ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​បានផ្តល់​ថវិកា​ចំនួន​ ៣ ​ម៉ឺន​ដុល្លារ​អាមេរិក​ ជូន​ដល់​កាកបាទក្រហម​កម្ពុជា​ក្នុង​ឱកាស​ខួប​ទី​១៥៨ ​ទិវា​​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ឆ្នាំ​ ២០២១ ខណៈ​ដែល​សប្បុរសជន​ជាច្រើន​ទៀត​ក៏បាន​​ផ្ញើ​ថវិកា​ចូលរួម​សម្រាប់​សកម្មភាព​មនុស្សធម៌​នេះ​ផងដែរ​។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ​​ និង​សហការី​កាកបាទ​ក្រហម​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៤ មេសា​ថា ក្រៅពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដែល​ជា​ប្រធាន​កាកបាទក្រហម​​កម្ពុជា​ក៏​នៅមាន​សប្បុរសជន​មកពី​គ្រប់ទិស​ទី​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា​ផងដែរ​។

ទោះ​ជា​យ៉ាងណា លោកស្រី ពុំ ចន្ទីនី បញ្ជាក់​ថា រហូត​ថ្ងៃនេះ​ (​ទី​ ៤ ខែ​មេសា​) ​គឺ​មិនទាន់​បាន​បូកសរុប​លទ្ធផល​ពី​ចំនួន​ថវិកា​ដែល​សប្បុរសជន​បាន​ចូលរួម​វិភាគទាន​នៅឡើយ​ទេ ព្រោះ​កាកបាទ​ក្រហម​កម្ពុជា​ទើបតែ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ឱ្យ​សប្បុរសជន​ចូលរួម​វិភាគទាន​ថវិកា​កាលពី​អាទិត្យ​មុននេះ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ថវិកា​ដែល​សប្បុរស​ចូលរួម​វិភាគទាន មាន​ទាំង​តូច មាន​ទាំង​ធំ មាន​ទាំង​ការផ្ញើ​ក៏មាន​​ដែរ ព្រោះ​សប្បុរសជន​មិន​ហ៊ាន​មក​ផ្ទាល់​ទេ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​យើង​ក៏​មិន​ចង់​ប៉ះ​ផ្ទាល់​ជាមួយ​នឹង​សប្បុរសជន ប៉ុន្តែ​យើង​នៅ​ទទួល​ជួប​មួយៗ​​ដែរ​។ ​យើង​បាន​បើក Account នៅ​ធនាគារ ទាំង Account លុយ​ខ្មែរ និង Account លុយ​ដុល្លារ​សម្រាប់​ឱ្យ​សប្បុរសជន​ទម្លាក់​ចូល​»​។

បើតាម​លោកស្រី ពុំ ចន្ទីនី រំពឹងថា ចំណូល​ពី​សប្បុរជន​នៅក្នុង​ឆ្នាំនេះ​អាច​ថា​នឹង​ធ្លាក់ចុះ​ច្រើនជាង​ឆ្នាំមុន​ដោយសារ​សប្បុរសជន​មួយចំនួន​បាន​ចូល​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​រីករាលដាល​នៅក្នុង​ប្រទេស​។

ប៉ុន្តែ​ក៏​មាន​សប្បុរសជន​មួយចំនួន​នៅតែ​បង្ហាញ​ទឹកចិត្ត​ក្នុង​ការផ្តល់​ថវិកា​របស់​ខ្លួន​ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា​ដែរ​បើទោះបី​បាន​ចូលរួម​ជាមួយ​នឹង​​រាជរដ្ឋាភិបាល​រួចហើយ​ក៏ដោយ ដើម្បី​​ឱ្យ​កាកបាទក្រហម​មានលទ្ធភាព​ក្នុង​ការរួមចំណែក​ជួយ​ប្រជាជន​ក្រីក្រ​ និង​​ទុរគតជន​ និង​ជន​ដែល​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស​។

លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group កាលពី​ថ្ងៃទី​ ៤ មេសា​​ បានប្រកាស​ចូលរួម​វិភាគទាន​ចំនួន​ ៥០ ​ម៉ឺន​ដុល្លារ ជូន​កាកបាទក្រហម​កម្ពុជា ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១៥៨ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ​ឧសភា ២០២១ ​នេះ​។

លោក​ គិត ម៉េង ថ្លែង​ថា​វិភាគទាន​នេះ​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​ និង​ចលនា​សំខាន់ៗ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែល​តែងតែ​បោះជំហាន​ទៅមុខ​ជានិច្ច​ក្នុង​ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដែល​មាន​តម្រូវការ​ចាំបាច់​ក៏ដូចជា ការគាំទ្រ​ផ្នែក​ស្មារតី​ដល់​ជនរងគ្រោះ​នៃ​គ្រោះមហន្តរាយ​នានា​ដើម្បី​ធានាថា ជន​ងាយ​រងគ្រោះ​ទាំងនោះ​មាន​សុខភាព​ល្អ​ទទួល​បាន​ការហូបចុក​គ្រប់គ្រាន់ និង​មាន​ទីជម្រក​ស្នាក់អាស្រ័យ​ក្រោម​ពាក្យស្លោក​ថា​ «​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទ​ក្រហម​កម្ពុជា​»​។

លោក គិត ម៉េង បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អះអាងថា ការចូលរួម​វិភាគទាន​ប្រចាំឆ្នាំ​របស់​យើង​នឹង​ជួយ​សម្រាល​ទុក្ខលំបាក​ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​យើង​។ ​ខ្ញុំ​ជឿជាក់ថា សកម្មភាព​មនុស្សធម៌​ដើរតួនាទី​សំខាន់បំផុត​នៅក្នុង​គ្រា​លំបាក​»​។

កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្អាក​រៀបចំ​ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា រយៈពេល ២ ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ពោល​គឺ​នៅ​ឆ្នាំ ២០២០ និង​ ២០២១ ​នេះ​ដោយសារ​កម្ពុជា​បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ​១៩ នៅក្នុង​ប្រទេស​៕