ភ្នំពេញៈ តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ជម្រះក្ដី​ជាបន្ទាន់​ដោយ​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ១៨ ​ខែ​ចំពោះ​ឧត្តមសេនីយ៍​ផ្កាយ​៣​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​នគរបាលជាតិ ដែល​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយពី​បាន​បាញ់​ ១០ ​គ្រាប់​កាលពី​យប់​ថ្ងៃ​អង្គារ​។

លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​ស្ថាប័ន​ចៅក្រម​នៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ផ្ដន្ទាទោស​ ១៨ ​ខែ​ដោយ​ចោទប្រកាន់​លោក ហ៊ុន ជា ពី​បទ​គំរាមកំហែង​សម្លាប់​តាម​មាត្រា​ ២៣៣ និង​ធ្វើឲ្យ​ខូច​ដោយ​ចេតនា​តាម​មាត្រា​ ៤១០ នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក រិន្ទ ថ្លែង​ថា​៖ «​ពេល​នេះ​លោក ហ៊ុន ជា ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​ដោយ​ជាប់ទោស​ ១៨ ​ខែ នេះ​មិនមែន​តែ​ករណី​មួយ​ទេ​ (​ដែល​តុលាការ​សម្រេច​ភ្លាមៗ​) មាន​ករណី​ច្រើន​ផ្សេង​ទៀត​ ដោយសារ​តែ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​មូល​គ្រប់គ្រាន់​សម្រាប់​តុលាការ​បើក​ការជម្រះ​បន្ទាន់​»​។

លោក ហ៊ុន ​ជា ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ម្សិលមិញ​ក្រោយពី​បាញ់រះ​ប្រមាណ​ជា​ ១០ ​គ្រាប់​ឡើង​លើ​ដោយ​គ្មាន​គោលដៅ​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ ១ ខណ្ឌ​ដូនពេញ​កាលពី​យប់​ថ្ងៃ​អង្គារ ដោយ​សង្ស័យ​ថា​អាច​កើត​ជម្លោះ​នៅក្នុង​គ្រួសារ​ ឬ​ស្រវឹងស្រា​។ យោង​តាម​ប្រភព​មន្ត្រី​នគរបាល​។

លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ បាន​អះអាង​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ផង​ដែរ​ថា​៖ «​ឥឡូវ​នេះ កម្លាំង​យើង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​រួច​ហើយ​»​។

លោក ខេមរិន្ទ ថ្លែង​ថា​នៅក្នុង​អំឡុង​ពេល​ដែល​ពង្រឹង​សន្តិសុខ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ខាង​មុខ​គឺ​មិន​លើកលែង​ដល់​ជន​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះអាវុធ​នោះ​ទេ​។

លោក ខេមរិន្ទ ថ្លែង​ថា​៖ «​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ណាៗ​ក៏ដោយ ឲ្យ​តែ​ផ្ទុះ​អាវុធ​គឺ​ច្បាម (​តាម​ចាប់​) ​ហើយ​»​។

លោក ជួន សុវណ្ណ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​មកពី​ក្រសួង​មហាផ្ទៃ​គឺជា​អ្នក​ឃាត់​ខ្លួន​លោក ហ៊ុន ជា កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​អាជ្ញាធរ​កងកម្លាំង​ប្រដាប់​អាវុធ​នៅក្នុង​តំបន់​បានបង្ហាញ​នូវ​ភាព​ខ្លាចរអា​មិន​ហ៊ាន​ប្រតិបតិ្តការ​ឃាត់​ខ្លួន​លោក ហ៊ុន ជា នោះ​ទេ​ បន្ទាប់ពី​ផ្ទុះ​អាវុធ​ភ្លាមៗ​នោះ​។

