ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើអ្នកធ្វើចត្តាឡីស័កដោយមិនឱ្យមានការចេញក្រៅកន្លែងចត្តាឡីស័ក និងត្រូវអនុវត្តន៍ច្បាប់ជាចាំបាច់។
នាយករដ្ឋមន្ត្រីបានបញ្ជាទៅលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវធ្វើការជាមួយនឹងតុលាការដើម្បីកាត់ទោសអ្នកដែលធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ ហើយត្រូវរៀបចំដូចសមត្ថកិច្ចនគរបាលដូចនេះដែរដោយមានសម្លៀកបំពាក់សម្រាប់ធ្វើការជាមួយអ្នកមានវីរុសកូវីដ១៩។
លោក ហ៊ុន សែន ថា៖ «យើងអាចឱ្យចៅក្រមយើងពាក់អាវសម្រាប់ការពារខ្លួនដើម្បីកាត់ទោសអ្នកដែលល្មើសនឹងការធ្វើចត្តាឡីស័ក។ ត្រូវកាត់ទោសជាចាំបាច់ព្រោះច្បាប់នេះចេញមកសម្រាប់ធ្វើការអនុវត្តទៅលើអ្នកដែលបំពានការធ្វើចត្តាឡីស័កត្រូវតែធ្វើ ហើយធ្វើដោយចាំបាច់»។
លោកបានបន្ថែមថា៖ «សមត្ថកិច្ចចាប់បានយប់នេះ ស្អែកឡើងត្រូវកាត់ទោស។ ខ្ញុំមិនមែនបញ្ជាតុលាការទេ ខ្ញុំបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ ហើយត្រូវធ្វើជាមួយនឹងតុលាការ តែរដ្ឋមន្ត្រីយុត្តិធម៌ជាសមាជិកនៃរាជរដ្ឋាភិបាល»។
លោក ហ៊ុន សែន ថា ប្រសិនបើអ្នកធ្វើចត្តាឡីស័ក ហើយមានវីរុសកូវីដ១៩ទៀតនោះ ត្រូវដាក់ទោសទៅតាមច្បាប់ដែលមានហើយ ដើម្បីកុំឱ្យគេថាច្បាប់បង្កើតឡើងគ្រាន់តែជាការគំរាម។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងសុខាភិបាល និងតាមបណ្តាខេត្តផ្សេងទៀត ត្រូវរៀបចំមន្ទីរពិសោធន៍ដើម្បីឱ្យការធ្វើតេស្តបានលឿន។
លោកថា៖ «កន្លែងណាមានការសង្ស័យថាមានកូវីដ១៩គឺត្រូវតែធ្វើមុន ព្រោះយើងចំណេញពេល នៅពេលដែលដឹងភ្លាមធ្វើតេស្តភ្លាម នោះយើងនឹងអាចយកអ្នកជំងឺបានមុន ប៉ុន្តែមន្ទីរពិសោធន៍កន្លងទៅនេះមិនទាន់បានអនុវត្តន៍នូវយុទ្ធសាស្ត្រគ្រប់គ្រងសភាពការណ៍ទេគឺធ្វើតាមដំណើររឿង ហើយអ្វីដែលគួរឱ្យសោកស្តាយគឺសំណាកដែលគ្មានហានិភ័យត្រូវបានធ្វើតេស្តមុន»។
លោក ហ៊ុន សែន សុំឱ្យវិទ្យាស្ថាន និងមន្ទីរពិសោធន៍ទាំងអស់ធ្វើតេស្តកូវីដឱ្យបានឆាប់ឱ្យបានលឿន និងផ្តល់អាទិភាពទៅតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីគ្រប់គ្រងស្ថានការណ៍បានឆាប់រហ័ស ហើយនៅថ្ងៃខាងមុខនេះនឹងមានម៉ាស៊ីនធ្វើតេស្តថ្មីនឹងមកដល់ទៀត៕