ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ដោយ​រំឭកថា ប្រសិន​បើ​មាន​ការធ្វេសប្រហែស​ពេក​នឹង​អាច​ធ្វើឱ្យ​ជំងឺ​កូវីដ​ ១៩​ ត្រឡប់​មកវិញ​ ឬ​ធ្វើឱ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការឆ្លង​ថ្មី​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​បើទោះបី​ជា​ពុំមាន​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល​ជិត​ ១ ​ខែ​មក​ហើយ​ក្តី​។

លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ជំងឺ​រាតត្បាត​កូវីដ ១៩ គឺ​មិនទាន់​បាន​ចប់​ត្រឹម​នេះ​នៅ​ឡើយ​ដោយសារ​នៅតែ​មាន​ព័ត៌មាន​រាយការណ៍​ជាច្រើន​អំពី​ករណី​ឆ្លង​ថ្មី​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​។

លោកស្រី​ថ្លែង​បន្ត​ថា កម្ពុជា​នៅតែ​ប្រឈម​នឹង​ហានិភ័យ​នឹង​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ដរាបណា​ជំងឺ​កូវីដ​១៩​នេះ​នៅតែ​បន្ត​ចរាចរ​នៅក្នុង​ពិភពលោក​។ លោកស្រី​ថា​៖ «​ខណៈ​ពួកយើង​មិន​អាច​ព្យាករ​ទុក​មុន​អំពី​លទ្ធផល ថា​តើ​វីរុស​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ណា ដូច្នេះ​រឿង​សំខាន់​បំផុត​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​ត្រូវធ្វើ​គឺ​ការត្រៀមខ្លួន​ឱ្យបាន​ល្អ សម្រាប់​ឆ្លើយតប នៅពេល​រលក​នៃ​ការឆ្លង​ថ្មី​កើតឡើង​នៅ​កម្ពុជា ឬ​វីរុស​ត្រឡប់​មក​កម្ពុជា​វិញ​»​។

លោកស្រី​បន្ថែមថា​៖ «​ខ្ញុំ​សូម​សំណូមពរ​រឿង​ ៣ ​យ៉ាង​សម្រាប់​ពួកយើង​ទាំងអស់​គ្នា និង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទី​ ១ ​ត្រូវ​ប្រុងប្រយ័ត្ន ទី​ ២ ​ត្រូវ​ធ្វើជា​ជើងឯក សម្រាប់​ជីវិត​រស់នៅ​ធម្មតា​ថ្មី និង​ទី​ ៣ ​ត្រូវតែ​ត្រៀម​ការឆ្លើយតប​បន្ទាន់​នៅពេល​ខាងមុខ​»​។

លោកស្រី​លើកឡើង​ទៀត​ថា កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អប្រសើរ​ក្នុង​រយៈពេល​ប្រហែល​ជាង​ ៣ ​ខែ​មកនេះ ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​បន្ត​ត្រៀមខ្លួន​បន្ថែមទៀត​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ហើយ​ប្រសិន​បើ​មាន​ការធ្វេសប្រហែស​ពេក​នោះ​នឹងត្រូវ​រង​នូវ​ការវាយប្រហារ​ដោយ​វីរុស​នេះ​ជាថ្មី​។

លោកស្រី​បញ្ជាក់​ថា នៅពេល​វីរុស​រាតត្បាត​បាន​ធ្វើឱ្យ​ពិភពលោក​ផ្លាស់ប្ដូរ ដូច្នេះ​មនុស្ស​ក៏ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ ដូចជា​ការផ្លាស់ប្ដូរ​ការរស់នៅ ការសិក្សា ការធ្វើ​ដំណើរ និង​របៀប​នៃ​ការធ្វើការងារ​ជាដើម​។ លោកស្រី​បន្តថា ការបន្ធូរបន្ថយ​វិធានការ​លឿន​ពេក ឬ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ដោយ​មិន​បាន​ធ្វើឡើង​តាម​ដំណាក់កាល​នោះ​នឹង​អាច​វិលត្រឡប់​ទៅ​មាន​វិធានការ​រឹតបន្តឹង​បន្ថែម​ជាច្រើន​ទៀត​នាពេល​ខាងមុខ​។

