ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​មួយ​ចំនួន​តូច​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​មិនល្អ​ដូចជា សម្ដី​មិន​សមរម្យ​ទៅលើ​អ្នកជំងឺ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ​ភាគច្រើន​ដែល​គោរព​បាន​នូវ​ក្រម​សីលធម៌​ត្រឹមត្រូវ​។

ការអំពាវនាវ​របស់​លោកនាយករដ្ឋមន្ត្រី​បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ២៥៨៨ ​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ​កាលពី​ថ្ងៃ​ចន្ទ ទី​ ១៦ ខែធ្នូ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ទន្ទឹម​នឹងមាន​វឌ្ឍន​ភាព យើង​ក៏ត្រូវ​ទទួលស្គាល់​នូវ​ការខ្វះខាត​ដែល​ជា​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​របស់​យើង​។ នោះ​គឺ​ក្រមសីលធម៌​វិជ្ជាជីវៈ​។ ចំណុច​នេះ​គឺជា​ចំណុច​ដែល​គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ​។ ការ​ពិតណាស់​ភាគច្រើន​ណាស់​ហើយ​ដែល​បានធ្វើ ប៉ុន្តែ​នៅ​ចំនួន​តិចតួច​ទេ ដែល​តិចតួច​នេះហើយ​បង្កើត​ទៅជា​ពាក្យសម្ដី ដែល​ពាក្យ​គេ​ថា ត្រី​ ១ ​កន្ត្រក​ស្អុយ​ ១ ​ស្អុយ​ទាំងអស់​។ ចំណុច​នេះហើយ ដែល​ខ្ញុំ​អំពាវនាវ​ឲ្យ​មន្ត្រី​សុខាភិបាល​ឲ្យ​គ្រូពេទ្យ​របស់​យើង​យកចិត្ត​ទុកដាក់​ទៅលើ​ពាក្យសម្ដី ឥរិយាបថ​ដែល​ប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ ហើយ​គ្មាន​ការរើសអើង​បែងចែក​នោះទេ​។ ជីវិត​មនុស្ស​មិន​ថា​មាន មិន​ថា​ក្រ គឺជា​ជីវិត​មួយ​ដូចគ្នា ហើយ​អ្នកក្រ យើង​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ថែមទៀត ដោយសារ​តែ​គាត់​ក្រ​ហើយ​ទើប​គាត់​មករក​យើង​»​។

លោក ហ៊ុន សែន បាន​អះអាង​ផងដែរ​ថា ប្រសិន​បើ​បញ្ហា​នេះ​មិន​ត្រូវបាន​កែប្រែ​ទេ ទោះបី​ជា​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​រាប់រយ រាប់ពាន់ រាប់លាន និង​រាប់ពាន់​លាន​ដុល្លារ​ថែមទៀត វា​ក៏​នៅ​តែ​មាន​បញ្ហា​នៃ​ពាក្យសម្ដី​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅកាន់​និស្សិត​ពេទ្យ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​កោះពេជ្រ​។ រូបថត SPM

