ភ្នំពេញៈ លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើកឡើង​ថា ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត គឺ​ត្រូវ​បាន​បង្កើតឡើង ដោយសារ​តែ​មាន​ភាពចាំបាច់ ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺឆ្លង​ដ៏កាចសាហាវ ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី-ខេត្ត ធ្វើការ​ពិចារណា បិទ​ ឬ​ផ្អាក​ពិធី​ជួបជុំ​ផ្សេងៗ បន្ទាប់ពី​មាន​ផ្ទុះ​ករណី​ឆ្លង​ក្នុង​ពិធីមង្គលការ​មួយ​ក្នុង​ខេត្តតាកែវ​។

លោក​ កើត រិទ្ធ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ម្សិលមិញ​ពី​ការបំភ្លឺ​ច្បាប់​ស្ដីពី​​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ឆ្លង​កាចសាហាវ​ដែល​រៀបចំ​ដោយ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​សុខាភិបាល​។

លោក​លើកឡើង​ថា ការផ្តល់​សិទ្ធិអំណាច​នានា​ដល់​រាជរដ្ឋាភិបាល​គឺ​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ទាំង​ផ្នែក​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល​ និង​វិធានការ​ដទៃផ្សេង​ទៀត​ដែល​មាន​ភាពចាំបាច់​ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ជំងឺឆ្លង​កាចសាហាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​នាពេល​អនាគត​។

លោក​បញ្ជាក់ថា​៖ «​មូលដ្ឋានគ្រឹះ​ទី​២ ជាធម្មតា នៅពេល​ដែល​បង្កើត​នូវ​វិធានការ​ហើយ ដើម្បី​ធានា​ការអនុវត្ត​នូវ​វិធានការ​នេះ​ឱ្យមាន​ប្រសិទ្ធភាព គ្រប់​ច្បាប់​ទាំងអស់​ត្រូវតែ​មាន​ទោសប្បញ្ញតិ ទោសទណ្ឌ ហើយ​មិនមែន​តែ​កម្ពុជា​ទេ គឺ​ប្រទេស​ណា​ក៏​គេ​ធ្វើ​ច្បាប់​ដែលមាន​ការដាក់ទោស​ទណ្ឌ​នេះដែរ​»​។

លោក​ពន្យល់ថា ការរៀបចំ​ច្បាប់​នេះ​មិនមែន​រដ្ឋាភិបាល ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹកឃើញ​ភ្លាម​ធ្វើ​ភ្លាម​នោះ​ទេ ប៉ុន្តែ​ការស្រាវជ្រាវ​លើ​អត្ថបទ​ច្បាប់​ផ្សេងៗ គឺ​យើង​ធ្វើ​យូរ​ដែរ​ហើយ ហើយ​ច្បាប់​នេះ​ក៏​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ផងដែរ​។ «​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​តែមួយគត់​គឺ​ការពារ​អាយុជីវិត​របស់​ប្រជាជន និង​សុខភាព​សាធារណៈ ហើយ​ច្បាប់​នេះ​ដាក់ទោស​តែ​ចំពោះ​អ្នក​ដែល​មិន​គោរព​តាម​វិធានការ​ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ក្នុង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​ដែល​អាច​ផ្តាច់ជីវិត​ប្រជាជន​កម្ពុជា និង​បង្ក​មហន្តរាយ​ដល់​សង្គមជាតិ​តែប៉ុណ្ណោះ​»​។

ក្រសួង​យុត្តិធម៌​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀត​តាមរយៈ​ការបង្ហោះ​សារ​នានា​ដើម្បី​បង្ហាញ​ថា បទល្មើស​ដែលមាន​ចែង​នៅក្នុង​ច្បាប់​មាន​អ្វីខ្លះ​។ បទល្មើស​សំខាន់ៗ​ដែល​ចែង​ក្នុង​ច្បាប់​នេះ​មាន​ការគេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ឬ​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ត្រូវ​ផ្តន្ទាទោស​ពី​ ៦ ​ខែ​ដល់​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​ដល់​ ៥ ​លាន​រៀល​។ ការគេច​ចេញពី​ការព្យាបាល​ ឬ​ពី​កន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥ ​លាន​រៀល​ទៅ​ ២០ ​លាន​រៀល​។

