
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ផា លីណា
ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្រេចបង្កើតកិច្ចពិភាក្សាតុមូលប្រចាំសប្ដាហ៍ រយៈពេល ១ ម៉ោងទៅ ២ ម៉ោងផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ជាតិកម្ពុជាចាប់ពីដើមខែកុម្ភៈ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យព័ត៌មានក្លែងក្លាយចេញមកបំពុលសង្គម និងកុំឲ្យសាធារណជនមានការភាន់ច្រឡំរវាងព័ត៌មានពិត និងព័ត៌មានមិនពិត។ការឆ្លើយតបរបស់លោករដ្ឋមន្ត្រី ចំពោះការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ គឺកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងទៅកាន់ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ក្នុងជំនួបប្រចាំឆ្នាំឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មានកាលពីថ្ងៃទី ២១ ខែមករា លោក ខៀវ កាញារីទ្ធ បានប្រាប់ទៅអគ្គនាយកទូរទស្សន៍ជាតិកម្ពុជារៀបចំបង្កើត កម្មវិធីពិសេសប្រចាំសប្ដាហ៍ ដើម្បីផ្សាយផ្ទាល់លើទូរទស្សន៍ជាតិកម្ពុជា ដែលមានវាគ្មិនជំនាញខាងសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធមកចូលរួមពន្យល់ និងបកស្រាយពីព័ត៌មានក្លែងក្លាយ ដែលជាដើមចមនៃការបំពុលសង្គម។
លោក កាញារីទ្ធ ថ្លែងថា៖ «ការបន្សាបព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកុំឲ្យសាធារណជនយល់ខុសពីការពិត ព្រោះបច្ចុប្បន្នព័ត៌មានមិនពិតបានកើតឡើងច្រើនតាមរយៈបណ្ដាញសង្គមដែលមានចរិតញុះញង់បង្កភាពវឹកវរនាំឲ្យមានផលវិបាកក្នុងសង្គម»។
លោកបានលើកឡើងដែរថា៖ «ព័ត៌មានមិនពិតភាគច្រើន គឺបង្កឡើងដោយក្រុមអ្នកប្រឆាំង ដែលមួលបង្កាច់ បង្ខូចមកលើរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយល់ខុសពីការពិត ហើយព័ត៌មានកែងក្លាយនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃថែមទៀត»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់កាលពីម្សិលមិញថា លោករដ្ឋមន្ដ្រីបានប្រាប់ទៅអគ្គនាយកទូរទស្សន៍ជាតិ ឲ្យរៀបចំបង្កើតជាកម្មវិធីតុមូល ដែលនឹងលើកពីប្រធានបទពាក់ព័ន្ធនឹងបញ្ហាព័ត៌មានក្លែងក្លាយនេះយកមកពិភាក្សា។
លោកបានបន្ដថា៖ «យើងសង្កេតឃើញថា មានព័ត៌មានមួយចំនួនបានលោតឡើងវិញ ដែលព័ត៌មានខ្លះបានកើតឡើងតាំងពីឆ្នាំ ២០១០ មក ឬជាព័ត៌មានចាស់ៗ ពេលចែករំលែកក្នុងសង្គមទៅសាធារណជនបែរជាគិតថាជារឿងថ្មីទៅវិញ ហើយទៅចោទប្រកាន់ថាអាជ្ញាធរមិនចេះមើលជាដើម»។
