ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរជាថ្មីថា នឹងមិនចរចា និង មិនលើកលែងឲ្យអតីតមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំទេ បន្ទាប់ពីមានករណីដុតរូប​តំណាងលោក ក្នុងអំឡុងកិច្ចប្រជុំ អាស៊ាន-អូស្ត្រាលី កាលពីសប្ដាហ៍មុន ជាអ្វីដែលលោកថា ជាទង្វើដើរហួសបន្ទាត់ក្រហមដែលជាឥរិយាបថស្ទើរភ្លើងខាងនយោបាយ។

ការថ្លែង ដូចនេះ បានធ្វើឡើងក្នុងពេលដែលលោកចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី ប្រមាណជាង ១៥ ៧០០ នាក់មកពីរោងចក្រសហគ្រាសចំនួន ៥ នៅភូមិជ្រៃកោង ផ្លូវ វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែ មីនា នេះ ។

លោកបានថ្លែងថា៖ «ល្អហើយ ការដែលអ្នកឯងដុតរូបខ្ញុំ បានសេចក្ដីថា អ្នកឯងបានវ៉ៃក្ដារមឈូសបន្ថែម ដូច្នេះ កុំនិយាយថា មុនទៅអាម៉ាកនេះ វាបោកថា លោក ហ៊ុន សែន ទៅនេះ ទៅជាចាប់។ ផុតគេចាប់ ទៅចរចា ចាំតែចរចាតើ! ហ៊ុន សែន អត់ត្រូវចរចាជាមួយអ្នកណាទេ ចរចាជាមួយអាអ្នកជាប់គុក មិនចរចាទេ។ អាក្រុមជាប់គុកដែលត្រូវគេរំលាយហើយគឺគ្មានត្រូវចរចាទេ អ្នកណាចង់ធ្វើអីធ្វើទៅ ដឹងតែគន្លឹះនៅដៃ ហ៊ុន សែន ហើយ ទៅដុតរូប ហ៊ុន សែន វាមិនចប់» ។

លោកបានបន្ដថា៖ «មិនមែន ហ៊ុន សែន ដាក់អន្ទាក់ទេ ប៉ុន្តែអ្នកឯងទៅផុតគំនូសក្រហមទៅហើយ អ៊ីចឹងបានសេចក្ដីថា អ្នកឯងស្ទើរភ្លើងខ្លាំងណាស់ខាងនយោបាយ អ្នកឯងគួរមានការអត់ធ្មត់ ហើយអ្នកឯងសុំទទូចឲ្យមានការចរចាល្អជាង ប៉ុន្តែដល់អ្នកឯងវ៉ៃ តាមរបៀបដុតរូប ហ៊ុន សែន អ៊ីចឹង ហ៊ុន សែន ថែមទៀត ថា ដួងកែវ ហ៊ុន សែន នៅនឹងរូបនាគ អ៊ិចឹងទាល់តែវ៉ៃរូបនាគនៅនឹងវិហារអស់ អាហ្នឹងបានសម្លាប់ ហ៊ុន សែន បាន »។

ដោយឡែក ចំពោះជោគវាសនារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារលោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ពីការមិនអត់ឱនឲ្យដែរ ខណៈដែលលោកហៅអតីតប្រធានពួកគេជាមនុស្សចង្រៃ។

លោកបានបញ្ជាក់ថា៖ «សូម្បីអាអ្នកជាប់គុកនៅភ្នំពេញ ដែលសុំលើកលែងទោស ជាប់គុកបន្ថែមដែរ គ្មានលើកឲ្យឯងទេ ដោយសារតែអាពួកអាមេចង្រៃ វាធ្វើសកម្មភាពបែបហ្នឹង អ៊ីចឹងសុំបន្តជាប់គុកតទៅទៀតទៅ…អ្នកខ្លះសុំមកខ្ញុំតើ ផ្ញើតាមទូតផង ផ្ញើតាមអ្នកនេះផង ឯងដោះលែង ហុង សុខហួរ មួយ ។ គេថាអាហ្នឹងសម្ពាធអន្តរជាតិ អើ អ៊ីចឹង បើកាលណានៅបន្តធុនហ្នឹង អញមិនលើកលែងឲ្យអាណាទេ...ពីព្រោះអាខ្លះ សាលក្រមអត់ទាន់ចូលស្ថាពរទេណា នៅក្ដីនៅឡើយទេ»។

លោកបានបន្ថែមថា៖«ទុកវានៅហ្នឹងពីព្រោះអាមេវាព្រហើនពេក យើងលើកឲ្យមួយដោយការសុំទោសជាលាយលក្ខណ៍អក្សរ យើងលើកលែងទៅហើយ ប៉ុន្តែអាមេវានោះ វាថាដោយសារតែសម្ពាធអន្តរជាតិ អ៊ីចឹងទុកឯងទាំងអស់ ទុកនៅហ្នឹង អាណាជាប់គុកប៉ុន្មានជាប់ឲ្យគ្រប់ថ្ងៃគ្រប់ខែទៅ។ កុំខ្វល់ពេក ចាំដល់ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្ត្រីក៏នៅតែជាប់ទៀត ព្រោះអាខ្លះលែង២០ ឆ្នាំឯណោះ។ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីត្រឹមតែ១០ទៀតតើ! អ៊ីចឹងអាខ្លះជាប់គុក ចាំនាយករដ្ឋមន្ត្រីក្រោយទៅ នាយករដ្ឋមន្ត្រីនេះមិនលើកឲ្យឯងទេ មកពីមេឯងអាក្រក់ពេក អាហ្នឹងឲ្យវាអ៊ីចឹងទៅចុះ។ កម្មពៀរអាមីតាភូ»៕