ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលភ្នំពេញបុស្តិ៍ទទួល បាននា ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។
ដីកាបង្គាប់ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «បង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស ៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
លោក កឹម សុខា បានទៅដល់ផ្ទះរបស់លោកនៅខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ៣ព្រឹកថ្ងៃទី ១០ ខែកញ្ញានេះ។
លោក ចាន់ ចេន មេធាវីការពារក្ដីលោក កឹម សុខា បានបញ្ជាក់ថា កូនក្ដីរបស់លោក គឺលោក កឹម សុខា ត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក៏ប៉ុន្ដែ គាត់ស្ថិតនៅក្នុងការត្រួតពិនិត្យចំណុចមួយចំនួន។
លោកថ្លែងថា៖« នៅក្នុងកាលៈទេសៈនេះ ឯកឧត្ដម កឹម សុខា កូនក្ដីរបស់ខ្ញុំ សូមថ្លែងអំណរគុណ ទៅដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ និងអ្នកគាំទ្រ តែងតែយកចិត្ដទុកដាក់ សួរសុខទុក្ខ តាំងពីការចាប់ផ្ដើម រហូតមកដល់ពេលនេះ ដែលគាត់ជាប់ពន្ធនាគារជាង ១ ឆ្នាំមកនេះ»។
លោក បានឲ្យដឹងថា ក្នុងកាលៈទេសៈពេលនេះ លោក កឹម សុខា ក៏សូមទោសបងប្អូន ប្រជាពលរដ្ឋ ដែលចង់ជួបលោក សូមមានការយោគយល់ ព្រោះលោកមិនអាចមកជួបជាមួយបងប្អូនដោយផ្ទាល់បានទេ។
លោកបញ្ជាក់ថា៖«ពេលនេះ តុលាការ បានឲ្យគាត់ស្ថិតនៅក្រៅឃុំ បណ្ដោះអាសន្ន ប៉ុន្ដែស្ថិតក្នុងការត្រួតពិនិត្យ។ ហើយចំពោះបញ្ហាសុខភាព កូនក្ដីខ្ញុំគាត់មានសុខភាពធម្មតាទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឲ្យដឹងនាព្រឹកនេះដែរថា ការដោះលែងនេះ បើតាមតុលាការក្រុងភ្នំពេញ គឺបានបញ្ជាក់ពីបញ្ហាសុខភាពរបស់លោក កឹម សុខា។
លោកថ្លែងថា៖«ការដោះលែងនេះ បានបញ្ជាក់ពីមូលហេតុពីបញ្ហាសុខភាពរបស់គាត់ ដែលជាការស្នើសុំ។ វាមិនមានពាក់ព័ន្ធនឹងរឿងនយោបាយរឿងអីទេ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញលិខិតប្រកាសជូន សាធារណជន ថា ទោះបីជា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារសុខភាពរបស់គាត់ក៏ពិតមែន ប៉ុន្តែលោក កឹម សុខា មិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការបានឡើយ ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរ កំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការ នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការសម្រេចនេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា «ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណឌ នៃព្រះរាជាណាចក្រកម្ពុជា។ សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដែលកំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្តដោយយកចិត្តទុកដាក់បំផុត ស្របតាមច្បាប់ជាធរមាន»។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។
លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