ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី ១៦ ខែ​មេសា​នេះ បាន​ថ្លែង​សារ​ពិសេស​បញ្ជា​បន្ថែម ដោយ​ហាម​ដាច់​ខាត​ការ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល ១៤ ថ្ងៃ (ថ្ងៃទី ១៥-២៨ ខែ​មេសា) មិន​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ ឬ​ភូមិ និង​ឆ្លង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ផ្សេង​ឡើយ។

បញ្ជា​បន្ថែម​នេះ បន្ទាប់​ពី​សង្កេត​ចរាចរ​មនុស្ស និង​មាន​អ្នក​ល្មើស​លួច​ឆ្លង​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ដ​ផ្សេង និង​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​ថ្លែង​ថា បន្ទាប់​ពី​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ នៃ​ខេត្ដ​កណ្ដាល កាល​ពី​ថ្ងៃទី ១៥ ខែ​មេសា​នេះ​ ប៉ុន្ដែ​ចរាចរណ៍​មនុស្ស​នៅ​តែ​បន្ត​មាន​ក្នុង​នោះ​មាន​អ្នក​លួច​ឆ្លង​ទៅ​កាន់​ខេត្ដព្រៃវែង និង​ខេត្ដ​ក្រចេះ​ជា​ដើម។

លោក​នាយក​រដ្ឋមន្រ្ដី​ថ្លែង​ថា៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ដើម្បី​បញ្ជាក់​សា​ជា​ថ្មី​ម្ដង​ទៀត សម្រាប់​ពលរដ្ឋ​របស់​យើង ពេល​នេះ​នៅ​ផ្ទះ​ណា គឺ​នៅ​ផ្ទះ​នោះ នៅ​ភូមិ​ណា គឺ​នៅ​ភូមិ​នោះ នៅ​ស្រុក​ណា គឺ​នៅ​ស្រុក​នោះ នៅ​ទីកន្លែង​ណា គឺ​នៅ​កន្លែង​នោះ ក្នុង​រយៈពេល ១៤ ថ្ងៃ»។

លោក​នាយក​រដ្ឋមន្រ្ដី​បញ្ជាក់​ថា ការ​បិទ​ខ្ទប់​នេះ គឺ​មាន​ករណី​លើកលែង​មួយ​ចំនួន ប៉ុន្ដែ​មិនមែន​ចេះ​តែ​លើកលែង​នោះ​ទេ ដូច្នេះ​លោក​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទ្រាំទ្រ​នូវ​ការ​លំបាក ក្នុង​រយៈពេល​ដែល​ប្រទេស​ជាតិ​ជួប​ការ​លំបាក​នា​ពេល​នេះ។

លោក​នាយក​រដ្ឋមន្រ្ដី​បញ្ជាក់​ថា បើ​ការ​អនុវត្ដ​វិធានការណ៍​បិទ​ខ្ទប់​រយៈពេល ១៤ ថ្ងៃ​ហើយ ប៉ុន្ដែ​សភាពការណ៍​នៃ​ការ​រីក​រាលដាល​កូវីដ ១៩ នៅ​តែ​មិន​ថយ​ចុះ រាជរដ្ឋាភិបាល​នឹង​អូស​បន្លាយ​ ពេល​នេះ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ឬ​អាច​ឈាន​ទៅ​បិទ​ខេត្ដ​មួយ​ចំនួន​ទៀត ដោយ​យោង​ទៅ​លើ​ការ​ចាំបាច់។

លោក​នាយក​រដ្ឋមន្រ្ដី​ថ្លែង​ថា បើ​សិន​​ជា​គ្មាន​ការ​សហការ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទេ​នោះ គឺ​កម្ពុជា​ពិបាក​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​រីក​រាលដាល​វីរុស​កូវីដ ១៩។

លោក​នាយក​រដ្ឋមន្រ្ដី​បញ្ជាក់​ថា៖ «ឥឡូវ​បញ្ជា​ដាច់​ណាត់ ដាច់​ខាត មិន​ឱ្យ​មនុស្ស​ចេញ​ពី​ទីក្រុង​ភ្នំពេញ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​ទៅ​ស្រុក ហើយ​ត្រឡប់​មក​វិញ ដើម្បី​ចូល​ទីក្រុង​ភ្នំពេញ​ទេ។ អ្នក​ដែល​បាន​ទៅ​លេង​ស្រុក​ហើយ​ត្រឡប់​ចូល​មក​ទីក្រុង​ភ្នំពេញ ត្រូវ​នៅ​នឹង​ស្រុក ១៤ ថ្ងៃ រហូត​ដល់​ភ្នំពេញ​បើក»។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​គាំទ្រ​ចំពោះ​ការ​អនុវត្ដ​ច្បាប់ បញ្ជូន​ជនល្មើស​ទៅ​តុលាការ ចំពោះ​បុគ្គល​ដែល​បាន​ល្មើស​បទ​បញ្ជា និង​ច្បាប់​ដែល​បាន​ដាក់​ចេញ​ក្នុង​ពេល​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នេះ៕