ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានស្នើឱ្យពង្រឹងសនិ្តសុខនិងសណ្ដាប់ធ្នាប់សម្រាប់ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១វិច្ឆិកាទៅ ខណៈមានការរំពឹងទុកថាមានអ្នកចូលរួមរាប់លាននាក់។
ការលើកឡើងរបស់លោកបែបនេះបានធ្វើឡើងនៅក្នុងពិធីជួបជាមួយកុមារពិការ និងកុមារកំព្រាប្រមាណ ៨៧៨ នាក់ មកពីសាលាគ្រួសារថ្មីនិងមណ្ឌលកុមារកំព្រានានានៅខណ្ឌសែនសុខ រាជធានីភ្នំពេញដោយ លោក ហ៊ុន សែន រំពឹងថា នឹងមានពលរដ្ឋពីតាមខេត្តនានារាប់លាននាក់ធ្វើដំណើរមករាជធានីភ្នំពេញដែលត្រូវយកចិត្តទុកដាក់ពីសន្តិសុខសណ្ដាប់ធ្នាប់។
លោកបញ្ជាក់ថា៖«សុំឱ្យបង្កើនការយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំដែលប្រជាជននៅតាមទីជនបទរាប់លាននាក់ចូលមកកាន់ទីក្រុងភ្នំពេញរបស់យើងដើម្បីកម្សាន្ត»។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ មិនបានបញ្ជាក់លម្អិតពីចំនួនអ្នកចូលរួមទេ តែលោកបានរំពឹងថា នឹងមានអ្នកមកទស្សនាប្រមាណជាង ៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ក្នុងនោះគិតទាំងអ្នកនៅរាជធានីភ្នំពេញផងដែរ។
យ៉ាងណាក្ដី លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា លោករំពឹងថា នឹងមានពលរដ្ឋមកទស្សនា ច្រើនជាងឆ្នាំមុន។
លោកបញ្ជាក់៖«ខ្ញុំសង្ឈឹមថានឹងកើនឡើងដោយសារប្រទេសយើងមានសន្តិសុខ មានសុវត្ថិភាព ប្រទេសយើងអត់មានសង្រ្គាម ហើយកម្មកររោងចក្រប្រាក់ខែកាន់តែកើនឡើង»។
ទាក់ទងនឹងការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានថ្លែងថា មានកម្លាំងចម្រុះប្រមាណជាង ១ ម៉ឺននាក់ នឹងត្រូវដាក់នៅតាមគោលដៅនានាដោយមិនធ្វេសប្រហែសឡើយ។
លោកបានបញ្ជាក់ថា៖ «យើងបានត្រៀមរួចហើយយើងនឹងមិនឱ្យមានដូចករណីកោះពេជ្រទេ។ យើងបានកំណត់ចំនួនសម្រាប់អ្នកចូលទៅទស្សនា នៅកោះពេជ្រ។ ខ្ញុំអត់ដឹងថាមានចំនួនប៉ុន្មានទេ ម្ចាស់កោះពេជ្រគេអាច
ដឹង» ។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃ១៦ ខែវិច្ឆិកា សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង២ដាច់ដោយឡែកពីគ្នា ដោយមួយស្នើឱ្យម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្រ្តី និងអ្នកលក់ដូរទាំងអស់ត្រូវមានធុងឬថង់សម្រាប់ទុកដាក់សំរាមពីអាជីវកម្មរបស់ខ្លួននិងស្នើឱ្យកីឡាករប្រណាំងទូកនិងពលរដ្ឋដែលមកកម្សាន្តត្រូវជួយថែរក្សាអនាម័យ និងមួយទៀតដាក់បម្រាមផ្អាកអាជីវកម្មនានាដែលក្នុងនោះមានផ្អាកការដ្ឋានសំណង់ និងហាមរថយន្តក្រឡុកស៊ីម៉ងតិ៍ រថយន្តធុនធំ រួមទាំងរ៉ឺម៉កសណ្ដោង មិនឱ្យចូលរាជធានីផងដែរ…៕