ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងចំនួន ៤ ចាត់មន្ត្រីជំនាញចុះទៅវាយតម្លៃការខូចខាតផ្លូវដោយសារទឹកជំនន់ជាបន្ទាន់ ដើម្បីដាក់ផែនការជួសជុល និងស្ថាបនាឡើងវិញ ខណៈក្រសួងសាធារណការទើបរកឃើញបឋមថា មានផ្លូវប្រមាណ ៤០០ គីឡូម៉ែត្របានរងការខូចខាត។
លោក ហ៊ុន សែន បានថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកោះនរាពីម្សិលមិញថា លោកបានបញ្ជារដ្ឋមន្ត្រីនៃក្រសួង ៤ រូបរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្មដោយត្រូវឱ្យមន្ត្រីជំនាញក្រសួងទាំង ៤ នេះចុះវាយតម្លៃការខូចខាតជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖ «និយាយពីរឿងផ្លូវ យើងខូចខាតទាំងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ស្ពានមួយចំនួន ហើយទំនប់ប្រឡាយមួយចំនួនត្រូវបាក់បែក។ អ៊ីចឹងទេ កុំចាំមន្ទីររាយការណ៍! កុំចាំមន្ទីរកសិកម្មក្តី អភិវឌ្ឍន៍ជនបទក្តី ធនធានទឹកក្តី សាធារណការក្តី វាយតម្លៃខូចខាតពីខាងក្រោម។ ឥឡូវក្រសួងនីមួយៗមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការច្រើនណាស់។ ចុះទៅ! ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះទៅជាមួយទៅ។ ធ្វើការជាមួយខេត្ត ជាមួយមូលដ្ឋាន! កុំបង្អង់យូរទឹកស្រកភ្លាមចាប់ផ្តើមធ្វើភ្លាម ចាប់ផ្តើមជួសជុល គឺស្តារឡើងវិញបន្ទាន់»។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការថ្លែងពីម្សិលមិញថា មន្ត្រីជំនាញបានចាប់ផ្ដើមចុះវាយតម្លៃ និងត្រួតពិនិត្យការខូចខាតផ្លូវដោយសារទឹកជំនន់ចាប់តាំងពីដើមសប្ដាហ៍មុនហើយនឹងចុះត្រួតពិនិត្យបន្តទៀត ដើម្បីរង់ចាំពេលទឹកស្រក ឬស្ងួតទឹកក្រុមការងារនឹងចុះទៅជួសជុល និងស្ថាបនាតាមគោលដៅទាំងនោះ។ បញ្ហាទឹកជំនន់ឆ្នាំនេះធ្វើឱ្យផ្លូវសំខាន់មួយចំនួនបានខូចខាតធ្ងន់ធ្ងរ ដែលបង្កការរាំងស្ទះដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញនានាជាច្រើន។
«យើងបានចុះទៅវាយតម្លៃ និងត្រួតពិនិត្យបណ្ដើរៗហើយគឺមានទាំងឯកឧត្តមរដ្ឋមន្ត្រីចុះផ្ទាល់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ អ៊ីចឹងយើងបានធ្វើបណ្ដើរៗ រកឃើញផ្លូវខូច ៤០០ គីឡូម៉ែត្រហើយយើងមិនទុកយូរទេ បន្ទាប់មកយើងនឹងមានក្រុមការងារផ្សេងៗទៀតចុះទៅពិនិត្យបន្ដទៀត ដើម្បីដាក់ផែនការចុះធ្វើតែម្ដង»។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ថ្លែងថា លោកគាំទ្រអនុសាសន៍លោកនាយករដ្ឋមន្ត្រីដែលតម្រូវឱ្យរដ្ឋមន្ត្រីទាំង ៤ ក្រសួងធ្វើកិច្ចការនេះឱ្យបានលឿនប៉ុន្ដែក្នុងនាមមន្ត្រីបច្ចេកទេសត្រូវតែគិតគូរពីគុណភាព និងបច្ចេកទេសជាចម្បង។ «បើតាមអនុសាសន៍អ្នកនយោបាយ ឬថ្នាក់ដឹកនាំ គាត់ចង់បានអ្វីៗឱ្យលឿនដូចមាត់គាត់អ៊ីចឹង ប៉ុន្ដែក្នុងនាមយើងជាអ្នកបច្ចេកទេស ត្រូវតែធ្វើតាមបច្ចេកទេសដើម្បីការពារឱ្យបានជាប់ល្អ គង់វង្សយូរអង្វែងគឺមិនមែនធ្វើឱ្យតែរួចពីដៃ ឃើញស្អាតតែ ៣ ឬ ៤ ខែ ហើយខូចវិញទេ»។
បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគិតត្រឹមថ្ងៃទី ២៤ ខែតុលា រាជធានី-ខេត្ត ចំនួន ២០ បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះពលរដ្ឋរងផលប៉ះពាល់ចំនួន ១៣៦ ៤៤២ គ្រួសារស្មើប្រមាណ ៥៤៥ ៧៦៨ នាក់ ពលរដ្ឋត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១១ ៨៣៨ គ្រួសារ ស្មើប្រមាណ ៤៧ ៣៥២ នាក់ និងពលរដ្ឋស្លាប់ ៤០ នាក់៕