ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជំរុញ​ឱ្យ​អាជ្ញាធរ​ដែនដី​ និង​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​ចាំបាច់​នានា ​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹក​ជំនន់​ ដែល​កំពុង​កើត​មាន​នាពេល​បច្ចុប្បន្ន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ​ខណៈ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​ប្រាប់​ឱ្យ​អាជ្ញាធរ​បិទ​ចរាចរណ៍​លើ​ផ្លូវ​ដែល​លិច​ទឹក។

ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ​កាល​ព្រឹក​ថ្ងៃទី ៩ ​ខែតុលា ​លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​គ្រោះ​ទឹក​ជំនន់​ដែល​បាន​និង​កំពុង​កើត​មាន​នាពេល​បច្ចុប្បន្ន ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយ​ចាត់​វិធានការ​ចាំបាច់​នានា​ក្នុង​ការ​ចេញ​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិសាស្ត្រ​ដែល​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឱ្យ​បាន​ទាន់​ពេល​វេលា ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការ​លំបាក ​និង​ផល​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ»។

ចំណែក​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​ដែល​ក៏​ជា​​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ នៅ​ថ្ងៃ​ទី ១១ ​ខែតុលា​ ក៏​បាន​ណែនាំ​ទៅ​អភិបាល​រាជធានី​ខេត្ត​ឱ្យ​បិទ​ការ​ធ្វើ​ចរាចរណ៍​​​លើ​ផ្លូវ​មាន​ទឹក​លិច​ខ្លាំង​ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​ការ​នាំ​ឲ្យ​ខូច​ផ្លូវ​ធ្ងន់ធ្ងរ។ លោក​បាន​ថ្លែង​ថា​៖​ «នៅ​កន្លែង​ណា​​ក៏​ដោយ​សូម​អភិបាល​រាជធានី-​ខេត្ត​ ប្រសិន​ណា​ជា​លិច​ហើយ​មើល​ផ្លូវ​មិន​ឃើញ​អាច​ថា ​៣-៤ ​តឹក​ឡើង ​អាហ្នឹង​សូម​ឱ្យ​បិទ​​ចរាចរណ៍​កុំ​ឱ្យ​ធ្វើ​ដំណើរ។ ព្រោះ​វា​មាន​ហានិភ័យ ​២ យ៉ាង ​ទី១ គឺ​ជីវិត​មនុស្ស​អាហ្នឹង​ធំ​ណាស់ ​ទី២ ​ទៀត​វា​ខូច​ផ្លូវ​ថែម»​។

តាមរយៈ​ការ​ជំរុញ​របស់​លោក ​ហ៊ុន សែន​ និង​លោក ​ស ខេង​ អំពី​វិធានការ​ខាង​លើនេះ​ លោក ​ម៉ៅ ធនិន ​អភិបាល​ខេត្ត​ពោធិ៍សាត់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ម្សិលមិញ​ថា ​នៅ​ពេល​នេះ​លោក​កំពុង​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខេត្ត​ ចុះ​បិទ​កំណាត់​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​ដែល​រង​ការ​ជន់​លិច​ក្នុង​នោះ​មាន​កំណាត់​ផ្លូវ​ជាតិ​លេខ ​៥ ផង​ដែរ។ ក្រៅ​ពី​​ការ​បិទ​ផ្លូវ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង ​ចុះ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ ​តាមរយៈ​ការ​រៀបចំ​ដឹក​ជញ្ជូន​បាវ​ខ្សាច់​ រៀប​ទប់​ជា​ទំនប់​ទប់​ទឹក ​​ប្រើ​ទូក ​កាណូត និង​រថយន្ត​កង​ទ័ព​ ដឹក​ពលរដ្ឋ​ដែល​រង​ការ​ជន់​លិច​ដោយ​ទឹក​ជំនន់ ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព។

