ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកពីមូលហេតុ ៣ ចំណុចដែលជាកត្តាជំរុញឲ្យលោកសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅចិនក្នុងនាមជាថ្នាក់ដឹកនាំដំបូងបង្អស់ស្របពេលដែលប្រទេសជាច្រើន ខ្លាចរអាពីការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីនៅប្រទេស ចិន និងបានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសនេះ។
កាលពីល្ងាចថ្ងៃទី ៥ កុម្ភៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុងប៉េកាំង ដើម្បីសម្ដែងការគួរសមជាមួយភាគីចិន ដោយបានជួបពិភាក្សាជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងលោក លី កេឈាង នាយករដ្ឋមន្ត្រីចិនដើម្បីស្វែងយល់ពីការយកចិត្តទុកដាក់លើពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយជាមួយពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» និងប្រកាសគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។
ជាមួយគ្នានោះលោកក៏បានបង្ហាញពីគោលបំណង ៣ ចំណុចដែលជាមូលហេតុនាំឲ្យរូបលោកត្រូវទៅប្រទេស ចិន បើទោះស្ថិតក្នុងស្ថានភាពណាក៏ដោយក្នុងនោះមានដូចជា៖ «ទី១ បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិនក៏ដូចជា ប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ។ ទី២ ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅប្រទេសចិនឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន»។
លោកបន្តថា៖ «ទី៣ បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេគឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។ មានប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។
ក្រៅពីមូលហេតុទាំង ៣ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងដែរថា នៅមុននេះលោកបានចាប់ដៃលោក លី កេឈាង បើទោះបីជាលោក កេឈាង ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ ហើយលោកក៏មិនពាក់ម៉ាស់នោះដែរ ទោះបីមិត្តចិនបានត្រៀមម៉ាស់សម្រាប់លោកដោយអះអាងថា បើលោកពាក់ម៉ាស់នោះលោកមិនបាច់មកទស្សនកិច្ចនៅប្រទេសចិននោះទេ។
តាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដកស្រង់សម្ដីលោក ស៊ី ជីនភីង ប្រធានាធិបតីចិនថា ប្រជាពលរដ្ឋចិនក៏ដូចជារដ្ឋាភិបាលចិនកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» នេះហើយចំពោះពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។
លោក ស៊ី ជីនភីង បានបន្តថា៖ «សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជាបានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន (ចិន) ពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។
ចាប់ពីឆ្នាំកន្លងទៅនេះទំនាក់ទំនងកម្ពុជា និងចិនចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំង ២ នៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ»។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបានលើកឡើងថា ការទៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី វាអាចជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការពង្រឹងមិត្តភាពជាមួយចិនតាមប្រពៃណីនៃការដឹងគុណដែលស្គាល់សុខទុក្ខគ្នានៅគ្រាមានទុក្ខលំបាកដែលនេះគឺជាទិដ្ឋភាពធម្មតានៅក្នុងទំនាក់ទំនងការទូត។
ប៉ុន្តែលោកថា សម្រាប់ការធ្វើដំណើរនៅក្នុងពេលនេះគឺហាក់បីដូចជាផ្ទុយពីលក្ខណៈបច្ចេកទេសនៃវិធានការការពារជំងឺឆ្លងដែលប្រទេសដទៃទៀតគេមាននៅក្នុងពិភពលោក បើទោះជាមេដឹកនាំកម្ពុជាត្រូវបានជាប់ឈ្មោះជាមេដឹកនាំដំបូងបង្អស់ទៅប្រទេសចិនក្នុងអំឡុងពេលផ្ទុះនៃជំងឺនេះក៏ដោយ។
លោកបានបន្តថា ការទៅបំពេញទស្សនកិច្ចពេលនេះក៏មិនបានបញ្ឈប់ការរិះគន់រដ្ឋាភិបាលចំពោះការមិនមានជំហរនាំពលរដ្ឋ និងនិស្សិតខ្មែរត្រឡប់មកប្រទេសវិញដែរ។
លោកបញ្ជាក់ថា៖ «ទស្សនកិច្ចដ៏ខ្លីមួយនេះវាហាក់ដូចជាភាគីទាំងសងខាងមិនបានត្រៀមអ្វីឲ្យបានធំដុំនោះទេដែលមើលទៅសម្តេចនាយកបានសម្រេចថា ទៅប៉េកាំងមិនដល់ ២៤ ម៉ោងផង មុនឡើងយន្តហោះ។ ប្រសិនបើនិយាយពីកិច្ចប្រជុំទ្វេភាគីរវាងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗគឺត្រូវការការរៀបចំយូរអំពីរបៀបវារៈដែលអាចឈានទៅសម្រេចលើកិច្ចព្រមព្រៀងអ្វីផ្សេងៗ»៕