ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៨ បំណងដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា៖ «ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវគេរំពឹងថា ជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី»។
ដំណើរទស្សនកិច្ចនេះបានរៀបចំឡើងក្រោយពីមានការអញ្ជើញពីលោកស្រី រ៉េតណូ អិលភី ម៉ារស៊ូឌី (Retno LP. Marsudi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
លោកប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក យូ សុវកាឡា (Jusuf Kalla) និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី៕