
ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញៈ ថវិកាចំនួន ២ ២៩០ លានរៀល ឬជាង ៥៦០ ០០០ ដុល្លារអាមេរិក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ទៅដល់ខេត្តចំនួន ២១ នៅទូទាំងប្រទេស ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែឧសភា ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ថវិកាដែលលោកនាយករដ្ឋមន្ត្រីផ្តល់ជូនបន្ថែមដល់ខេត្តនីមួយៗមានចន្លោះពី ១០ លានរៀលទៅដល់ ២៥០ លានរៀល។
របាយការណ៍ដដែលបានបញ្ជាក់ថា៖ «មកដល់ពេលនេះខេត្តទាំង ២៤ ដែលមានអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន ៣៩ ៨៩៩ នាក់ក្នុងនោះខេត្តដែលមានអ្នកកំពុងធ្វើចត្តាឡីច្រើនជាងគេ គឺខេត្តព្រះសីហនុ ដែលមានរហូតដល់ ២៦ ៦៣៨ នាក់»។
ខេត្តទាំង ២៤ ដែលមានអ្នកធ្វើចត្តាឡីស័កមាន ខេត្តបាត់ដំបង ចំនួន ១ ៣៤៨ នាក់ ខេត្តបន្ទាយមានជ័យ ចំនួន ១ ០៨៥ នាក់ ខេត្តឧត្តរមានជ័យ ចំនួន ១៨៩ នាក់ ខេត្តប៉ៃលិន ចំនួន ៣៤៩ នាក់ ខេត្តកោះកុង ចំនួន ៤៨ នាក់ ខេត្តពោធិ៍សាត់ ចំនួន ១ ៥៩២ នាក់ ខេត្តព្រះវិហារ ចំនួន ១៨០ នាក់ ខេត្តកណ្តាល ចំនួន ១ ៨១៣ នាក់ ខេត្តស្វាយរៀង ចំនួន ៨៣ នាក់ ខេត្តព្រៃវែង ចំនួន ៣៦៣ នាក់ ខេត្តត្បូងឃ្មុំ ចំនួន ៧៦៩ នាក់ ខេត្តក្រចេះ ចំនួន ៣៥៤ នាក់ ខេត្តរតនគិរី ចំនួន ១១០ នាក់ ខេត្តតាកែវ ចំនួន ៦៩៦ នាក់ ខេត្តកំពង់ចាម ចំនួន ៨៤៩ នាក់ ខេត្តកំពង់ឆ្នាំង ចំនួន ៨៧៧ នាក់ ខេត្តកែប ចំនួន ៨៧ នាក់ ខេត្តកំពង់ស្ពឺ ចំនួន ៨០៨ នាក់ ខេត្តកំពង់ធំ ចំនួន ១ ១៣៣ នាក់ ខេត្តស្ទឹងត្រែង ចំនួន ៥៥ នាក់ ខេត្តព្រះសីហនុ ចំនួន ២៦ ៦៣៨ នាក់ និងខេត្តសៀមរាប ចំនួន ៤៧៣ នាក់។
ជាមួយនេះដែរ ខេត្តចំនួនពីរ ដែលមិនមានអ្នកធ្វើចត្តាឡីស័កគឺ ខេត្តមណ្ឌលគិរី និងខេត្តកំពត៕