ភ្នំពេញៈ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយ លោកស្រី មូរ សុខហួរ កាលពីថ្ងៃចន្ទបានសរសេរលិខិតមួយ ទៅកាន់សហភាពអឺរ៉ុបដោយបានរៀបរាប់ពីអ្វី ដែលលោកស្រីអះអាងថា មានការកើនឡើងនូវការគំរាមកំហែងលើលោក សម រង្ស៊ី និងសកម្មជននៅក្នុងប្រទេស ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ជាការបំប៉ោ។
នៅក្នុងលិខិតចំនួន៣ទំព័រចុះថ្ងៃទី ៤ កុម្ភៈ សរសេរទៅកាន់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបផ្នែកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី សុខហួរ បាននិយាយថា មានការកើនឡើងនូវការគំរាមកំហែងលើលោក សម រង្ស៊ី ជាពិសេស ពាក់ព័ន្ធនឹងការប្រកាសពីការវិលត្រឡប់របស់លោក មកកម្ពុជាវិញដោយមានការប្រកាសពីការចាប់ខ្លួន។
លិខិតរបស់លោកស្រីសរសេរថា៖ «នៅកម្ពុជា សមាជិកបក្សប្រឆាំង និងក្រុមប្រឹក្សាជាប់ឆ្នោតត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយនគរបាល និងអាជ្ញាធរមូលដ្ឋាន។ អ្នកដែលសកម្មនៅលើហ្វេសប៊ុកត្រូវបានព្រមាន ឬត្រូវចាប់ខ្លួន ដោយសារតែមតិយោបល់របស់ពួកគេ ដែលគេយល់ថា ជាការញុះញង់ ឬជាព័ត៌មានក្លែងក្លាយ»។
លោកស្រីបានដាក់បញ្ចូលឈ្មោះមនុស្សជាង ២០ នាក់ដែលលោកស្រីអះអាងថា បានរងការគំរាមឬហៅទៅសាកសួរ។ ក្នុងចំណោមនេះ រួមមាន ៧ នាក់ នៅខេត្តបាត់ដំបង ១៦ នាក់ នៅខេត្តបន្ទាយមានជ័យ ម្នាក់ពីខេត្តកណ្ដាល និងការផ្ទេរគ្រូបង្រៀន ២ រូប នៅខេត្តកំពង់ធំឲ្យទៅធ្វើការនៅការិយាល័យ។ លោកស្រីក៏បានដាក់បញ្ចូលមន្ត្រីដែលត្រូវបានផាកពិន័យរឿងម្រាមដៃស្អាតនៅខេត្តបាត់ដំបង ការចាប់ខ្លួន ក្រុមប្រឹក្សាឃុំ ២ រូបនៅខេត្តព្រះសីហនុ និងការចាប់ខ្លួន និងឃុំខ្លួន សកម្មជនពីខេត្តស្វាយរៀងឈ្មោះ គង់ ម៉ាស់ ផងដែរ។
លោកស្រីសរសេរថា៖ «យើងបញ្ជាក់សាជាថ្មី ការគាំទ្ររបស់យើងសម្រាប់ការពិភាក្សារវាងរបបលោក ហ៊ុន សែន និងសហគមន៍អន្តរជាតិ ក្នុងការនាំលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ។ លោក សម រង្ស៊ី និងសមាជិកបក្សប្រឆាំងទាំងអស់ ដែលនិរទេសខ្លួន នឹងត្រឡប់ទៅកម្ពុជាវិញ ដើម្បីស្វែងរកដំណោះស្រាយឲ្យមានឯកភាពជាតិ និងដើម្បីទាមទារគោលការណ៍ប្រជាធិបតេយ្យ និងតម្លៃនៃពហុនិយម»។
នៅពេលទាក់ទងកាលពីថ្ងៃម្សិលមិញ លោកស្រី មូរ សុខហួរ មិនបានឆ្លើយសំណួរចំៗទេ ថាតើហេតុអ្វីបានជាលោកស្រី សរសេរលិខិតទៅសហភាពអឺរ៉ុប។ លោកស្រីបាននិយាយថា ការគំរាមកំហែង និងការចាប់ខ្លួនគឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ប្រព្រឹត្តដោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើសមាជិកគណបក្សប្រឆាំង។
លោកស្រីបានបន្តថា សិទ្ធិនយោបាយ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយការវិលត្រឡប់របស់លោក សម រង្ស៊ី ក៏ជាសិទ្ធិរបស់លោកដែរ ក្នុងនាមពលរដ្ឋខ្មែរ ហើយការវិលត្រឡប់នេះ គួរតែត្រូវបានចាត់ទុកថា ជាដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនយោបាយ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងកាលពីម្សិលមិញតាមទូរស័ព្ទថា ថ្មីៗនេះ មិនមានការហៅមកសាកសួរ លើសកម្មជនអតីតគណបក្សប្រឆាំងទេ ប៉ុន្តែកាលពីខែមុនប្រហែលជាមាន ដោយសារតែពួកគេ បានរំលោភលើសាលដីការបស់តុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែកាលពីខែមុនប្រហែលជាមានដោយសារគាត់ធ្វើសកម្មភាពផ្ដេសផ្ដាស ផ្ទុយនឹងសាលដីកាតុលាការ។ ទាំងអស់គ្នាដឹងហើយថា គណបក្សសង្គ្រោះជាតិមិនមានទៀតទេ។ តុលាការរំលាយចោល ហើយគាត់ធ្វើសកម្មភាពបានន័យថា ប្រឆាំងនឹងសាលដីកា ត្រូវហៅមកអប់រំ ព្រមាន ណែនាំអ៊ីចឹងហើយ មិនមែនជាការគំរាមកំហែងទេ»។
ទោះយ៉ាងណា លោកថ្លែងថា តួលេខមិនច្រើនដូចការលើកឡើងរបស់លោកស្រីសុខហួរនោះទេ ហើយលោកចាត់ទុកតួលេខច្រើនបែបនេះថា ជាការបំប៉ោងតួលេខ ហើយវាបញ្ជាក់ថាមានការបំផុសឲ្យមានចលនាប្រឆាំងនឹងច្បាប់នៅកម្ពុជា។
លោកបន្តថា៖ «ការធ្វើដូច្នេះ គឺសមត្ថកិច្ចអនុវត្តច្បាប់ ហើយបើនិយាយពីការអនុវត្តច្បាប់មែន យើងត្រូវតែរៀបចំសំណុំរឿងពួកគាត់បញ្ជូនទៅតុលាការ។ ប៉ុន្តែនេះ យើងចង់បង្ហាញថា យើងទន់ភ្លន់ យើងដឹងថា ប្រជាពលរដ្ឋយើងយល់មិនច្បាស់ អំពីបញ្ហាច្បាប់ទម្លាប់ យើងអប់រំគាត់មុន។ តែដល់ពេលអប់រំហើយ គាត់នៅតែចចេសរឹងរូស អាហ្នឹង អនុវត្តតាមច្បាប់។ យើងទាំងអស់គ្នាដឹងហើយ ច្បាប់មិនអនុញ្ញាតឲ្យធ្វើ វាខុសច្បាប់ហើយ»។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងកាលពីម្សិលមិញថា លោកមិនឈឺក្បាលនឹងអ្វីដែលលោកស្រី មូរ សុខហួរ សរសេរទៅ EU ទេ ពីព្រោះកម្ពុជាធ្វើការជាមួយកម្ពុជា។
លោកថ្លែងថា៖ «វាជាសិទ្ធិរបស់គាត់ ក្នុងការសរសេរទៅអ្នកណាដែលគាត់ចង់។ ប៉ុន្តែ EU មិនមានអំណាចអ្វី មកលើកម្ពុជាទេ។ កម្ពុជាចាត់វិធានការដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ វាគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ និងសកម្មភាពកិច្ចការបរទេសរបស់គាត់ប៉ុណ្ណោះ»។
ទោះយ៉ាងណា លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានថ្លែងយ៉ាងខ្លីថា លិខិតរបស់លោកស្រី មូរ សុខហួរ គឺដើម្បីជាការរំឭកដល់ EU ថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់បើកចំហនៅឡើយ បើទោះបីជាសកម្មភាពថ្មីៗរបស់រដ្ឋាភិបាល ត្រូវបានចាត់ទុកថា «វិជ្ជមាន» ក៏ដោយ។
លោក មាស នី អ្នកស្រាវជ្រាវពីបញ្ហាសង្គមក៏យល់ឃើញស្រដៀងគ្នាដែរ ដោយលោកនិយាយថា លោកស្រី សុខហួរ ចង់រំឭកដល់ EU អំពីស្ថានភាពនៅកម្ពុជា នៅខណៈដែល EU កំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
លោកថ្លែងថា៖ «វាមិនមែនជារឿងថ្មីទេ វាគ្រាន់តែជាការបង្ហាញការទាមទារដូចអ្វីដែលភ្ជាប់ទៅនឹងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹង EBA។ វាជាមធ្យោបាយតែមួយគត់ដែលគណបក្សប្រឆាំង អាចធ្វើដើម្បីរំឭកដល់ EU»។
លោក ឯម សុណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានថ្លែងថា ការសរសេរទៅកាន់ EU បែបនេះ បញ្ជាក់ថា ខ្មែរនិងខ្មែរ មិនអាចនិយាយគ្នាបាន ហើយត្រូវការភាគីទី ៣។
លោកបានថ្លែងថា៖ «ឥឡូវនេះ សង្គ្រោះជាតិមិនមានវិធីអ្វីផ្សេងទេដើម្បីទប់លើឥទ្ធិពលគណបក្សកាន់អំណាច។ ដូច្នេះវិធីតែមួយគត់គឺសរសេរលិខិតទៅអន្តរជាតិ ឬទៅកាន់យន្តការអង្គការសហប្រជាជាតិ។ នេះបញ្ជាក់ពីស្ថានភាព ដែលមិនអាចនិយាយគ្នាបានរវាងខ្មែរនិងខ្មែរ»៕