ភ្នំពេញ៖ ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត សហភាព​អឺរ៉ុប​នៅ​គេហដ្ឋាន​របស់​ខ្លួន នៅ​ថ្ងៃទី ៤ ឧសភា លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា និង​គ្នា ហើយ​ថា កម្ពុជា​នៅ​តែ​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ពី​សហគមន៍​អឺរ៉ុប។

លោក កឹម សុខា ដែល​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នៅ​តុលាការ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃទី ៤ ឧសភា​ថា ការ​ជួប​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​រវាង​លោក និង​លោកស្រី Camrmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ចង្អៀត។

ប៉ុន្តែ​វា​ពិត​ជា​មាន​សារៈសំខាន់ ដោយ​ភាគី​ទាំង ២ បាន​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី​នានា រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​កន្លង​មក បច្ចុប្បន្ន និង​នៅ​ពេល​ខាង​មុខ។

ការ​ពិភាក្សា​នោះ ក៏​លើក​អំពី​បញ្ហា​មួយ​ចំនួន ដូចជា​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង​កូវីដ ១៩ បញ្ហា​សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​ចំពោះ​មុខ​មួយ​ចំនួន​ទៀត។

លោក កឹម សុខា បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​ពិភព​លោក​ក៏​ដូច​ប្រទេស​កម្ពុជា បាន​និង​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​នានា​គួរ​ឲ្យ​កត់​សម្គាល់ ជាពិសេស​ក្នុង​ពេល​ថ្មីៗ​ឆ្នាំ ២០២១ នេះ ជា​រៀងរាល់​ខែ លើកលែង​តែ​ជិត ១ ខែ​ក្នុង​វិធានការ​បិទ​ខ្ទប់​នេះ លោក​តែងតែ​ជួប​សួរ​សុខ​ទុក្ខ​ជួយ​ជា​ជំនួយ​មនុស្ស​ធម៌​ខ្លះៗ​តាម​លទ្ធភាព​របស់​លោក ដែល​អាច​ធ្វើ​បាន​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា។

លោក​ កឹម សុខា សរសេរ​ថា៖ «ក្នុង​រយៈពេល​រៀងរាល់​ខែ​នេះ​ដែរ ខ្ញុំ​ក៏​បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​មួយ​ចំនួន ពិភាក្សា ប្តូរ​ទស្សនៈ​គ្នា និង​សុំ​ឲ្យ​ប្រទេស​ជា​មិត្ត​ទាំង​នោះ​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តទៅ​ទៀត»។

លោក កឹម សុខា បញ្ជាក់​ថា៖ «កម្ពុជា​ជា​ប្រទេស​តូច ប្រជាពលរដ្ឋ​ក្រីក្រ ពេល​ជួប​វិបត្តិ​ម្តងៗ កម្ពុជា​តែងតែ​ត្រូវ​ការ​ជំនួយ​ជា​សម្ភារ ថវិកា បច្ចេកទេស ក៏​ដូចជា​ទស្សនៈ ស្មារតី​ពី​សហគមន៍​អន្តរជាតិ ដូច​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ និង​បាន​ទទួល​កន្លង​មក មិន​ត្រូវ​អស់​សង្ឃឹម មិន​ត្រូវ​បោះបង់ ឬ​ទាត់​ចោល​នូវ​ជំនួយ​ដែល​ស្មោះត្រង់​ពី​មិត្ត​របស់​យើង​នោះ​ទេ»។

ទោះ​យ៉ាង​ណា លោក កឹម សុខា បញ្ជាក់​ថា អ្វីៗ​ត្រូវ​ចាប់​ផ្តើម​ពី​ខ្មែរ និង​ខ្មែរ ដូចជា​ស្គាល់​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ចេះ​ស្រឡាញ់​រាប់​អាន​គ្នា អត់​ឱន​ឲ្យ​គ្នា។ ជាពិសេស សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ ដោយ​មិនមែន​ចេះ​តែ​បំបែក​បំបាក់​ខ្មែរ និង​ខ្មែរ ដើម្បី​មហិច្ឆតា​រៀងៗ​ខ្លួន​នោះ​ទេ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ជំនួប​ពិភាក្សារ​វាង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា ដែល​ជា​ជន​ជាប់ចោទ គឺ​ជា​រឿងបុគ្គល និង​មនោសញ្ចេតនា ដែល​ជា​សិទ្ធិ​របស់​ពួក​គេ។

ប៉ុន្តែ បើ​និយាយ​ពី​កិច្ច​សហប្រតិបត្តិការ​នានា​ជាមួយ​លោក កឹម សុខា គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។

លោក សុខ ឥសាន ថា លោក កឹម សុខា មិន​មាន​សិទ្ធិ​អំណាច​អ្វី​និយាយ​ពី​ទំនាក់​ទំនង​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ទេ។

បើ​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ចង់​មាន​ទំនាក់ទំនង និង​សហការ​ជាមួយ​តំណាង​កម្ពុជា ត្រូវ​ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ទៅ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​បាន​ត្រឹមត្រូវ។

លោក សុខ ឥសាន ថ្លែង​ថា៖ «គាត់​ចង់​សហការ​អី ខ្ញុំ​យល់​ថា គាត់​ដឹង​ច្បាស់​ហើយ ព្រោះ​គាត់​ជា អ្នក​ការ​ទូត​ស្រាប់​ហើយ។ បើ​គាត់​ទៅ​និយាយ​ជាមួយ​ជន​ជាប់​ចោទ គាត់​បាន​ប្រយោជន៍​អី​ទៅ។ លុះត្រា​មក​និយាយ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត តាមរយៈ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា»៕