កំពតៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតតំបន់បូកគោនៃខេត្តកំពតជាក្រុងបូកគោថ្មីដោយត្រូវកាត់យកឃុំចំនួន ៣ ចេញពីស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
យោងតាម អនុក្រឹត្យ លេខ ៣៨.អនក្រ.បក ចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ ត្រង់មាត្រា ៣ ដែលទាក់ទងនឹងការបង្កើតក្រុងនេះបានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ចំណែកមាត្រា ៤ បានចែងថា ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូត្រូវអនុលោមតាមមាត្រា ១៨ ថ្មីនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា ៣ ថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
លោក វិត វឌ្ឍនា អ្នកនាំពាក្យរដ្ឋបាលខេត្តកំពតបានស្វាគមន៍ និងគាំទ្រចំពោះការសម្រេចបង្កើតក្រុងបូកគោពីប្រមុខនៃរាជរដ្ឋាភិបាល ព្រោះវាគឺជាការល្អមួយសម្រាប់ខេត្តកំពត និងបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងភូមិសាស្ត្រ និងជំរុញល្បឿននៃការអភិវឌ្ឍ។
លោក វិត វឌ្ឍនា បានបញ្ជាក់ថា៖ «គោលដៅដែលថ្នាក់ដឹកនាំបង្កើតក្រុងនេះក្នុងគោលដៅអភិវឌ្ឍន៍ ព្រោះតំបន់នេះមានការវិនិយោគច្រើន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងតំបន់នេះរីកចម្រើនលឿនទៅមុខ»។
លោក វិត វឌ្ឍនា បានបន្តថា រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលក៏បានត្រៀមបម្រុងរួចហើយនូវកញ្ចប់ថវិកាសម្រាប់យកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រុង និងសាលាក្រុងនៅក្នុងក្រុងថ្មីមួយនេះ។ ទោះបីជាយ៉ាងណាលោកមិនបានបញ្ជាក់ពីទំហំកញ្ចប់ថវិកានោះថាមានប៉ុន្មានសម្រាប់អភិវឌ្ឍនោះទេ។
បើតាមលោក វិត វឌ្ឍនា នៅក្នុងមូលដ្ឋានខេត្តកំពតកាលពីមុននេះមាន ៨ ក្រុងស្រុក (ក្រុង ១ និងស្រុក ៧) ប៉ុន្តែបច្ចុប្បន្ន ខេត្តមានក្រុងចំនួន ២ និងស្រុកចំនួន ៦៕
វីដេអូ៖