លោក​ថ្លែង​ថា​៖ «ខណៈ​នេះ​អាជ្ញាធរ​យើង​ កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​នៅ​ឡើយ។ យើង​កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យ​អំពី​ស្ថានភាព​នៃ​ទឹក​ជំនន់ ​និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន ​និង​កំពុង​បន្ត​ដឹក​ជញ្ជូន​ប្រជាជន​​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព»។

លោក មូល ធន​ នាយក​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា ​ស្ថានភាព​ទឹក​ជំនន់ ​នៅ​ស្រុក​សំពៅ​លូន ​និង​ផ្នែក​មួយ​ចំនួន​ធំ នៅ​ស្រុក​ភ្នំព្រឹក​ទឹក​បាន​ស្រក​ចុះ​។ រីឯ​នៅ​ស្រុក​កំរៀង​វិញ ​ស្ថានភាព​ទឹក​នៅ​តែ​បន្ត​ជន់​លិច​ផ្ទះ ​ដំណាំ ​សត្វពាហនៈ ​របស់​ពលរដ្ឋ។ 

លោក​ថ្លែង​ថា៖ «​អាជ្ញាធរ​យើង​នៅ​ពេល​នេះ កំពុង​មមាញឹក​ចុះ​ជួយ​អន្តរាគមន៍​ពលរដ្ឋ​មួយ​ចំនួន​មក​កាន់​ទីទួល​សុវត្ថិភាព និង​ផ្ដល់​ជំនួយ​បឋម​ជា​ស្បៀង​ តង់​កៅស៊ូ​ និង​ថ្នាំពេទ្យ​ដល់​ពួក​គាត់»។ ​

បើ​តាម​លោក ​មូល ធន​ ដើម្បី​ចៀសវាង​ការ​ខូចខាត​ផ្លូវ​កាន់​តែ​ធ្ងន់ធ្ងរ ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ទីរួម​ខេត្ត ​រួម​ទាំង​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ​ផង​ដែរ​ត្រូវ​បាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ​ខេត្ត​បាត់ដំបង ​សម្រេច​បិទ​ចរាចរណ៍​រថយន្ត​ធំៗ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី ១១​ តុលា​ រហូត​ដល់​ទឹក​ស្រក​ពី​ទ្រូង​ថ្នល់​អស់​ ទើប​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​ជាថ្មី។

លោក ​អ៊ុំ រាត្រី ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ​ថ្លែង​ថា ​ជំនន់​ទឹក​ភ្លៀង ​និង​ទឹក​ដែល​ហូរ​ចាក់​ពី​អូរ​ព្រំដែន​ថៃ បាន​បង្ក​ការ​ជន់​លិច​លំនៅឋាន​​ពលរដ្ឋ​ក្នុង​ស្រុក​ម៉ាឡៃ​ ស្រុក​អូជ្រៅ ​និង​ស្រុក​មង្គលបុរី។

លោក​ថា​៖ «វិធានការ​បន្ទាន់​នៅ​ពេល​នេះ​ គឺ​ការ​ជួយ​អន្តរាគមន៍​គ្រប់​មធ្យោបាយ​ ដើម្បី​ជម្លៀស​ពលរដ្ឋ​រងគ្រោះ​ចេញ​ពី​តំបន់​ដែល​រង​ការ​លិចលង់ ​ពោល​គឺ​យើង​ត្រូវ​គិតគូរ​ពី​សុវត្ថិភាព​នៃ​ជីវិត​ប្រជាពលរដ្ឋ​ជា​មុន»។

បើ​តាម​លោក​ រាត្រី​ កងកម្លាំង​ប្រដាប់​អាវុធ​មន្ទីរ​ជំនាញ​​ កំពុង​បន្តចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​អន្តរាគមន៍​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​ហូរ​មក​ពី​លើ​តាម​អូរ​ព្រំដែន​កម្ពុជា-​ថៃ ​ដែល​រស់នៅ​ជាប់​អូរ​ព្រំដែន ​ក្នុង​ភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ​ឃុំ​អូរ​ស្រឡៅ និង​ឃុំ​ម៉ាឡៃ។

