ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​កោតសរសើរ​ដល់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​មួយ​ចំនួនធំ​ដែល​បាន​ខិតខំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​​ និង​ពួក​ឱកាសនិយម​ក្នុង​បំណង​បំពុល​​បរិយាកាស​សង្គម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ពេលដែល​ក្លិប​អ្នក​កាសែត​ស្នើ​ឲ្យ​សមត្ថកិច្ច​សហការ​ ដើម្បី​​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​។

ការលើកឡើង​របស់​លោក​ ហ៊ុន សែន ដូចនេះ​បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​ ១ ​ច្បាប់​កាលពី​ថ្ងៃទី​ ៥ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​ចូលរួម​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​ ១៦ ១ ​ថ្ងៃ​ មុនពេល​មាន​ការរៀចំ​ពិធី​។

កាលពី​ថ្ងៃទី​ ៦ ធ្នូ ក្លិប​អ្នកកាសែត​កម្ពុជា​បាន​រៀបចំ​វេទិកា​និពន្ធនាយក​លើក​ទី​ ១៦ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្ពុជា​ក្នុង​យុគសម័យ​ ៤.០»​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ រាជធានី​ភ្នំពេញ​ដោយ​​មាន​ការចូលរួម​ពី​និពន្ធ​នាយក បណ្ណាធិការ ចាងហ្វាង តំណាង​សារព័ត៌មាន​ជាច្រើនរូប​។

នៅក្នុង​លិខិត​អបអរសាទរ​នោះ​លោក ហ៊ុន សែន បាន​លើកឡើង​ថា បញ្ហា​ប្រឈម​នឹង​ព័ត៌មាន​ក្លែងក្លាយ​​ដែល​សកលលោក​កំពុង​បារម្ភ​នោះ ស្ថាប័ន​សារព័ត៌មាន​ត្រូវខិតខំ​ប្រឹង​អភិវឌ្ឍ​ចំណេះដឹង​ថែមទៀត​ទាំង​សមត្ថភាព​យល់ដឹង​នៃ​ការប្រើប្រាស់​បច្ចេកទេស​ឌីជីថល សម្រាប់​ផលិត​ព័ត៌មាន ទាំង​ការរក្សា​ទិន្នន័យ និង​បញ្ជូន​ព័ត៌មាន និង​ការចែករំលែក​ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស​ទាន់​ហេតុការណ៍​ប្រកបដោយ​ការទទួល​ខុសត្រូវ ព្រមទាំង​រិះរក​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​បេសកកម្ម​របស់​បងប្អូន​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន ពិតជា​មាន​សារៈសំខាន់​ក្នុង​ការរួមចំណែក​យ៉ាង​សកម្ម​ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកបដោយ​ចីរភាព និង​ការពារ​ការរស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​​ព្រមទាំង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​​ក្នុងប្រទេស​កម្ពុជា​»​។

ទន្ទឹម​នឹង​នេះ​លោក ហ៊ុន សែន បាន​កោតសរសើរ​ដល់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​មួយ​​ចំនួន​ធំ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បកស្រាយ​ពន្យល់​ឆ្លើយតប​នឹង​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​របស់​​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ និង​ពួក​ឱកាស​និយម​ដែល​មាន​បរទេស​នៅ​ពីក្រោយ​​ខ្នង តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុង​​បំណង​បំពុល​បរិយាកាស​សង្គម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​នូវ​រាល់​ឧបាយកល​ដ៏ពិសពុល​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​ និង​អូសទាញ​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់ចូល​ទៅក្នុង​ភ្លើងសង្គ្រាម​សាជាថ្មី ។

លោក​បាន​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​ថាមពល​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​​ដែល​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​របស់​យើង​ស្តាប់​គ្រប់​សំឡេង​ភាគី​ពាក់ព័ន្ធ​​ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួល​យក​ការពិត​»​។

ទន្ទឹមនឹង​នេះ​នៅក្នុង​វេទិកា​និពន្ធ​នាយក​លើក​នេះ ក្លិប​អ្នកកាសែត​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កុំ​បង្ក​ឧបសគ្គ​ដល់​អ្នក​សារព័ត៌មាន ប៉ុន្តែ​ក៏បាន​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​សិក្សា​ស្វែងយល់​ពី​ច្បាប់ ការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​​ដើម្បី​ប្រសិទ្ធភាព​ការងារ​អ្នក​សារព័ត៌មាន​ផង ដើម្បី​លើកកម្ពស់​គុណតម្លៃ​របស់​សារព័ត៌មាន​អាជីព​ផង និង​កាត់បន្ថយ​ព័ត៌មាន​បំពុលសង្គម​ផង​។

