ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អនុញ្ញាត​ដល់​មន្ដ្រី តាម​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ដ​ ទាំងអស់​ត្រូវ​ពិនិត្យមើល​តាម​ទីសាធារណៈ​នូវ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​របស់​ក្រុមហ៊ុន​ដែល​ហួសពេល​កំណត់ឱ្យ​ដាក់តាំង​។ ការអនុញ្ញាត​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២១ ខែ​កញ្ញា​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា ដោយហេតុ​កន្លងមក​មាន​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​មួយចំនួន​បាន​ធ្វើ​ខុសពី​គោលការណ៍​អនុញ្ញាត​របស់​ក្រសួង​ឱ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​អំពី​ការផ្តល់​រង្វាន់​ផ្សេងៗ​នេះ​សម្រាប់​រយៈពេល​មុន​ពិធីបុណ្យ​ធំៗ​ដូចជា​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យអុំទូក និង​ពេល​ពិធី​ចូលឆ្នាំ​ចិន​ជាដើម ប៉ុន្តែ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ព្រម​ដក​ស្លាក​យីហោ​ផ្សាយពាណិជ្ជកម្ម​ផ្តល់​រង្វាន់​ចេញពី​ទីសាធារណៈ​ដែល​បាន​អនុញ្ញាត​នោះទេ​។

លោក កាញារីទ្ធ បាន​ថ្លែងថា​៖ «​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត​ត្រូវ​ចាត់​មន្ត្រី​ទៅពិនិត្យ​មើល​តាម​ទីសាធារណៈ បើសិន​ជា​ក្រុមហ៊ុន​ណា​មិនបាន​ដក​ផ្ទាំង​ប៉ាណូ ផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង​ដែល​មាន​ភ្ជាប់​ការផ្តល់​រង្វាន់​នោះ​ចេញ​ទេ ក្រុម​ការងារ​ត្រូវ​ដកចេញ​ហើយ​ត្រូវ​ឱ្យ​ក្រុមហ៊ុន​នោះ​បង់ថ្លៃ​សេវា​»​។

លោក មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) បាន​ថ្លែង​ឱ្យ​ដឹងថា បច្ចុប្បន្ន​ការផ្សព្វផ្សាយ​ពី​ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​បន្ទាត់​ក្រហម គឺ​ហួស​ដែន​កំណត់​។

លោក គង់ បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​យល់​ថា ប្រទេស​កម្ពុជា​យើង​ទាល់តែ​មាន​ច្បាប់ [​គ្រប់គ្រង​លើ​គ្រឿង​ស្រវឹង​] ទើប​មាន​ភាពងាយស្រួល​ក្នុង​ការអនុវត្ដ ការហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ​។ ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ពិតជា​គួរ​ឱ្យ​ព្រួយបារម្ភ​មែនទែន ព្រោះ​ការផ្សាយ​ទាំងនោះ​បាន​ជំរុញ​ឱ្យ​យុវជន កុមារ និង​ស្ដ្រី​ចាប់ផ្ដើម​សេព​គ្រឿងស្រវឹង​ក្នុង​កម្រិត​កាន់តែ​ច្រើន​»​។

លោក ផុស សុវណ្ណ អ្នកនាំពាក្យ ក្រសួង​ព័ត៌មាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​បាន​ដាក់​ផ្សព្វផ្សាយ​ហើយ​មិន​បាន​ដកចេញ​វិញ​តាម​ពេលវេលា​ដែល​ក្រសួង​កំណត់​៕

វីដេអូ៖