ភ្នំពេញៈ លោកស្រី រ៉ូណា ស្មុីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ (អសប) ប្រចាំកម្ពុជា កាលពីម្សិលមិញបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឈ្វេងយល់អំពីការងាររបស់ស្ថាប័ននេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលប្រឆាំងអំពើពុករលួយឲ្យបានជោគជ័យ។
ក្នុងជំនួបជាមួយលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកស្រី រ៉ូណា ស្មុីត ក៏បានឈ្វេងយល់អំពីវឌ្ឍនភាពនៃទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អ.ស.ប យុទ្ធសាស្រ្តចតុកោណ ព្រមទាំងទិសដៅការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីកាត់បន្ថយ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការសូកប៉ាន់នៅគ្រប់កម្រិត។
លោកស្រីប្រាប់ភ្នំពេញប៉ុស្តិ៍ បន្ទាប់ពីកិច្ចប្រជុំថា៖ «រដ្ឋាភិបាលបានពន្យល់ប្រាប់យើងអំពីអ្វី ដែលខ្លួនកំពុងធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាអាចដឹងបាននូវអ្វីដែលជាយុទ្ធសាស្ត្រចតុកោណ ព្រមទាំងទិសដៅការអភិវឌ្ឍប្រកបដោយចីរភាព ហើយរដ្ឋាភិបាលមានយន្តការច្រើនដើម្បីទទួលបានព័ត៌មានអំពីអំពើពុករលួយ ធ្វើការស៊ើបអង្កេត និងបន្ទាប់មកធ្វើការរាយការណ៍»។
លោក ឃាង សេង បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនោះថា លោកស្រី ស្មុីត ចង់ដឹងអំពីតួនាទីរបស់ ACU មានអ្វីខ្លះក្នុងការអនុវត្តច្បាប់។ លោកឲ្យដឹងថា លោកក៏បានរៀបរាប់ប្រាប់លោកស្រី រ៉ូណា ស្មុីត អំពីការធ្វើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ន និងកន្លងមក ជាពិសេសការងារបង្ការ អប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក ឃាង សេង បញ្ជាក់ថា របាយការណ៍ខ្លះដែលត្រូវផ្ញើទៅឱ្យ អ.ស.ប ទៅលើចំណុចទី១៦ ដូចមិនទាន់មាននៅឡើយ ហើយលោកស្រីឱ្យ ACU បំពេញបន្ថែមចំណុចនេះ។
លោកបញ្ជាក់ថា៖ «ក្រៅពីហ្នឹងដូចជាមិនអីទេ គាត់ថាការងាររបស់យើងហ្នឹងត្រូវការពេលវេលា។ វាត្រូវការតាំងចិត្តគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសយើងហ្នឹងឱ្យមានប្រសិទ្ធភាព និងជោគជ័យនៅពេលខាងមុខ»។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាមួយ អ.ស.ប លោក ឃាង សេង ថ្លែងថា នៅក្នុងក្របខ័ណ្ឌច្បាប់របស់កម្ពុជាគឺកម្ពុជាអនុវត្តអនុសញ្ញា អ.ស.ប ប្រឆាំងអំពើពុករលួយជុំទី១ និងជុំទី២ ដែលកម្ពុជា ជាសមាជិក អ.ស.ប ស្រាប់។
លោកបន្ថែមថា៖ «អ្វីដែលជាលទ្ធផលក្នុងការវាយតម្លៃការងារប្រឆាំងអំពើពុករលួយរបស់យើង ដាក់ទៅក្នុង អ.ស.ប។ យើងមាន ២ ជុំ។ ជុំទី១ ជុំទី២ ហើយឆ្នាំនេះក៏មាន ជុំទី២ ដែរ ហើយគេនឹងគ្រោងមកធ្វើការត្រួតពិនិត្យយើងក្នុងឆ្នាំហ្នឹង។ យើងក៏ទៅត្រួតពិនិត្យគេក្នុងឆ្នាំហ្នឹងដែរ»។
ឆ្លើយសំណួរអ្នកសារព័ត៌មានអំពីអនុសាសន៍លោកស្រី រ៉ូណា ស្មុីត ចំពោះកម្ពុជា លោក ឃាង សេង បញ្ជាក់ថា លោកស្រី ស្មុីត បានផ្តាំផ្ញើធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាលប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានជោគជ័យ ធ្វើយ៉ាងម៉េចឱ្យមានតម្លាភាព និងប្រសិទ្ធភាព និងសុំឱ្យរដ្ឋាភិបាលប្រឹងប្រែងធ្វើការងារ។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ចាត់ ទុកជំនួបរវាង ACU និងលោកស្រីស្មុីត ថាមានសារ:សំខាន់ មានភាពប្រសើរចំពោះគំនិតផ្តួចផ្តើម ផែនការយុទ្ធសាស្ត្រជាតិ និងអនុសាសន៏ផ្សេងៗនៅកម្រិតតំបន់តែងតែត្រូវបានគេដឹង និងបានឃើញ។ ប៉ុន្តែថា លោកស្រីចង់ឃើញការប្រយុទ្ធប្រឆាំងមួយដែលរួមចំណែកកាត់បន្ថយឱ្យបានច្រើននូវទម្រង់នូវការរំលោភអំណាច។
លោក សន ជ័យ បានលើកឡើងថា៖ «បើប្រទេសមួយមានការប្រឆាំងអំពើពុករលួយខ្លាំងក្លា ស៊ីជម្រៅ វាអាចធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃអភិបាលកិច្ច ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាដើម»៕