ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្មីៗនេះ បានប្តេជ្ញាចិត្តនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន ថាទប់ស្កាត់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់បរទេស និងប្រឆាំងដាច់ខាតរាល់សកម្មភាពបដិវត្តន៍ពណ៌និងការញុះញង់ដែលបង្កឲ្យមានចលាចលក្នុងសង្គម ខណៈដែលព្រះមហាក្សត្រខ្មែរអំពាវនាវឲ្យមានការសាមគ្គីនិងការបង្រួបបង្រួមជាតិ។
ការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើង នៅក្នុងទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ហ៊ុន សែន បានប្តេជ្ញាថា៖«ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និង បូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់បរទេស និងប្រឆាំងដាច់ខាតរាល់សកម្មភាព ពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា»។
លោកបន្ថែមថា រាជរដ្ឋាភិបាលបន្តដោះស្រាយព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដោយផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ និងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ដោយមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាង ទប់ស្កាត់ និងបង្ក្រាប បទល្មើស ហិរញ្ញប្បទានភេរវកម្ម ការសំអាតប្រាក់ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះដែរ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលកោតសរសើរ និងស្ញប់ស្ញែង ចំពោះការដឹកនាំ របស់លោក ហ៊ុន សែន យ៉ាងដូច្នេះថា៖«រយៈពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ យើង មានការប្រែប្រួល មុខមាត់ថ្មីគួរឲ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវបាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលផ្តើមចេញ ពីកម្លាំងកសាង និងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»។
ក៏ប៉ុន្តែ ព្រះអង្គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាជាធ្លុងមួយការពារ នូវសុខសន្តិភាព និងការកសាងមាតុភូមិកម្ពុជា ទៅមុខបន្តទៀតដោយព្រះអង្គមានព្រះរាជបន្ទូលថា៖«ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ»។
កញ្ញា លី ស្រីស្រស់ អ្នកវិភាគនយោបាយនិងសង្គមបានលើកឡើងថា ការប្តេជ្ញារបស់លោក ហ៊ុន សែន នៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ នរោត្តម សីហមុនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន គឺដើម្បីទាក់ទាញប្រជាប្រិយភាពនិងធ្វើឲ្យប្រជាពលរដ្ឋមើលឃើញនូវអ្វីដែលជាស្នាដៃខ្លួនបានធ្វើសម្រាប់ជាតិ។ កញ្ញា ថ្លែងថា ការអន្តរាគមន៍របស់អន្តរជាតិ គ្រាន់តែធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តនូវកាតព្វកិច្ចដែលខ្លួនបានសន្យា។
កញ្ញាលី ស្រីស្រស់ បញ្ជាក់ថា៖«ការលើកឡើងបែបនេះវាអាចធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងសង្គមយើងហ្នឹង មើលឃើញថា អ្វីដែលរដ្ឋាភិបាលធ្វើសព្វថ្ងៃហ្នឹងគឺដើម្បីជាតិហើយដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រគាត់»៕