ភ្នំពេញៈ លោកស្រី រ៉ូណា ស្មុីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីទៀតនៅចុងខែមេសានេះដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស នាពេលបច្ចុប្បន្នតាមការអញ្ជើញរបស់រដ្ឋាភិបាលកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលចេញផ្សាយពីម្សិលមិញបានឲ្យដឹងថា ការមកបំពេញទស្សនកិច្ចនាពេលនេះរបស់លោកស្រី គឺមានរយៈពេល ១១ ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៩ ដោយគ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
ជាមួយគ្នានេះ លោកស្រី រ៉ូណា ស្មុីត ក៏ចុះទៅបំពេញទស្សនកិច្ចនៅតាមតំបន់ផ្សេងៗដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ផងដែរ ខណៈការបំពេញទស្សនកិច្ចមកកម្ពុជា គឺដើម្បីធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្របពេលលោកស្រី រ៉ូណា ស្មុីត នឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី នៅខែកញ្ញា ខាងមុខ។
លោកស្រី រ៉ូណា ស្មុីត បានថ្លែងក្នុងលិខិតនោះថា៖ «ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរការវិវត្តនានាចាប់តាំងពីបេសកកម្មរបស់ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក»។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំមានបំណងបន្តការពិនិត្យផងដែរទៅលើវិស័យសិទ្ធិមនុស្សទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ដោយពិនិត្យពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព»។
បើតាមសេចក្តីប្រកាសដដែលនោះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ លោកស្រីរ៉ូណា ស្មុីត នឹងធ្វើសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ចរបស់ខ្លួន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយថា ការមកបំពេញទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត គឺជាដំណើរទស្សនកិច្ចជាប្រក្រតីរបស់គាត់ប៉ុណ្ណោះដែលតែងតែធ្វើឡើងជាទៀងទាត់ ពី ២ ទៅ ៣ ដង ក្នុង ១ ឆ្នាំ ដើម្បីរៀបចំរបាយការណ៍សម្រាប់ដាក់ជូនទៅអង្គការសហប្រជាជាតិ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោកបន្តថា សម្រាប់ការមកបំពេញទស្សនកិច្ចនេះ គាត់តែងតែផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ដែលលោកអះអាងថា កម្ពុជាបានខិតខំកសាង និងលើកកម្ពស់បញ្ហានានា ដែលជាអនុសាសន៍បានដាក់ចេញកន្លងមក។
លោកបញ្ជាក់ថា៖ «ការបំពេញទស្សនកិច្ចមួយៗ តែងតែមានវិវត្ត ដែលយើងតែងធ្វើការរាយការណ៍ជូនគាត់ ចំពោះការវិវត្តសិទ្ធិសេរីភាព ប្រជាធិបតេយ្យនៅប្រទេស កម្ពុជា ហើយគាត់មក គឺដើម្បីវាយតម្លៃពីអនុសាសន៍ ដែលគាត់ធ្លាប់ដាក់ជូនមកកម្ពុជា ថាតើកម្ពុជាអនុវត្តបានកម្រិតណា ហើយយើងមានបញ្ហាប្រឈមអ្វីខ្លះ?»។
លោក ជិន ម៉ាលីន បន្ថែមថា ជាមួយនឹងការអញ្ជើញមកដល់ជាថ្មីនេះ ក្នុងនាមរដ្ឋាភិបាលនឹងព្យាយាមរាយការណ៍ និងឆ្លើយតបទៅនឹងការអនុវត្តរបស់កម្ពុជា រួមទាំងបង្ហាញទិសដៅដែលកម្ពុជា នឹងអនុវត្តជំហានបន្ទាប់ផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថា កម្ពុជានៅតែស្វាគមន៍ការមកបំពេញទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត ព្រោះកម្ពុជាមានទំនាក់ទំនងល្អ និងជាដៃគូអភិវឌ្ឍន៍ ដែលបង្កើនគុណភាពជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោករំពឹងថា៖ «ការអញ្ជើញមកដល់របស់លោកស្រី គឺនឹងមានការសហការគ្នាល្អ ពង្រឹងជុំវិញវិស័យសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែមិនមែនមានការបិទសិទ្ធិទេ គឺទៅតាមលទ្ធភាព វប្បធម៌ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។
ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជាកាលពីខែ វិច្ឆិកា ឆ្នាំមុន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារូបនេះ បានអំពាវនាវជាថ្មីទៀតទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែង លោកកឹម សុខា មេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថា ការបន្តឃុំខ្លួនលោកសុខានៅក្នុងផ្ទះបែបនេះ គឺជាការរឹតត្បិតសេរីភាព។
មិនអាចទាក់ទងលោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានទេ កាលពីម្សិលមិញ៕