ភ្នំពេញៈ ពលរដ្ឋបុរីកីឡាម្នាក់ត្រូវបានក្រសួងមហាផ្ទៃកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃអង្គារនេះ ក្រោយពីលោកស្រី ស៊ុយ សុផាន ប្តឹងពាក់ព័ន្ធទៅនឹងការតវ៉ារកដំណោះស្រាយនៅមុខផ្ទះរបស់លោកស្រីជាច្រើនដងជាមួយនឹងពលរដ្ឋផ្សេងទៀតកាលពីខែកុម្ភៈកន្លងមក។
លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចបានប្តឹងលោកស្រី ភោគ សុភីន អាយុ ៤៥ ឆ្នាំជាពលរដ្ឋបុរីកីឡាទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ហើយត្រូវបានលោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននេះចេញដីកាកោះហៅកាលពីថ្ងៃទី ៧ ខែមីនា។ ដីកាកោះហៅលើកទី ១ នេះត្រូវបានបញ្ជូនទៅនគរបាលប៉ុស្តិ៍វាលវង់ ដើម្បីប្រគល់ឲ្យលោកស្រី សុភីន។
ដីកាកោះបានសរសេរថា៖ «យើងជាមន្ត្រីនគរបាលយុត្តិធម៌កោះហៅឈ្មោះ ភោគ សុភីន ភេទស្រី អាយុ ៤៥ ឆ្នាំចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបន្ទប់លេខ ១៧ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ៩ ព្រឹកដើម្បីចូលមកបំភ្លឺជុំវិញបណ្តឹងរបស់ឈ្មោះ ស៊ុយ សុផាន»។
ទោះយ៉ាងណាលិខិតកោះនោះមិនបានបញ្ជាក់ពីបទល្មើសអ្វីនោះទេ។
លោកស្រី សុភីន បានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីនគរបាលប៉ុស្តិ៍បានប្រគល់លិខិតកោះហៅនោះកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយការប្តឹងនេះគឺដោយសារតែសកម្មភាពរបស់លោកស្រី និងពលរដ្ឋបុរីកីឡាប្រមាណជា ៣០ នាក់ផ្សេងទៀតដែលបានធ្វើការតវ៉ារកដំណោះស្រាយនៅមុខផ្ទះលោកស្រី ស៊ុយ សុផាន ប្រមាណជា ៣ ដងនៅក្នុងខណ្ឌទួលគោកកាលពីខែមុន។ ក្នុងនោះរួមមានការបាច អំបិលម្ទេស វាយធុង និងចានឆ្នាំងជាដើម ហើយមានអង្គរក្សចេញទៅហាមឃាត់។ ប៉ុន្តែនៅពេលដែលពួកគាត់មិនព្រមឈប់ក៏ត្រូវបានអង្គរក្សប្រមូលយកអស់។
លោកស្រីថ្លែងថា៖ «អ៊ីចឹងឈូសផ្ទះខ្ញុំហើយប្តឹងខ្ញុំទៀតអ៊ីចឹង។ ខ្ញុំទៅតវ៉ារកដំណោះ ៦ ឆ្នាំហើយឲ្យសងផ្ទះ សងដីខ្ញុំវិញ។ គាត់ខឹងខ្ញុំរឿងតវ៉ានៅមុខផ្ទះគាត់ហ្នឹង»។
លោកស្រី អះអាងថានឹងចូលទៅបំភ្លឺនៅព្រឹកថ្ងៃអង្គារនេះតាមការកោះហៅ។ ក្នុងនោះក៏មានពលរដ្ឋប្រមាណជា ៣០ នាក់អមដំណើរទៅផងដែរ។
លោក ជាវ វិបុល នាយប៉ុស្តិ៍វាលវង់បានអះអាងថាមិនបានដឹងថាការប្តឹងនោះគឺពាក់ព័ន្ធនឹងបទអី្វទេ។
លោក សុខ ខេមរិន្ទ ក៏បានអះអាងផងដែរថា មិនបានចាំថាការប្តឹងនោះមានពាក់ព័ន្ធនឹងបទអី្វទេ។ ទោះយ៉ាងណាឲ្យលោកស្រី សុភីន ចូលតាមការកោះហៅនោះតាមពេលវេលាកំណត់៕