
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំមួយ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១។
ការចេញសារាចរណែនាំនេះ គឺក្នុងគោលបំណង ធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺ
កូវីដ ១៩ ចំពោះសង្គម និងសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍ដែល «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។
លោក ហ៊ុន សែន បានស្នើឱ្យក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
លោកបានបញ្ជាក់ក្នុងលិខិតថា៖ «ត្រូវធានានូវការគោរព និងអនុវត្តវិធានការ សុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយហ្មត់ចត់ និងខ្ជាប់ខ្ជួន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា»។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រជាពលរដ្ឋធ្វើការជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ ចៀសវាងការធ្វើដំណើរមិនចាំបាច់ និងចៀសវាងរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន និងមិនត្រូវដំឡើងថ្លៃសេវាដឹកជញ្ជូនគ្រប់ប្រភេទ៕

