ភ្នំពេញៈ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ក្រោយ​ស្ងប់ស្ងាត់​រយៈពេល​វែង​នោះ​កាលពី​ពេល​ថ្មីៗ​នេះ​ចាប់ផ្ដើម​ធ្វើដំណើរ​ទៅ​តាម​ខេត្ត​មួយចំនួន​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នកស្នេហាជាតិ និង​ស្វែងយល់​ពី​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩​លើ​កសិករ និង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​លោក​មិនបាន​ធ្វើ​សកម្មភាព​នយោបាយ​ប៉ះពាល់​ដល់​បម្រាម​ពី​តុលាការ​ទេ​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​មេធាវី​របស់​លោក​។

អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​ ២០១៧ លោក​ កឹម សុខា រយៈពេល​ចុងក្រោយ​នេះ​បាន​បង្ហាញ​វត្តមាន​នៅ​ទីសាធារណៈ​មួយចំនួន បន្ទាប់ពី​លោក​បន្ត​ភាពស្ងប់ស្ងាត់​ជា​យូរ​មកហើយ ក្រោយពី​តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក​ដើរហើរ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃទី​ ១០ វិច្ឆិកា ២០១៩​។

លោក ចាន់ ចេន មេធាវី​មួយរូប​របស់​លោក កឹម សុខា ថ្លែង​ពី​ម្សិលមិញ​ថា លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ៦ កក្កដា ដើម្បី​ស្វែងយល់​ពី​កសិផល និង ជីវភាព​កសិករ​ក្នុង​ស្ថានភាព​កូវីដ​។ កាលពី​ថ្ងៃទី​ ១០ កក្កដា លោក​បាន​ទៅ​ខេត្តតាកែវ ដើម្បី​ទៅ​អុជ​ធូប​នៅ​កន្លែង​ពិធី​បុណ្យខួប​ ៤ ​ឆ្នាំ​របស់​លោក កែម ឡី ដើម្បី​គោរព​គាត់​ចំពោះ​ការលះបង់​របស់លោក​។ នៅ​ថ្ងៃ​ ១៧ និង ១៨ កក្កដា​នេះ​លោក​បាន​ទៅ​ខេត្ត​នៅ​ភាគ​ពាយព្យ​រួមមាន​បន្ទាយមានជ័យ​ និង​សៀមរាប​។

លោក​ ចាន់ ចេន បាន​ថ្លែងថា​៖ «​នេះ​មិនមែន​ជា​សកម្មភាព​នយោបាយ​អ្វី​ទេ ហើយ​ក៏​មិនបាន​បំពាន​បម្រាម​អ្វី​ដែរ​។ លោក​ទៅ​ដើម្បី​ធ្វើ​បូជនីយកិច្ច​ដល់​វិញ្ញាណក្ខន្ធ​ចំពោះ​បុព្វបុរស​ស្នេហា​ជាតិ ដូចជា​លោក​ឧកញ៉ា​ ឃ្លាំង មឿង មហាវីរក្សត្រ​កសាង​អង្គរវត្ត នគរធំ ។​ល​។ ហើយ​ក៏​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ ជាង​នេះទៀត​ស្វែងយល់​អំពី​ទេសចរណ៍​ដែល​ស្ថិត​ក្នុង​សម័យ​កូវីដ​ដែល​កំពុង​វាយលុក​ផងដែរ​»​។

អ្នកស្រី​ ម៉េង សុភារី មេធាវី​មួយរូប​ទៀត​របស់​លោក​បាន​ថ្លែងថា លោក កឹម សុខា អាច​ជួប​ជាមួយ​មនុស្ស​ទូទៅ អ្នកនយោបាយ និង​សហការី​ចាស់​ដើម្បី​សួរសុខទុក្ខ និង​សម្ដែង​ការនឹករឭក កុំ​ឲ្យ​តែ​រៀបចំ​សកម្មភាព​នយោបាយ ដែល​តុលាការ​បាន​ហាមឃាត់​។

លោកស្រី​បន្តថា​៖ «​មែនទែន​ទៅ ទាំងអស់​នេះ​មិនមែន​ជា​ការចាប់ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​របស់​ឯកឧត្តម កឹម សុខា ឡើយ​។ គិត​ចាប់ពី​មាន​សេចក្ដី​សម្រេច​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ មក ឯកឧត្តម កឹម សុខា ក៏​ធ្លាប់បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ដែរ គ្រាន់តែ​ថា ការដើរហើរ​របស់​លោក​មិនត្រូវ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​។ ជាធម្មតា​ទេ មនុស្ស​យើង​បើ​នៅ​មួយ​កន្លែង​តែងមាន​អារម្មណ៍​ធុញទ្រាន់​តប់ប្រមល់​ខ្លះ​ដែរ ហើយ​គាត់​ចាកចេញ​ពី​ផ្ទះ​គាត់​ទៅ​តាម​ខេត្ត ជាពិសេស​ទៅលេង​ចម្ការ​របស់​គាត់ ដើម្បី​ស្រូបយក​ខ្យល់អាកាស មើល​ទេសភាព​»​។

លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ទទួល​ដំណើរ​លោក​ កឹម សុខា នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា លោក​ កឹម សុខា មិនបាន​ទៅ​ជួប​សកម្មជន​ទាក់ទង​នឹង​រឿង​នយោបាយ​ទេ គ្រាន់​តែ​មាន​ការជួប​ដោយ​ចៃដន្យ​ជាមួយ​អតីត​សកម្មជន​ដែល​ស្កាត់​មក​ជួប​សួរ​សុខទុក្ខ​លោក ឬ​ទៅ​ជួប​សួរសុខទុក្ខ​អតីត​សមាជិក​បក្ស​ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា តាម​ការសម្រេច​របស់​ចៅក្រម​ស៊ើប លោក កឹម សុខា ត្រូវ​បាន​ហាមឃាត់​តែ​ ២ ​ករណី​ទេ គឺ​ធ្វើ​សកម្មភាព​នយោបាយ និង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​។

ទោះយ៉ាងណា​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ករណី​លោក​ កឹម សុខា មិនមាន​ស្ថាប័ន​ណា​អាច​បកស្រាយ​ជំនួស​ចៅក្រម​ និង​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​បានទេ​។ ខាង​តុលាការ​គេ​ហាម​តែ​ ២ ​ទេ គឺ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​ធ្វើ​សកម្មភាព​នយោបាយ​។ ត្រង់​ថា​សកម្មភាព​របស់គាត់​ជា​សកម្មភាព​នយោបាយ​ឬ​អត់​នោះ គឺ​អាស្រ័យ​លើ​ចៅក្រម​ស៊ើប​ជា​អ្នកកំណត់ និង​សន្និដ្ឋាន​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញថា ការចេញ​ដំណើរ​ទៅតាម​ខេត្ត​របស់​លោក​ កឹម សុខា បញ្ជាក់ថា​ស្ថានភាព​សម្រាប់​លោក​ធូរស្រាល​ច្រើន​។ ជាពិសេស​បន្ទាប់ពី​លោក​បាន​ទៅ​ចូលរួម​រំលែកទុក្ខ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាត់បង់​ម្ដាយក្មេក​កាលពី​ដើម​ខែឧសភា និង​សកម្មភាព​ជា​បន្តបន្ទាប់​។

លោក​បន្តថា ភាព​ធូរស្រាល​សម្រាប់​លោក កឹម សុខា ក៏​កើតមាន​ស្រប​ពេលដែល​ភាពរកាំរកូស​ផ្ទៃក្នុង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​លេច​រូបរាង​ឡើង​ច្បាស់ ពោល​គឺ​ក្រុម​ដែល​គាំទ្រ​លោក កឹម សុខា និង​ក្រុម​អ្នកគាំទ្រ​លោក​ សម រង្ស៊ី បាន​ចេញ​វាយប្រហារ​គ្នា​តាម​បណ្ដាញ​សង្គម​។ បើ​ក្រុម​ទាំង​ ២ ​បែកបាក់​គ្នា​នោះ ស្ថានភាព​នឹង​វិល​ទៅរក​ស្ថានភាព​មួយ​ដូច​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១២ ដែល​ពេលនោះ គេ​ឃើញ​គណបក្ស​របស់​លោក​ កឹម សុខា និង​គណបក្ស​របស់​លោក​ សម រង្ស៊ី វាយប្រហារ​គ្នា​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ បើ​និយាយ​ពី​សម្ព័ន្ធភាព កឹម សុខា សម រង្ស៊ី វា​មិនមែន​ជា​មនុស្ស​តែមួយ​ទៀត​ទេ​។ ប៉ុន្តែ​ក្រុម​ទាំង​ ២ ​នេះ​រង់ចាំ​មើល​គ្នា​ទៅវិញ​ទៅមក ថា តើ​អ្នកណា​ចេញ​ពី​ទ្រនំ រួមមុន គឺ​ចេញ​ពី​អតីត CNRP មុន​។ ឥឡូវនេះ​នៅ​ខ្លាច​រៀងខ្លួន តែ​ជា​យុទ្ធសាស្ត្រ ឬ​ទិសដៅ​នយោបាយ វា​ខុសគ្នា​រួចស្រេច​ទៅ​ហើយ​។ ពីមុន​គាត់​រួម​កម្លាំង​គ្នា​វាយ​សត្រូវ​រួម​គឺ​ផ្ដួល​គណបក្ស​ប្រជាជន​កម្ពុជា​។ តែ​ពេលនេះ​ទាំង​លោក សម រង្ស៊ី និង​លោក​ កឹម សុខា មិនមាន​អ្នកណា​ហ៊ាន​ប្រកាស​ទៅ​បង្កើត​បក្ស​ថ្មី​ទេ ខ្លាច​អ្នកគាំទ្រ​អស់ជំនឿ​»​។

លោក កឹម សុខា កំពុងស្ថិត​ក្នុង​ការជំនុំជម្រះ​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស​។ ប៉ុន្តែ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្អាក​ដំណើរការ​ជម្រះ​រឿងក្ដី​នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩៕

វីដេអូ៖