នៅថ្ងៃទី ២៦ ខែមេសា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថា បើកសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គម អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (77th UN-ESCAP) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក តាមរយៈវីដេអូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនាថ្ងៃទី ២៣ មេសា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅព្រឹកនេះ។
ពិធីនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកជំទាវ អាម៏ដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ ESCAP។
លោកទេសរដ្ឋមន្ត្រី លី ធុច ប្រធានគណៈកម្មការជាតិ ESCAP ក៏នឹងអញ្ជើញចូលរួមក្នុងសន្និបាតនេះ តាមរយៈប្រព័ន្ធវីដេអូផងដែរ។
សេចក្ដីប្រកាសព័ត៌មាននោះបានគូសបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចសកល ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩»។
បើតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំក្រោមមូលបទ «ការស្តារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
សន្និបាតប្រចាំឆ្នាំលើកទី ៧៧ នឹងពិភាក្សាអំពីរបៀបនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់ និងការតភ្ជាប់កាន់តែប្រសើរឡើង និងដើម្បីកសាងភាពរឹងមាំនៅក្នុងវិបត្តិផ្សេងៗ ដោយពិចារណាទៅលើជំងឺរាតត្បាតកូវីដ១៩ និងការស្តារឡើងវិញសេដ្ឋកិច្ច សង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ។
សន្និបាតក៏នឹងពិនិត្យមើលឡើងវិញនូវការអនុវត្តរបៀបវារៈ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ផងដែរ៕