អំពើ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូវីដ​១៩ ទៅ​អ្នកដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ដល់​ ១០ ​ឆ្នាំ​ហើយ​ទោស​នេះ​ត្រូវ​បង្កើន​ពី​ ១០ ​ឆ្នាំទៅ​ ២០ ​ឆ្នាំ ការបើ​អំពើ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ការរៀបចំ​ជា​ក្រុម​ ឬ​មាន​អង្គការ​ចាត់តាំង​។ អំពើ​មិន​គោរព​វិធានការ​រដ្ឋបាល គឺ​ត្រូវ​ពិន័យ​ពី​ ១ ​លាន​រៀល​ ទៅ​ ៥ ​លាន​រៀល ​ហើយ​ប្រសិនបើ​ការមិន​គោរព​នេះ​បណ្តាល​ឱ្យ​មាន​ការចម្លង​ជំងឺ​ទៅ​អ្នកដទៃ គឺ​ត្រូវ​មានទោស​ដាក់ពន្ធនាគារ​ពី​ ៦ ​ខែ ទៅ​ ៣ ​ឆ្នាំ ហើយ​ទោស​នេះ​អាច​កើន​ដល់​ ៥ ​ឆ្នាំ​ប្រសិនបើ​មិន​គោរព​វិធានការ​រដ្ឋបាល​នេះ​។

ចំណុច​សំខាន់​ចុងក្រោយ គឺ​អំពើ​រារាំង​ ឬ​ធ្វើ​ជា​ឧបសគ្គ​ដល់​វិធានការ​នេះ​គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល ដល់​ ១០ ​លាន​រៀល ហើយ​ទោស​នេះ​នឹង​ត្រូវ​ដំឡើង​បើ​មាន​ការចម្លង​ជំងឺ​កូវីដ-១៩​ទៅ​អ្នកដទៃ​។

ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​នេះ​ត្រូវ​បាន​លោក​ សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​ចុះហត្ថលេខាលើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ១១ ខែ មីនា ឆ្នាំ​ ២០២១​។ រាជរដ្ឋាភិបាល​ក៏បាន​ចេញ​នូវ​អនុក្រឹត្យ​មួយទៀត សម្រាប់​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​នេះ​ផងដែរ​។

នៅក្នុង​សន្និសីទ​កាសែត​នោះដែរ លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ដោយ​រំពឹង​ថា ក្នុង​ពេល​ ២ ​សប្តាហ៍​ទៀត បើ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​ និង​បង្ហាញ​ពី​ភាពស្មោះត្រង់​នោះ ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ នឹង​អាច​បិទ​បញ្ចប់​បាន​។

លោកស្រី​ថ្លែងថា៖ «​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​នេះ​រាប់​ពី​ពេលនេះ​ទៅ​បើ​បងប្អូន​អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់ កុំ​ចល័ត កុំ​ចេញ​ពី​ផ្ទះ និង​ត្រូវ​មាន​ភាពស្មោះត្រង់​នោះ​ខ្ញុំ​រំពឹង​ថា ករណី​ឆ្លង​នឹង​ថយចុះ ហើយ​យើង​អាច​នឹង​ឈាន​ដល់​ការបិទ​បញ្ចប់​នូវ​ការចម្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​»​។

ទន្ទឹមនឹង​នេះដែរ​នៅ​ថ្ងៃ​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​រាជធានី-ខេត្ត​មួយចំនួន​ដែល​មិនទាន់​បាន​ប្រកាស​បិទ​ពិធី​មង្គលការ និង​ពិធី​ជួបជុំគ្នា​ទាំងអស់​ត្រូវ​ធ្វើការ​ពិចារណា បិទ​ ឬ​ផ្អាក​ការរៀបចំ​ណា​មួយ​តាម​សេចក្តី​សម្រេច​របស់​ខេត្ត​។ លោក​បាន​ថ្លែង​តាម​សារ​ជា​សំឡេង​ថា លោក​គិតថា រឿងនេះ​គឺជា​រឿង​ដែល​គួរតែ​ត្រូវបាន​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់ ហើយ​ដាក់ចេញ​នូវ​វិធានការ​លើ​ករណីនេះ​។