សេចក្តី​ថ្លែងការណ៍​នោះ​បញ្ជាក់ថា​៖ «​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​សូមកុំ​បង្ក​ឧបសគ្គ​ណាមួយ​ដល់​អ្នក​សារព័ត៌មាន ប៉ុន្តែ​សូម​សហការ​ឲ្យ​បានល្អ​ក្នុងការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ដើម្បី​ឲ្យ​ពួកគេ​យក​ទៅ​ផ្សព្វផ្សាយ ជូន​ដល់​ពលរដ្ឋ​ដោយ​ងាយស្រួល​ និង​ឲ្យ​ទូលំទូលាយ និង​អំពាវនាវ​ដល់​​តុលាការ​សូម​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដើម្បី​ដោះស្រាយ​រឿងក្តី​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន​»​។

លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន បន្ទាប់ពី​វេទិកា​នោះដែរ​ថា អ្នកសារព័ត៌មាន​ត្រូវ​លើកកម្ពស់​សមត្ថភាព​ខ្លួនឯង​ពាក់ព័ន្ធ​នឹង​កម្រិត​យល់ដឹង​ពី​បច្ចេកវិទ្យា​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន ហើយ​ត្រូវមាន​ចំណេះដឹង​ផ្នែក​​ភាសាបរទេស​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ជាមួយ​អ្នកសារព័ត៌មាន​បរទេស​ហើយ​ត្រូវគោរព​ក្រមសីលធម៌ និង​​ច្បាប់​របប​សារព័ត៌មាន​របស់​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នកព័ត៌មាន​ដែល​គេ​ហៅថា ស៊ី​អារម្មណ៍​នោះ​​គឺជា​ព័ត៌មាន​ពិតមែន ប៉ុន្តែ​រឿង​ពិត​វា​ទៅ​អ៊ីចុះ​ទេ តែ​គេ​បង្វែរ​ទៅ​រឿង​ផ្សេង​មួយទៀត​ដែល​នេះ​គេ​ហៅថា​ព័ត៌មាន​ស៊ី​អារម្មណ៍ ដូច្នេះ​យើង​ត្រូវ​ឆ្លើយ​​ដោយមាន​ទឡ្ហីករណ៍​ត្រឹមត្រូវ អត់​វែង អត់​ស្មុគស្មាញ ដោយ​មាន​មូលហេតុ​ច្បាស់លាស់​»​។

លោក​ ម៉ៃ ទិត្យថារ៉ា ​ស្ថាបនិក​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បង្ហាញ​ក្ដីបារម្ភ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ ដោយសារ​ពលរដ្ឋ​នៅ​កម្ពុជា​​មួយ​ចំនួន​ដែល​ប្រើប្រាស់​ហ្វេសប៊ុក​ពុំទាន់​ចេះ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ណា​ក្លែងក្លាយ​​ព័ត៌មាន​ណា​ព័ត៌មាន​ពិតប្រាកដ​។

លោក​ថា​៖ «​នៅពេល​ដែល​គាត់​​បង្ហោះ​ព័ត៌មាន​មិន​ពិត គាត់​នឹង​ប្រឈម​ផ្លូវច្បាប់ ហើយ​កន្លង​ទៅ​នេះ​មាន​ករណី​ពី​ ៣ ​ទៅ​ ៤ ​នាក់​ដែរ​ ត្រូវ​ជាប់ពន្ធនាគារ​ទាក់ទង​ទៅ​នឹង​ការបង្ហោះ​ព័ត៌មាន​​មួយ​ចំនួន​ដោយ​មិនបាន​ផ្ទៀងផ្ទាត់​»​។

លោក​បាន​បន្ថែមថា​៖ «​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុក​ខ្លាំង​ទៅ​លើ​អ្នកសារព័ត៌មាន​ដូចដែល​យើង​បានឃើញ​ក្នុង​លិខិត​របស់លោក បាន​លើក​​ទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ធ្វើការ​រាយការណ៍​ដោយ​អត់​ភ័យខ្លាច និង​ស្មោះត្រង់ និង​មិន​លម្អៀង​ទៅខាង​ណាមួយ ហើយ​រាជរដ្ឋាភិបាល​បាន​​បង្កើត​ឲ្យ​មាន​អង្គភាព​អ្នកនាំពាក្យ​​រាជរដ្ឋាភិបាល​»៕