ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​យប់​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ បាន​ចេញ​សេចក្ដី​ណែនាំ​ស្តីពី «ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​នៅ​តាម​បណ្តា​រាជធានី-ខេត្ត»។

ក្នុង​សេចក្ដី​ណែនាំ​នេះ​បាន​សរសេរ​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​នានា​ជា​បន្តបន្ទាប់ សំដៅ​កាត់​ផ្តាច់ និង​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​វិធានការ​ទាំង​នេះ​រួមមាន ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល និង​ឆ្លង​កាត់​រាជធានី-ខេត្ត ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​នៃ​រាជធា​នីភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ដែល​មាន​ផ្ទុះ​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩។

ទន្ទឹម​នេះ គណៈអភិបាល​ខេត្ត​នានា​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ជា​បន្តបន្ទាប់ ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ជាពិសេស​ការ​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់ និង​ការ​កាត់​ផ្តាច់​ចរាចរណ៍​មិន​ឱ្យ​ចេញ​ពី​តំបន់ ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍។

ដោយ​ផ្អែក​លើ​បរិបទ​ខាង​លើ​នេះ និង​ដើម្បី​ធានា​ក៏​ដូចជា សម្រួល​ឡើង​វិញ​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ជាតិ រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ឡើង​វិញ ក៏​ដូចជា​ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​តាម​បណ្តា​ខេត្ត តាមរយៈ​សេចក្តី​សម្រេច​លេខ ៥៣ សសរ ចុះ​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ លើកលែង​តែ​តំបន់​បិទ​ខ្ទប់​នៃ​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល និង​តំបន់​បិទ​ខ្ទប់​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ជា​ធរមាន។

ក្នុង​សេចក្ដី​ណែនាំ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ណែនាំ​ថា៖ «ក្នុង​សភាពការ​ថ្មី​នេះ គណៈ​អភិបាល​រាជធានី-ខេត្ត ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ផ្អាក​ជា​បន្ទាន់​នូវ​សកម្មភាព​អាជីវកម្ម មុខរបរ ឬ​សកម្មភាព​ការងារ​ផ្សេងៗ សំដៅ​កាត់​ផ្តាច់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ទៅ​តំបន់​ផ្សេង​ទៀត ជាពិសេស​ចរាចរណ៍​មនុស្ស​ចេញ-ចូល​តំបន់​បិទ​ខ្ទប់»។

ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​ណែនាំ និង​ជំរុញ​ដល់​គណៈអភិបាល​រាជធានី-ខេត្ត ពង្រឹង​កិច្ច​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការ​អនុវត្ត​នីតិវិធី​បន្ត​ផ្នែក​សុខាភិបាល ក្នុង​ករណី​រក​ឃើញ​មាន​វិជ្ជមាន​មេរោគ​កូវីដ ១៩ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ចាត់​វិធានការ​កំណត់​ និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​មេរោគ​កូវីដ ១៩ ដើម្បី​យក​សំណាក​ទៅ​វិភាគ​រហ័ស​រក​មេរោគ​កូវីដ ១៩ និង​បន្ត​ពង្រឹង​ការ​អនុវត្ត​វិធានការ​ធ្វើ​ចត្តាឡីស័ក និង​ការ​ព្យាបាល ដោយ​អនុវត្ត​ស្រប​តាម​ច្បាប់ អនុក្រឹត្យ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ស្តីពី​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​រក​ពុំ​ឃើញ​វិជ្ជមាន​មេរោគ​កូវីដ ១៩ អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ស្នាក់នៅ និង​បំពេញ​ការងារ ដោយ​ត្រូវ​ជូន​ដំណឹង​អំពី​ទីកន្លែង​ស្នាក់នៅ​ដល់​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច និង​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​នានា ដូចជា​ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​ស្នាក់នៅ។

លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​នេះ​ថា៖ «លទ្ធផល​នៃ​ការ​វិភាគ​រហ័ស​រក​មេរោគ​កូវីដ ១៩ ដែល​អនុវត្ត​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ មាន​សុពលភាព​សម្រាប់​ភូមិសាស្ត្រ​នៃ​ខេត្ត​ដទៃ នៅ​ក្នុង​ថ្ងៃ​តែ​មួយ»។

លោក​បាន​ណែនាំ​បន្ថែម​ទៀត​ថា ក្នុង​ករណី​ដែល​មាន​ផ្ទុះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូរីដ ១៩ នៅ​ក្នុង​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន គណៈអភិបាល​ខេត្ត​ពាក់ព័ន្ធ​អាច​សហការ​គ្នា ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត ឬ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ ឆ្លង​កាត់​ភូមិសាស្ត្រ​ខេត្ត​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​រៀង​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​អនុវត្ត​ស្រប​តាម​អនុក្រឹត្យ​លេខ ៥៧ អនក្រ.បក ចុះ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ស្ដីពី​វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត៕