ចំណែក​លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បាន​លើកឡើងថា ថ្វីដ្បិត​ចំនួន​អ្នកជំងឺ​កូវីដ ​១៩ ​នៅ​កម្ពុជា​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​បាន​ជិត ១០០ ​ភាគរយ ហើយ​ពុំ​មាន​ករណី​ថ្មី​កើតឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្តី ប៉ុន្តែ​ជំងឺ​កូវីដ​ ១៩​ មិនទាន់បាន​ចាកចេញ​ផុតពី​កម្ពុជា​នៅឡើយ​ទេ​។

លោកស្រី​បញ្ជាក់ថា កម្ពុជា​បាន​ឆ្លង​ផុត​ដំណាក់កាល​នៃ​ការប្រើប្រាស់​ញញួរ​សម្រាប់​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ ឬ​ហៅថា The Hammer ដែលជា​ដំណាក់កាល​ប្រើប្រាស់​រាល់​គ្រប់​វិធី និង​វិធានការ​ទាំងអស់​ដើម្បី​ស្វែងរក​អ្នកឆ្លង​មក​ព្យាបាល និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​កុំឱ្យ​ឆ្លង​ទៅកាន់​អ្នកដទៃ​។ លោកស្រី​បញ្ជាក់ថា កម្ពុជា​កំពុង​ស្ថិតនៅ​ដំណាក់កាល​ថ្មី​គឺ​ការវិល​ត្រឡប់មក​ជីវិត​ធម្មតា​ថ្មី តែ​ត្រូវ​ប្រកាន់​យក​វិធាន​ការពារ​ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ​ដូចជា​លាងដៃ ពាក់ម៉ាស់ ឬ​ចៀសវាង​ការជួបជុំ​ជាដើម​។

លោកស្រី​បន្តថា​៖ «​ឥឡូវ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឆ្លងផុត The Hammer ហើយ​ឆ្លង​ដល់​ដំណាក់កាល The Dance គឺ​ចង់​មានន័យថា ក្នុង​ដំណាក់កាល​នេះ​ប្រសិនបើ​យើង​ប្រកប​ការរស់នៅ​របស់​យើង​សព្វថ្ងៃនេះ គឺ​ត្រូវតែ​បោះជំហាន​ឱ្យ​ត្រូវ បើ​មិន​ត្រូវ​ទេ ជំពប់ជើង​ដួល បើ​មិនត្រូវ​ទេ​ប៉ះ​នឹង​វីរុស ដែល​អាច​បង្ក​ឱ្យ​មាន​រលក​ទី​ ២ ​កើតឡើង​»​។

លោកស្រី​បន្ថែមថា ពលរដ្ឋ​ត្រូវ​បន្ត​អនុវត្តតាម​វិធានការ​ណែនាំ​នានា​ដដែល​ដូចជា​ផ្អាក​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​ការជួបជុំ​ដែល​មាន​គ្នាច្រើន ដោយសារ​ការសិក្សា​បង្ហាញ​ថា ការរាតត្បាត​ខ្លាំង​ពី​ជំងឺ​កូវីដ​ ១៩ គឺ​បង្កឡើង​ដោយសារ​មនុស្ស​នៅ​បណ្ដុំ​គ្នា និង​ការជួបជុំ​គ្នាច្រើន​នៅ​តាម​ពិធី​សាសនា ឬ​ជួបគ្នា​ស៊ីផឹក​នៅតាម KTV ឬ​បារ៍​ជាដើម ដែល​ជា​ពេលធ្វើ​ឱ្យ​ជំងឺ​កូវីដ​ ១៩ ងាយស្រួល​ក្នុង​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។

