
គ្រូពេទ្យបូមវ៉ាក់សាំងស៊ីណូហ្វាមចាក់ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រទេសមួយចំនួនមិនត្រូវប្រមូលទិញវ៉ាក់សាំងសម្រាប់ការពារវីរុសកូវីដ ១៩ លើសពីតម្រូវការនោះទេ ហើយលោកក៏បានស្នើសុំឱ្យប្រទេសមួយចំនួននោះ កុំប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយផងដែរ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅថ្ងៃចន្ទ ទី ២៦ ខែមេសានេះ។
សន្និបាតប្រចាំឆ្នាំលើកទី៧៧ សម្រាប់ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកល។ លោកថា មានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរងផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច។
លោក ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics)»។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖ «ក្នុងបរិការណ៍នេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់យើងទាំងអស់គ្នា»។
លោកបានគូសបញ្ជាក់ផងដែរពីសារៈសំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រកបដោយសមធម៌ និងតម្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកនាយករដ្ឋមន្ត្រីបានបន្តថា សេដ្ឋកិច្ចសកលឆ្នាំ ២០២១ នេះ ទោះបីត្រូវបានរំពឹងថា នឹងងើបឡើងវិញ ប៉ុន្តែនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យនៃការវិលត្រឡប់មកវិញនូវរលកថ្មីៗនៃជំងឺនេះ។ ជាពិសេសតាមរយៈការបំប្លែងខ្លួនលឿនលើសពីការរំពឹងទុកនៃវីរុសកូរ៉ូណា ដែលបន្តរំខានដល់ជីវភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានលើកឡើងពីភាពជឿជាក់របស់ប្រទេសកម្ពុជា ផងដែរថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្តារឡើងវិញក្រោយវិបត្តិនេះ គឺទាមទារឱ្យទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព រួមទាំងកិច្ចសហការ និងការគោរពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ផងដែរថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣ លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១,៣ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិនចំនួន ២ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជាជំនួយរបស់កូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនពលរដ្ឋបានជាង ១,២ លាននាក់ហើយ៕