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ទោះបី​ជា​គ្រូពេទ្យ​ក្នុង​ផ្នែក​រដ្ឋ ឬ​គ្រូពេទ្យ​ក្នុង​វិស័យ​ឯកជន​កុំ​យក​លុយ​ជាធំ ត្រូវ​យក​ជីវិត​ប្រជាជន​ធ្វើ​ជាធំ​។ រឿង​លុយ រឿង​កាក់​ទុក​ក្រោយ​។ ធ្វើ​ម៉េច​ព្យាបាល​ជំងឺ​ដោះស្រាយ​បញ្ហា​ការព្យាបាល​ឱ្យ​គាត់​សិន​។ កុំ​ឃើញ​តែ​គាត់​អត់​មាន​ប្រាក់ ត្រូវ​ឱ្យ​បញ្ជូន​ទៅ​កន្លែង​ផ្សេង​។ អារឿង​ដណ្តើម [​អ្នកជំងឺ​] ​គ្នា​វា​នៅ​កន្លែង​ហ្នឹង​។ ដល់ពេល​សង្គ្រោះ​មិន​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​។ អ៊ីចឹង​សុំឱ្យ​គ្រប់​មន្ទីរពេទ្យ ទាំង​មន្ទីរពេទ្យ​រដ្ឋ ទាំង​មន្ទីរពេទ្យ​ឯកជន​ត្រូវធ្វើ​សកម្មភាព​ឱ្យ​ស្រប​នឹង​សីលធម៌ សកម្មភាព​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ជាធំ មិនមែន​បញ្ហា​លុយកាក់​ទេ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ហ៊ុន សែន ក៏បាន​ការពារ​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ​ផងដែរ ដោយ​បាន​បដិសេធ​ទៅលើ​ការលើក​ឡើង​របស់​មនុស្ស​មួយចំនួន​ដែល​ថា គ្រូពេទ្យ​ដែល​ល្អ​មាន​តែ​ ១០ ​ភាគរយ​ទេ ចំណែកឯ​​ ៩០ ​ភាគរយ​ទៀត​គឺ​អាក្រក់​ដែល​ការរិះគន់​នេះ​គឺជា​ការប្រមាថ​ធំ​ណាស់​ទៅលើ​គ្រូពេទ្យ ហើយ​ក៏​មិនអាច​ទទួល​យក​បាន​ចំពោះ​ការលើក​ឡើង​បែបនេះ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​គ្រាន់តែ​បង្ហាញ​ចំណុច​នេះ​ដែល​យើង​មិនអាច​ទទួល​យក​បាន​នូវ​អ្វីដែល​ជា​ការលើក​ឡើង​កាលពី​មុននេះ​ដោយ​មនុស្ស​ខ្លះ​គឺថា​គ្រូពេទ្យ​របស់​យើង​ ៩០ ​ភាគរយ​ដែល​អាក្រក់ តែ​ ១០ ​ភាគរយ​ដែល​ល្អ​។ អ៊ីចឹង​បើសិន​ជា​ស្ថានភាព​បែបនេះ គឺជា​ស្ថានភាព​ជា​ការប្រមាថ​មួយ​ដ៏ធំ​សម្រាប់​គ្រូពេទ្យ​របស់​យើង គឺជា​រឿង​ដែល​មិនអាច​ទទួលយក​កើត​ទេ​»​។

ទោះយ៉ាងណា​ក៏ដោយ លោក​ក៏​ទទួលស្គាល់​ពី​ការខ្វះខាត និង​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ទៅលើ​ឥរិយាបថ ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ផងដែរ​។ លោក​ថា គ្រូពេទ្យ​ក៏​មិនត្រូវ​មើលស្រាល​ចំណុច​ណាមួយ​អំពី​ការត្អូញត្អែរ​នេះ​ទេ ព្រោះ​បញ្ហា​ខ្លះ​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ដើម្បី​យកមក​កែលម្អ​ផងដែរ ហើយ​ការទិតៀន​របស់​នរណា​មួយ​​មិនមែន​សុទ្ធតែ​ជា​ការខុស​នោះ​ទេ​។ អ្វី​ដែលជា​ការល្អ​ត្រូវ​យក​មក​គិត​ពិចារណា​ថា តើ​គួរ​កែលម្អ​របៀប​ណា​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

យោងតាម​របាយការណ៍​ដែល​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅក្នុង​ពិធី​នេះ​បាន​ឱ្យ​ដឹងថា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​ថ្នាល​បណ្តុះបណ្តាល​នាំមុខគេ​បង្អស់​នៅ​កម្ពុជា​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ត្រូវបាន​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​។

ហ្វេសប៊ុក​នេះ​ឲ្យ​ដឹងថា​៖ «​បន្ថែម​ពី​លើ​ការកែលម្អ​កម្មវិធីសិក្សា ឱ្យ​ទៅ​ជា​កម្មវិធី​សិក្សា​មួយ ដែល​ផ្អែកលើ​សមត្ថភាព​ស្នូល​ជា​គោល​តាមរយៈ​ការអនុវត្ត​ផ្ទាល់​ក្នុង​មន្ទីរពិសោធន៍ បង្ហាញ​ត្រាប់​ទំនើប​មុន​នឹង​ឲ្យ​និស្សិត​ចេញ​ទៅ​អនុវត្ត​នៅតាម​មន្ទីរពេទ្យ​»៕

វីដេអូ៖