លោក ជួន សុវណ្ណ ថា​៖ «​នគរបាល​រាជធានី​មិន​បាន​ឃាត់​គាត់ (​ហ៊ុន ជា​) ​ទេ តែ​វា​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ​»​។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​ថា ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​សមត្ថកិច្ច​ក្រសួង​ឃាត់​ខ្លួន​ពិតមែន​។ លោក​ថ្លែង​ថា​៖ «​ហ៊ុន ជា ហ្នឹង​ណា​។​...​ក្រោយ​ការ​ផ្ទុះអាវុធ យើង​ទៅ​ដល់ ​យើង​អត់​ធ្វើ​ផ្ទាល់​ទេ​»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា លោក​ ហ៊ុន ជា បាន​បាញ់​ឡើង​ទៅ​លើ​អាកាស មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ដោយសារ​គាត់​នោះ​ទេ​»​។

លោក ហ៊ុន ជា សព្វថ្ងៃ​ជា​ឧត្តមសេនីយ៍ឯក ក្របខ័ណ្ឌ​នគរបាលជាតិ​ជា​កូនប្រុស លោក ហ៊ុន សាន ដែល​ត្រូវ​ជា​បងប្រុស​លោក ហ៊ុន សែន​។ លោក ហ៊ុន ជា ក៏​ធ្លាប់​បង្ក​ការបាញ់បោះ​ដោយ​មិន​មាន​ទោសពៃ​ផងដែរ​កាលពី​អតីតកាល​។

ក្នុង​ឆ្នាំ​ ២០១២ លោក ហ៊ុន ជា និង​លោក ហ៊ុន តូ ដែល​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​ត្រូវ​បាន​ជាប់ចោទ​ពី​ករណី​បាញ់​បោះ​ដែល​ធ្វើឲ្យ​របួស​មនុស្ស ២ នាក់ តែ​ក្រោយ​មក​ករណី​នេះ​ត្រូវ​បាន​ទម្លាក់​ចោល​ដោយសារ​មាន​ភ័ស្តុតាង​មិន​គ្រប់គ្រាន់​។

ក្នុង​អំឡុង​ឆ្នាំ​ ២០១០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​ក្មួយប្រុស​របស់​លោក​គឺ​លោក ហ៊ុន ជា ​ឲ្យ​ត្រឡប់​ចូល​ផ្ទះ ក្រោយពី​មាន​ការ​ចោទប្រកាន់​បោកប្រាស់​ប្រពន្ធ​ និង​ប្រើប្រាស់​គ្រឿងញៀន​។ នៅក្នុង​របាយការណ៍​របស់​អង្គការ​គ្លូបលវីតណេស ឆ្នាំ​ ២០១៦ លោក​ ហ៊ុន ជា ត្រូវ​បាន​ចង្អុលបង្ហាញ​ដោយ​ចោទប្រកាន់​ពី​ការរំលោភ​ច្បាប់​ព្រោះ​តែ​មាន​ផលប្រយោជន៍​ពី​ជំនួញ ទន្ទឹម​គ្នា​នឹង​លោក​កំពុង​កាន់​តួនាទី​នៅក្នុង​រដ្ឋាភិបាល​។

លោក សេង វុត្ថា នាយប៉ុស្តិ៍​សង្កាត់​ផ្សារថ្មី​មួយ​បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​អាវុធ​នោះ​បាន​កើតឡើង​នៅ​មុខ​ផ្ទះ​វេរលុយ ទ្រូម៉ានី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ១១ សង្កាត់​ផ្សារ​ថ្មី​ ១។ អ្នក​ដែល​បង្ក​ការផ្ទុះ​អាវុធ​នេះ​គឺជា​ក្មួយប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​។

លោក វុត្ថា ថ្លែង​ថា​៖ «​យើង​មិន​ដឹង​ថា​គាត់​ផ្ទុះ​អាវុធ​ដោយសារ​រឿង​អ្វី​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ករណី​ជម្លោះ​ពាក្យសម្តី​នៅក្នុង​គ្រួសារ ឬ​ដោយសារ​គាត់​ស្រវឹងស្រា ព្រោះ​ក្រោយ​ការផ្ទុះ​អាវុធ គាត់​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ត្រឹម​តែ​រាយការណ៍​ពី​ករណី​នេះ​ទៅ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ​»៕