ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ត្រូវ​អនុវត្ត​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​បម្រាម​គោចរ ការ​ត្រួត​ពិនិត្យ ការ​ផ្អាក​លក់​គ្រឿង​ស្រវឹង ពិសេស​ត្រូវ​ត្រួត​ពិនិត្យ​ខណ្ឌ​ទាំង ៣ ដែល​ពាក់ព័ន្ធ​នឹង​តំបន់​បិទ​ខ្ទប់​ទាំង​អស់ ជាពិសេស​ត្រូវ​ថត​រូប​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចេញ​ដើរ​ទិញ​ម្ហូម​អាហារ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ខណ្ឌ​ទាំង ១៤ កាល​ពី​ព្រលប់​ថ្ងៃទី ១១ លោក ឃួង ស្រេង បានឱ្យ​ដឹង​ថា លោក​ក៏​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ដែល​ត្រូវ​បិទ​ខ្ទប់​មើល​ពលរដ្ឋ​កុំ​ឱ្យដើរ​រហេតរហូត ដោយ​ពុំបាន​ត្រួត​ពិនិត្យ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ផ្ទុយ​ពី​ការ​កំណត់ និង​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី ដូចជា​ការ​ចេញចូល ទិញ​ម្ហូប​អាហារ ត្រូវ​កំណត់​មុខ​សញ្ញា​គាត់​ឱ្យ​បាន​ច្បាស់ ជាមួយ​នឹង​ការ​ថតរូប​គាត់​ទុក។

លោក ឃួង ស្រេង ពន្យល់​ថា ការ​ថតរូប​ពលរដ្ឋ​រូប​ណា​ដែល​បាន​ធ្វើ​ដំណើរ​ចេញ ដើម្បី​កំណត់​មុខ​សញ្ញា​ពលរដ្ឋ ២ ទៅ ៣ ថ្ងៃ​ក្រោយ ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​នេះ​ជា​អ្នក​ចេញ​ទៅ​ទិញ​បន្លែបង្ការ​ត្រី​សាច់។

លោក​បាន​បញ្ជាក់​ថា៖ «កម្លាំង​ដែល​អនុវត្ត​រាល់​សកម្ម​ភាព​ត្រូវ​រាយការណ៍​ជា​ប្រចាំ​មក​រដ្ឋបាល​រាជធានីភ្នំពេញ។ ត្រូវ​ពិនិត្យ​ពី​ស្ថានភាព​ជាក់​ស្តែង ចំពោះ​ការ​នាំយក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ពោល​គឺ​ត្រូវ​ផ្តល់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយរងគ្រោះ​ជាង​គេ​មុន។ បន្ថែម​ពី​នេះ ការ​រក្សា​គម្លាត​សុវត្ថិភាព ក្នុង​ពេល​ចែក​អំណោយ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ។ នេះ​ជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​ឱ្យ​ខាង​តែ​បាន»។

តាម​របាយកាណ៍​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​បិទ​ខ្ទប់ ភូមិ សង្កាត់​ជា​ច្រើន នៅ​ក្នុង​មូលដ្ឋាន​រាជធានីភ្នំពេញ ដើម្បី​ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិកាណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​នោះ​មាន​ដូចជា ភូមិ​ត្រពាំង​ថ្លឹង ២ និង​ភូមិ​ទួលពង្រ​នៃ​សង្កាត់ចោម​ចៅទី១ ភូមិ​ចម្ការ​ឪឡឹក ១ ភូមិ​ប៉ប្រក​ខាង​ត្បូង ភូមិ​ប៉ប្រក​ខាង​ជើង និង​ភូមិ​ត្រពាំងល្វា ១ នៃ​សង្កាត់​កាកាប​ទី១ និង​ភូមិ​ចម្ការ​ឪឡឹក ២ ក្នុង​សង្កាត់​កាកាប​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ ។

របាយការណ៍ដ​ដែល​បន្ត​ថា ខណ្ឌមានជ័យ​មាន​ភូមិទ្រា ៤ ភូមិ​ដំណាក់​ធំ ២ និង​ភូមិ​ដំណាក់ធំ ៣ នៃ​សង្កាត់​ស្ទឹងមានជ័យ ៣ សង្កាត់​ស្ទឹងមានជ័យ ១ និង​ស្ទឹងមានជ័យ ២ រី​ឯខណ្ឌ​សែនសុខ​មាន​ភូមិ​ទ្រុងមាន់ សង្កាត់​អូរបែកក្អម ដែល​ជា​ភូមិ និង​សង្កាត់ មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ភូមិឋាន​ដែល​បិទ​ខ្ទប់​នេះ​ហើយ​ដែល​អាជ្ញាធរ​រាជធានីភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្លាំង​ក្លា​បំផុត ទាំង​ការ​អនុវត្ត​ ការ​ធ្វើ​ចត្តាឡីស័ក​ឱ្យ​គ្រប់ ១៤ ថ្ងៃ មិន​ឱ្យ​មាន​ការ​ជួបជុំ និង​ការ​ប្រគល់​អំណោយ​ជូន​ពួក​គាត់៕