លោកស្រី​បញ្ជាក់ថា ពលរដ្ឋ​ត្រូវតែ​ចូលរួម​អនុវត្តតាម​វិធានការ​ការពារ​បន្តទៀត ដោយសារ​កម្ពុជា​ត្រូវការ​ពេល​ពី​ ២ ​ទៅ​ ៣ ​ខែ​ទៀត​ដើម្បី​តាមមើល​ស្ថានភាព​ពិភពលោក ខណៈ​ចំនួន​ឆ្លង​ថ្មី​ជា​សកល​នៅតែ​មាន​អត្រា​ខ្ពស់​នៅឡើយ​ដែល​ក្នុង​ ១ ​ថ្ងៃ​មាន​រហូតដល់​រាប់ម៉ឺន​នាក់​ដែល​ធ្វើឱ្យ​អ្នក​ឆ្លង​សរុប​កើន​ជាង​ ៤ ​លាន​នាក់ និង​ស្លាប់​ ២៦ ​ម៉ឺន​នាក់​។

លោកស្រី​ថា​៖ «​នៅក្នុង​របត់​នៃ​ការវាយលុក​ដោយ​កូវីដ​ ១៩​ គឺ​គេ​បាន​សិក្សា​ហើយ​ការរាតត្បាត​ដែល​ធំធេង​មែនទែន​គឺ​គេ​សង្កេតឃើញ​នៅពេល​មនុស្ស​បាន​ជួបជុំគ្នា​ហ្នឹងឯង​គឺ​ការចម្លង​មាន​ច្រើន​មែនទែន នៅពេល​មាន​ការជួបជុំ​គ្នា​។ អ៊ីចឹង​!​ការចម្លង​ពី​បុគ្គល​ ១ ទៅ​បុគ្គល​ ១ ​គឺ​មាន​ភាពងាយស្រួល​មែនទែន និង​ជាពិសេស គេ​សង្កេតឃើញ​ថា ការចល័ត​ពី​កន្លែង​ ១ ទៅ​កន្លែង​ ១ ​របស់​បុគ្គល​»​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី​ ៨ ​ខែ​ឧសភា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​ក៏បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​នាំគ្នា​យក​ចិត្ត​ទុកដាក់​ពី​ការថែទាំ​សុខភាព ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា ទោះបី​ជា​អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ត្រូវបាន​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ កម្ពុជា ហើយ​អត្រា​នៃ​ការព្យាបាល​អ្នក​ជំងឺ​នេះ​បាន​ជា​សះស្បើយ​នៅសល់​តែ ២ ​នាក់​ទៀត​ក្តី ក៏​ពលរដ្ឋ​មិនត្រូវ​ធ្វេសប្រហែស ហើយ​មិនត្រូវ​គិតថា កម្ពុជា​ជា​ប្រទេស​ក្តៅ​មិន​ងាយ​ឆ្លង​ឡើយ​។

លោក​ថា​៖ «​ព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ ហើយ​ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន​ខ្លាំងណាស់​។ មក​ទល់​ពេលនេះ​ទាំង​កម្ពុជា និង​ពិភពលោក​គឺ​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ហើយ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ក៏​មិនទាន់​រកឃើញ​នៅឡើយ​ដែរ​។ ដូច្នេះ​ជំងឺ​ដ៏កាចសាហាវ​នេះ​នៅ​តែ​បន្ត​យាយី​អាយុជីវិត​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែល​ប្រទេស​មួយចំនួនធំ កំពុង​បិទ​ប្រទេស​គេ​នៅឡើយ​»​។

លោក​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ក្តី ឬ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ ឬ​ជនបទ​ត្រូវ​បន្ត​ពាក់​ម៉ាស់ ឬ​ក្រមា​ការពារ និង​ដុសលាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​សម្អាត​កម្ចាត់​មេរោគ​នឹង​បាក់តេរី​ផ្សេងៗ​ឲ្យ​បាន​ជា​ប្រចាំ​ចៀសវាង​ការចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដែល​នាំមក​នូវ​ការសោកស្តាយ​​អស់​មួយជីវិត​៕

វីដេអូ៖