យោង​តាម​របាយការណ៍​បឋម​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​ពី​ម្សិលមិញ ​ជំនន់​ទឹក​ភ្លៀង​ក្នុង​រយៈពេល​ជាង ​១ សប្ដាហ៍​កន្លង​មក​នេះ​ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​៣ ​នាក់​ស្លាប់ ​និង​ជាង ​១ ១០០ ​គ្រួសារ​ទៀត ​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

របាយការណ៍​នោះ​បាន​បង្ហាញ​ថា ​គិត​ត្រឹម​ពី​ថ្ងៃទី ១ ​ដល់​ថ្ងៃទី ​១០ ​ខែ​តុលា ​ជំនន់​ទឹក​ភ្លៀង ​បាន​ធ្វើ​ឲ្យ​រាជធានី​-ខេត្ត​ចំនួន ​៩ ដែល​រួម​មាន ​ភ្នំពេញ ​កណ្ដាល ​ស្វាយរៀង ​កំពង់ឆ្នាំង ​ពោធិ៍សាត់​ បាត់ដំបង ​ប៉ៃលិន ​បន្ទាយមានជ័យ ​និង​ ខេត្ត​ស្ទឹងត្រែង​ រង​ការ​ជន់​លិច ​និង​ខូចខាត​ផ្លូវ​ជាតិ ​និង​ផ្លូវលំ​ជនបទ​ជា​ច្រើន​កន្លែង​សរុប​ជាង ​៤៧ គីឡូ​ម៉ែត្រ។ ប៉ះ​ពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជិត ​២ ម៉ឺន​គ្រួសារ ​ក្នុង​នោះ​ ជាង ​១ ១០០ គ្រួសារ ​ត្រូវ​បាន​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ទៅ​កាន់​ទីទួល​សុវត្ថិភាព។ ជាមួយ​គ្នា​នេះ ​បាន​ជន់​លិច ​និង​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង ​៣៨ ០០០ ហិកតា ​និង​ដំណាំ​រួម​ផ្សំ​ជាង​ ៣៤ ០០០ ​ហិកតា ព្រម​ទាំង​ជន់​លិច​សាលា​រៀន ​៣៣ កន្លែង។

បើ​តាម​របាយការណ៍​នោះ​ ខេត្ត​បាត់ដំបង​រង​ការ​ជន់​លិច​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ ​និង​រង​ការ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ធ្ងន់ធ្ងរ​ជាង​គេ។ ក្នុង​នោះ​ពលរដ្ឋ​ ​៤៩៨ គ្រួសារ ​ក្នុង​ចំណោម ៨ ០២៤ ​គ្រួសារ ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ​ដោយសារ​លំនៅឋាន​របស់​ពួក​គាត់​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ។​ ខេត្ត​ពោធិ៍សាត់​ មាន​ពលរដ្ឋ ​២៧៩ គ្រួសារ ​ក្នុង​ចំណោម ​៧ ១៧១ ​គ្រួសារ ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។ ​ខេត្ត​បន្ទាយមានជ័យ ​មាន​ពលរដ្ឋ ២៨៥ គ្រួសារ ​ក្នុង​ចំណោម​ ១ ២៥៥ ​គ្រួសារ ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។ ​ខេត្ត​មួយ​ចំនួន​ទៀត​រង​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ។

លោក ឃុន សុខា ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែង​ថា ​ជំនន់​ទឹក​ភ្លៀង​ជា​ទូទៅ​មិន​បង្ក​ការ​​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​ ហើយ​ការ​លិចលង់​ក៏​មាន​រយៈពេល​មិន​យូរ​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ ​«បើ​យើង​មិន​គិតគូរ​រក្សា​ទឹក​ទុក​នៅ​ពេល​នេះ​ទេ ​យ៉ាងយូរ​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ខាង​មុខ​នឹង​អស់​ទឹក​ភ្លៀង»៕

វីដេអូ៖