លោក សម រង្ស៊ី ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងបានមកដល់ព្រលានយន្តហោះក្នុងទីក្រុងគូឡាឡាពួរ កាលលពីរសៀលថ្ងៃសៅរ៍នេះ បន្ទាប់ពីបានចាកចេញពីទីក្រុងប៉ារីសជាទីដែលលោកបានរស់នៅអស់រយៈពេលជាង៤ឆ្នាំដោយនិរទេសខ្លួនឯង។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងនៅថ្ងៃនេះថា កម្ពុជាគោរពការសម្រេចចិត្តរបស់ម៉ាឡេស៊ីករណីលោកពីព្រោះកម្ពុជាបានស្នើសុំវិធានការរួចហើយ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «កន្លងមកកម្ពុជាបានធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃសមាជិកអាស៊ានដូចគ្នាទាំងអស់ ហើយបានបញ្ជូនដំណឹងអំពីឧក្រិដ្ឋជនដែលរត់គេចខ្លួនទាំង៩រូបនោះ។ អ៊ីចឹងយើងអត់មានធ្វើទំនាក់ទំនងអ្វីបន្ថែមទៀតទេ ហើយកន្លងមកនេះខ្ញុំបានឃើញព័ត៌មានថាលោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ លោកបានថ្លែងហើយថាលោកមិនជ្រៀតជ្រែកផ្ទៃក្នុងប្រទេសណាមួយទេ ហើយទី២មិនអនុញ្ញាតឲ្យក្រុមណាមួយប្រើប្រាស់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសដទៃទៀតទេ»។
លោកថ្លែងថា៖ «កម្ពុជាតែងគោរពដល់សិទ្ធិស្វ័យសម្រេចនិងនីតិវិធីផ្ទៃក្នុងរបស់ប្រទេសដទៃដែលយើងមានគោលការណ៍ដូចគ្នាគឺការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា។ ដូច្នេះវត្តមានថាគាត់មកដល់ប្រទេសណាមួយ ខ្ញុំគ្មានយោបល់ទេព្រោះវាជាសិទ្ធិស្វ័យសម្រេចនៃការអនុវត្តនីតិវិធីផ្ទៃក្នុងរបស់ប្រទេសនីមួយៗ»។
លោកបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងយើងនឹងប្រទេសជាមិត្ត ជាពិសេសសមាជិកអាស៊ានទាំងអស់ យើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា ហើយយើងកំពុងរួមរួមគ្នាដើម្បីធ្វើឲ្យអាស៊ានកាន់តែមានសក្ដានុពល មានការរួបរួម ហើយរីកចម្រើនជាមួយគ្នាតទៅមុខទៀត៕