា៖ «ថវិកា​ទាំង​នេះ​សម្រាប់​ឲ្យ​បណ្តា​ខេត្ត​ទាំង​នោះ​ប្រើប្រាស់ និង​ត្រៀម​ចាប់​ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៥ ខែ​ ឧសភា ឆ្នាំ ២០២១ ខាង​មុខ​នេះ»។

លិខិត​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ថវិកា​ទាំង​នេះ បណ្តា​ខេត្ត​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ប្រជាពល​រដ្ឋ​សរុប​ទូទាំង ២៤ ខេត្ត ដែល​មាន​ជាង ៥ ម៉ឺន​នាក់ ដោយ​ក្នុង​នោះ ខេត្ត​ដែល​ត្រូវ​ចំណាយ​លើ​អ្នក​ធ្វើ​ចត្តាឡីស័ក​ច្រើន​ជាង​គេ គឺ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​ឧត្តរមានជ័យ។

ចំណែក​ខេត្ត​ដែល​មាន​ចំនួន​អ្នក​ធ្វើ​ចត្តាឡីស័ក​ច្រើន​ជាង​គេ គឺ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ជាង ៣៧ ០០០ នាក់ ខណៈ​ខេត្ត​កំពត និង​ខេត្ត​មណ្ឌលគិរី មិន​មាន​ចំនួន​អ្នក​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ។​ នេះ​បើ​តាម​លិខិត​ស្នើ​ថវិកា​របស់​ក្រសួងសុខាភិបាល​នេះ។

លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត ដែល​ជា​ខេត្ត​មួយ​គ្មាន​អ្នក​ធ្វើ​ចត្តាឡីស័ក​ក្នុង​មណ្ឌល​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា មណ្ឌល​ចត្តាឡីស័ក​ទាំង​អស់​របស់​ខេត្ត គឺ​មិនមាន​អ្នក​សម្រាក​នោះ​ទេ​ ព្រោះ​ភាគ​ច្រើន​ជា​អ្នក​ចំណូល​ថ្មី ដែល​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ ខណៈ​អ្នក​ដែល​រក​ឃើញ​ថា មាន​វិជ្ជមាន គឺ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក​បាន​បន្ត​ថា ដោយសារ​តែ​គ្មាន​ចំនួន​អ្នក​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​រដ្ឋ ដូច្នេះ​រដ្ឋបាល​ខេត្ត​មិន​បាន​ស្នើ​កញ្ចប់​ថវិកា​បន្ថែម​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ក្នុង​សប្តាហ៍​ថ្មី​នេះ​ទេ ព្រោះ​ថវិកា​ដែល​បាន​ផ្តល់​ជូន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​នាពេល​កន្លង​ទៅ គឺ​នៅ​សល់​សម្រាប់​ត្រៀម​ប្រើប្រាស់​ក្នុង​ពេល​ខាង​មុខ។

លោក​បាន​បញ្ជាក់​ថា៖ «គិត​ត្រឹម​ថ្ងៃទី ៩ ឧសភា ខេត្ត​កំពត​មក​ទល់​ពេល​នេះ ​គឺ​មិនមាន​អ្នក​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​មណ្ឌល​របស់​រដ្ឋ​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មិន​ចាំបាច់​ចំណាយ​ថវិកា​ដែល​តម្រូវ​ដល់​ការ​ហូប​ចុក​ដល់​ពួក​គាត់។​ យើង​ឲ្យ​ពួក​គាត់​គោរព​តាម​គោលការណ៍ ៣ កុំ ៣ ការពារ»។

លោក វ៉ិត វឌ្ឍនា បាន​ឲ្យ​ដឹង​ថា សរុប​ជារួម​មក​អ្នក​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​​នៅ​មណ្ឌល​ចត្តាឡីស័ក​របស់​រដ្ឋ​បាល​ខេត្ត​កំពត គឺ​ចំនួន ៦៣៨ នាក់ ដែល​ពួក​គេ​បាន​ចេញ​ពី​មណ្ឌល​អស់​ហើយ។ ចំណែក​អ្នក​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​សរុប គឺ​មាន ៣ ៤៤០ នាក់ ខណៈ​អ្នក​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ គឺ​មាន​ចំនួន ២០ នាក់៕