បន្ទាយមានជ័យៈ ក្នុងអំឡុងពេល​ចុះ​ជួប​សួរសុខទុក្ខ និង​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ជាង​ ១ ​ម៉ឺន​គ្រួសារ​ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ពុធ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​នូវ​មរណទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ និង​រង​ផលប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​។

បើតាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែ តុលា ឆ្នាំ​ ២០២០ ជំនន់​ទឹកភ្លៀង​ដែល​បាន​កើតឡើង​នៅក្នុង​ ១៩ ​រាជធានី-ខេត្ត​បាន​បណ្ដាលឱ្យ​មនុស្ស​ ៣៤ ​នាក់​លង់ទឹក​ស្លាប់​ ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ​ស្លាប់​ច្រើនជាងគេ​គឺ​ ១៨ ​នាក់ ខណៈ​ប្រជាពលរដ្ឋ​ជាង​ ៤១ ​ម៉ឺន​នាក់​ទៀត​ រង​ផលប៉ះពាល់​ដោយ​ទឹក​ជន់​លិច​ផ្ទះសំបែង ដែល​តម្រូវឱ្យ​មានការ​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​នូវ​គ្រោះភ័យ​ផ្សេងៗ ដែល​បង្កឡើង​ពី​ទឹកជំនន់​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ ព្រមទាំង​ទុក្ខលំបាក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ក្រុមគ្រួសារ​ស្លាប់ និង​រង​ការប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​។ នេះ​ជា​គ្រោះមហន្តរាយ​ដ៏ធំ​មួយ​ដែល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ​មក​»​។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​កាលពី​ ៧០ ​ឆ្នាំ មុន​កម្ពុជា​ធ្លាប់​ជួបប្រទះ​នូវ​បាតុភូត​គ្រោះធម្មជាតិ ជំនន់​ទឹកភ្លៀង​ដ៏អាក្រក់​បែបនេះ​ម្ដង​រួចមកហើយ​។

លោក​ ហ៊ុន សែន បាន​បន្តថា ទោះជា​យ៉ាងណា​គ្រោះទឹកជំនន់​ដ៏អាក្រក់​ដែល​កើតឡើង​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ មិនមែន​កើតមាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ លោក​ក៏​បាន​បន្ត​លើក​ទឹកចិត្ត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​កន្លែង​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។

លោក​ថ្លែងថា​៖ «​អ្វីដែល​យើង​ត្រូវធ្វើ​ជាបឋម​គឺ​ការជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព និង​ផ្ដល់​ស្បៀងអាហារ គ្រឿង​ឧបភោគ​បរិភោគ ថ្នាំពេទ្យ និង សម្ភារ​ប្រើប្រាស់ ដែល​ជំនួយ​សង្គ្រោះបន្ទាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​រងគ្រោះ​មានជីវិត​ជា​សិន​»​។

លោក​ថ្លែងថា ថវិកា​ប្រមាណ​ ៧ ​លាន​ដុល្លារ​ ដែល​ទទួល​បាន​ពី​សប្បុរសជន​ចាប់​តាំងពី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង​នា​ដើមខែ​តុលា​នេះ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការឆ្លើយតប​បន្ទាន់​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្ដា​រាជធានី-ខេត្ត​ទាំង​ ១៩ តាមរយៈ​ការផ្ដល់​ជំនួយ​សង្គ្រោះបន្ទាន់​។ សម្រាប់​ខេត្ត​បន្ទាយមានជ័យ រដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ផ្តល់​សាច់ប្រាក់​ ២០ ​ម៉ឺន​ដុល្លារ និង ស្បៀង​បម្រុង​ដែល​មាន​អង្ករ មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ជាច្រើន​តោន​ទៀត សម្រាប់​ទុក​ចែកជូន​ពលរដ្ឋ​រងគ្រោះ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ តិ៍​ថា រហូត​មក​ដល់​ពេលនេះ កម្ពស់​ទឹក​នៅតាម​ដងស្ទឹង​មង្គលបុរី និង​ស្ទឹង​សេរីសោភ័ណ ព្រមទាំង​បណ្ដា​ដៃ​អូរ​នានា ពិសេស​អូរ​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​បន្ត​ជន់​ឡើង​នៅឡើយ​។

ជំនន់​ទឹកភ្លៀង​បាន​បង្ក​មនុស្ស​ ១៨ ​នាក់​លង់ទឹក​ស្លាប់ និង​ធ្វើឲ្យ​ផ្ទះ​ចំនួន ២៩ ២២៥ ​ខ្នង លិច​ស្រែ​ចំនួន​ ៦៤​ ៣៧២ ​ហិកតា ដំឡូងមី​ចំនួន ៦០ ២៥៩ ​ហិកតា ដំណាំ​រួមផ្សំ​ចំនួន ៩៨៩ ​ហិកតា សាលារៀន​ចំនួន ១៨៦ ​កន្លែង មណ្ឌល​សុខភាព​ចំនួន​ ៩ ​កន្លែង វត្តអារាម​ចំនួន​ ៦០ សាលាឃុំ​ចំនួន​ ៥ ​កន្លែង ផ្លូវ​ប្រវែង​ ៥៣៥ ​គីឡូម៉ែត្រ អណ្ដូងស្នប់​ចំនួន ៥៤ ​កន្លែង និង​លិច​ទំនប់​អាង​ប្រវែង ៣៤ ​គីឡូម៉ែត្រ ជា​បញ្ហា​ដែល​ត្រូវ​ស្ដារឡើងវិញ​៕