លោកបានបន្ថែមថា៖ «យើងនឹងធ្វើការផ្សាយតាមទូរទស្សន៍ជាតិ មានរយៈពេល ១ ម៉ោងទៅ ២ ម៉ោងអី ក្នុង ១ សប្ដាហ៍ ដោយមានការផ្សាយផ្ទាល់ និងមានអ្នកដឹងពីរឿងហ្នឹងចូលរួមបំភ្លឺ»។
លោក ផុស សុវណ្ណ បានឲ្យដឹងថា តាមរយៈការសន្យារបស់នាយកទូរទស្សន៍ជាតិ និងចាប់ផ្ដើមដំណើរការក្នុងដើមខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានអបអរសាទរចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាននេះ ព្រោះព័ត៌មានក្លែងក្លាយនេះ ជាបញ្ហាមួយដ៏ធំនៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
លោកបានបន្ដថា៖ «ក្នុងនាមយើងជាអ្នកសារព័ត៌មានម្នាក់ យើងអបអរសាទរចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ដែលដាក់ឲ្យមានការផ្សាយជាប្រចាំ ដើម្បីធ្វើម៉េច អប់រំប្រជាពលរដ្ឋ ឲ្យយល់ពីព័ត៌មានក្លែងក្លាយ ដោយយើងបានវាយបកភ្លាមៗ ក្នុងពេលដែលមានព័ត៌មានមិនពិតកើតឡើង»។
លោកបានថ្លែងថា៖ «បើសិនជាអាច យើងអាចបង្កើតជាកម្មវិធីនៃការអប់រំ ដោយយើងត្រូវពន្យល់ដល់ប្រជាពលរដ្ឋ និងយុវជនឲ្យពួកគាត់យល់ថា អ្វីជាមូលដ្ឋាននៃព័ត៌មាន ដែលគួរជឿ គួរទុកចិត្ដ។ យើងត្រូវផ្ដល់ឲ្យគាត់សិន ដើម្បីឲ្យគាត់មុននឹងជឿលើព័ត៌មានណាមួយនោះ។ ពេលគាត់មានមូលដ្ឋាន គាត់នឹងដឹងថា មុននឹងជឿលើព័ត៌មានមួយ យើងត្រូវពិនិត្យមើលថាព័ត៌មានហ្នឹង មានប្រភពច្បាស់លាស់ឬទេ មានអ្នកនិយាយឬទេ មានហេតុការណ៍ជាក់ស្ដែងឬទេ មានសាក្សីគ្រប់គ្រាន់ឬទេ មុននឹងយើងជឿ កុំគ្រាន់តែឃើញតាមបណ្ដាញសង្គម គឺត្រូវពិនិត្យមើលសិន»។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (U.J.F.C) បានសម្ដែងការគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មាន ចំពោះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ។
លោកបានបន្ដថា៖ «កម្មវិធីនេះ ខ្ញុំគាំទ្រឲ្យធ្វើជារៀងរាល់ថ្ងៃ ព្រោះព័ត៌មានបំពុល ក៏មានកើតឡើងជារៀងរាល់ថ្ងៃដែរ»។
លោក ថ្លែងថា កម្មវិធីនេះគឺមានអ្នកជំនាញព័ត៌មាន ជំនាញខាងបច្ចេកវិទ្យា និងអ្នកជំនាញដែលពាក់ព័ន្ធ ដោយលើកយកនូវប្រភពព័ត៌មានដែលមិនពិតនោះ ផ្សាយចេញមកតែម្ដងដើម្បីឲ្យសាធារណជនបានដឹង។
លោកបន្ដថា៖ «រឿងនេះសំខាន់ណាស់ សំខាន់មិនមែនដើម្បីបំភ្លឺអ្នកបំពុលហ្នឹងទេ គឺបំភ្លឺមហាជនដែលទទួលព័ត៌មានបំពុលឲ្យគាត់មានការប្រៀបធៀប ស្វែងយល់ ថាព័ត៌មានណាមួយដែលជាព័ត៌មានបំពុល ជាព័ត៌មានប្រឌិត»។
លោក ហ៊ុយ វណ្ណៈ បានថ្លែងដោយចាត់ទុកការបង្កើតកម្មវិធីផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិនេះ ជាការបំផ្លាញចោលឱកាសចំពោះអ្នកបង្កើតព័ត៌មានក្លែងក្លាយ និងឈានទៅការលុបបំបាត់ព័ត៌មានក្លែងក្លាយតែម្ដង៕