ភ្នំពេញៈ នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បានផ្តល់​ថវិកា​និង​សម្ភារ​​បន្ថែមទៅដល់​បណ្តា​ខេត្ត​ចំនួន ៤ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា-ថៃ ក្នុងការ​រៀបចំ​ និង​ផ្គត់ផ្គង់​ទៅដល់​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​នានា​ន​ក្នុង​ខេត្ត​ទាំងនោះ។ ថវិកា​ និង​សម្ភារទាំងនេះ គឺ​សម្រាប់​ត្រៀម​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ​។

យោងតាម​លិខិត​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ២ កុម្ភៈ នេះបានឱ្យដឹងថាថវិកា​សរុប​ចំនួន ២ ៤៧៥ លាន​រៀល សម្ភារប្រើប្រាស់ (កន្ទេល​ជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សា​រ៉ុង និង​ក្រមា) ចំនួន ៨៥០ កញ្ចប់ ទឹកបរិសុទ្ធ​ចំនួន ១១ ៥០០ កេស និង​មី​កញ្ចប់​ចំនួន ៥ ៥០០ កេស​ត្រូវបាន​ផ្តល់ជូន​ខេត្ត​ចំនួន ៤ គឺ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន ខណៈដែល​ខេត្ត​ចំនួន ៣ ផ្សេងទៀត​មិនមាន​ការខ្វះខាត​ថវិកា​ និង​សម្ភារទាំងនេះ​ទេ។

ការ​ជួយបន្ថែម​នេះ គឹខេត្តបាត់ដំបង​ទទួលបាន​ថវិកា​បន្ថែមចំនួន ៣៧៥ លាន​រៀល សម្ភារ ១ ៥០០ កញ្ចប់ ទឹក​សុទ្ធ​ចំនួន ២ ០០០ កេស និង​មី​កញ្ចប់​ចំនួន ១ ៥០០ កេស។ ខេត្តបន្ទាយមានជ័យ​ទទួលបាន​ថវិកាន្ថែមចំនួន ១ ១៧០ លាន​រៀល សម្ភារចំនួន ៤ ០០០ កញ្ចប់ ទឹក​សុទ្ធ​ចំនួន ៣ ០០០ កេស និង​មី​កញ្ចប់​ចំនួន ១ ០០០ កេស។ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួល​ថវិកា​បន្ថែមចំនួន ៧៨០ លាន​រៀល សម្ភារ​ចំនួន ៣ ០០០ កញ្ចប់ ទឹក​សុទ្ធ​ចំនួន ៦ ០០០ កេស និង​មី​កញ្ចប់​ចំនួន ៣ ០០០ កេស។ រីឯ​ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា​ច​បន្ថែមចំនួន ១៥០ លាន​រៀល និង​ទឹក​សុទ្ធ​ចំនួន ៥០០ កេស។

ចំណែក​ខេត្ត​ចំនួន ៣ ផ្សេងទៀត ដូចជា​ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តព្រះវិហារ មិនមាន​ការផ្តល់ជូន​នូវ​ថវិកា និង​សម្ភារប្រើប្រាស់​ទេ ដោយសារ​ខេត្ត​ទាំងនោះ​នៅសល់​ថវិកា សម្ភារ ទឹកបរិសុទ្ធ និង​មី​សម្រាប់​ផ្គត់ផ្គង់​ទៅដល់​ពលករ​ខ្មែរ​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។

ដោយឡែកថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាលបានចេញ​នូវ​សេចក្តីណែនាំ និង​បាន​អំពាវនាវ​និង​ក្រើនរំឭក​ដល់​ពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្តការការពារ​ការចម្លង​វីរុស​កូ​វីដ ១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីសែនព្រេន​នាពេល​ខាងមុខនេះ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ ម៉ម ប៊ុនហេង នៅ​ថ្ងៃទី ១ ខែកុម្ភៈ បានណែនាំ​ដល់​អាជ្ញាធរ​រាជធានី-ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ/សង្កាត់/ខណ្ឌ ជាពិសេស​ខេត្ត​ជាប់​ព្រំប្រទល់ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ចរាចរណ៍​ពល​ករ​ឬ​អ្នកដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​ឱ្យបាន​ហ្មត់ចត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិ​បា ដើម្បី​ទប់ស្កាត់​ឱ្យបាន​នូវ​ការចម្លង​វីរុស​កូ​វីដ ១៩ ចូលមក​កម្ពុជា។

លោក​ ម៉ម ប៊ុនហេង​ បានបញ្ជាក់ថា៖ «ក្រសួង​សូម​លើកទឹកចិត្ត​និង​ធ្វើការ​ណែនាំ​ឱ្យ​អនុវត្តន៍​ឱ្យបានគ្រប់ៗគ្នា​នូវ​វិធានការសំខាន់ៗ ដូចជា ត្រូវ​ពាក់​ម៉ាស់ រក្សា​អនាម័យ​ដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣ ការពារ និង ៣ កុំ​ជាប្រចាំ»។

លោក​បាន​បន្តថា ការ​ដើរលេង​កម្សាន្ត​ត្រូវ​ជ្រើសរើស​ដំណើរ​កម្សាន្ត​ដាច់ដោយឡែកជា​លក្ខណៈ​គ្រួសារ​ដែល​មិនមាន​ការជួបជុំ​គ្នាច្រើន ចៀសវាង​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ដែលមាន​ផ្ទុក​មនុស្ស​ច្រើន។ ចំពោះ​ការជ្រើសរើស​ទីកន្លែង​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាពត្រូវ​ជ្រើសរើស​ផ្ទះសំណាក់ ​ឬ​សណ្ឋាគារ​ដែល​អនុវត្ត​វិធានការ​ការពារ និង​អនាម័យ​ល្អ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

កាលពី​ថ្ងៃទី ១ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមនថា​លោក​មិនមាន​គម្រោង​លុប​នូវ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដូច​ឆ្នាំមុន​ទេ។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា ៖«ឆ្នាំនេះ ច្បាស់​ណាស់​ថា ​ខ្ញុំគ្មាន​គម្រោង​នឹង​លុបចោល​នូវ​បុណ្យចូលឆ្នាំដូច​កាលពី​ឆ្នាំ​ទៅក្នុង​សភាពការណ៍​មិន​ច្បាស់លាស់។ ឆ្នាំនេះ គ្មាន​គម្រោង​ទេ»។

លោកនាយក​រដ្ឋមន្ត្រីក៏បាន​ប្រាប់​ពលរដ្ឋ​ទាំងអស់​ឱ្យ​មានការ​ស្ងប់ចិត្ត​ចំពោះ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ ១៩ ប៉ុន្តែ​លោក​នៅតែ​បន្ត​ឱ្យ​ជនរួមជាតិ​ទាំងអស់​បន្ត​ការពារ​ខ្លួន​ដដែល។

គិត​ត្រឹម​ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នកមាន​វីរុស​កូ​វីដ ១៩ ចំនួន ៤៦៦ នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៤៤ នាក់ និង​អ្នកជំងឺកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២២ នាក់៕