លោក​មាន​ប្រសាសន៍​ថា៖ «​អង្វរករ​សុំ​ចិត្ត​ប្រជាពលរដ្ឋ​របស់​យើង មេត្តា​យោគយល់ ឥឡូវនេះ​គ្រាន់តែ​ករណី​កើតឡើង​ក្នុង​ខេត្ត​តាកែវ​មួយ​គឺ​ត្រូវ​បិទ​កន្លែង​ជាច្រើន និង​បាន​បង្កឱ្យ​មាន​ហានិភ័យ​ជាច្រើន​ទៀត​»​។

លោក​បានផ្តល់​សិទ្ធិ​ទៅ​ឱ្យ​អភិបាលខេត្ត​ទាំងអស់​រួចហើយ​នៅឡើយ​តែ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ដែល​លោក​បាន​ផ្តល់​នោះ​ដោយ​របៀប​ណា​តែប៉ុណ្ណោះ​។ «​ត្រូវ​ពិនិត្យមើល​កន្លែង​ណា​ដែល​មិនទាន់​មាន​វិធានការ​ហ្មត់ចត់ សុំ​យកចិត្ត​ទុកដាក់​ដោយសារ​ឥឡូវនេះ​មាន​ករណី​អ្នក​នៅ​រាជធានី​ភ្នំពេញ បាន​ជា​មាន​ការគេច​ទៅ​ខេត្ត ហើយ​អ្នកនោះ​មាន​លទ្ធផល​វិជ្ជមាន​កូវីដ​ ១៩ ដែល​ជា​រឿង​មួយ​ដែល​ផ្អើល​ស្ទើរតែ​កន្លះ​ប្រទេស​។ ដូចនេះ​អាពាហ៍ពិពាហ៍​គួរតែ​ត្រូវបាន​ផ្អាក ហើយ​បើ​ធ្វើ​គួរតែ​សែនព្រេន​បណ្តោះអាសន្ន​សិន​ក៏បាន​»​។

លោក​ ហ៊ុន សែន ​បាន​បញ្ជា​ឱ្យមាន​ការពិចារណា​លើ​ការបិទ​កម្មវិធី​ទាំងនេះ គឺ​បន្ទាប់ពី​មាន​ករណី​អតីត​សង្ឃ​ ១ ​រូប​ឈ្មោះ កក្កដា សោភ័ណ្ឌ បាន​ចូលរួម​ពិធីមង្គលការ​នៅ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​ ១២ ខែ​មីនា ហើយ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩​។

អាជ្ញាធរ​ខេត្តតាកែវ​បាន​សម្រេច​បិទ​ភូមិ​ក្រាំងលាវ​ក្នុង​ឃុំ​រវៀង ស្រុក​សំរោង​ទាំងស្រុង​នៅ​ថ្ងៃ​ម្សិលមិញ​ក្រោយ​ពេលដែល​អ្នក​ជំងឺ កក្កដា សោភ័ណ្ឌ ​បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​ក្នុងភូមិ​នោះ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការចេញ​ចូល​ទេ​។ ក្នុង​នោះ​ដែរ អ្នកប៉ះពាល់​ដោយផ្ទាល់​នៅក្នុង​ពិធី​មង្គលការ​ជាមួយ​អ្នកជំងឺ​រូបនេះ​មាន​ចំនួន ២៥ ​នាក់ និង​ប៉ះពាល់​ប្រយោល​ចំនួន​ ៣៥៥ ​នាក់​។

លោក កក្កដា សោភ័ណ្ឌ ​បាន​ទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ​កាលពី​ថ្ងៃទី​ ១៤ ខែមីនា​។

ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ម្សិលមិញ​ថា មាន​មនុស្ស​ចំនួន​ ២០ ​នាក់​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ដោយ​ក្នុងនោះ​មាន​ ១៨ ​នាក់​ គឺ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ខណៈ​មាន​អ្នកជា​សះស្បើយ​រហូតដល់​ ៨៣ ​នាក់​។ អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ​ ៨៣ ​នាក់ ​មាន​អ្នកធ្វើដំណើរ​ចូលមក​កម្ពុជា​ ១១ ​នាក់ និង​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ៧២ ​នាក់​។

គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែមីនា កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​ចំនួន​ ១ ៣២៥ ​នាក់ ក្នុងនោះ​អ្នក​ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​ ៣ ​មាន​ ៨១០ ​នាក់​ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​សរុប​ ៧៣០ ​នាក់​អ្នក​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​ ៥៩២ ​នាក់ និង​មាន​អ្នកជំងឺ​ម្នាក់​ស្លាប់​៕

វីដេអូ៖