ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ បានជំរុញទៅដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ និង ស្ថាប័នកាសែតមួយចំនួន ត្រូវកែតម្រូវអត្ថបទរបស់ពួកគេឡើងវិញ ប្រសិនបើមានការប្រឆាំងជំទាស់ថា ការចុះផ្សាយទាំងនោះ ខុសពីការពិត។
ថ្លែងក្នុងពិធីបូកសរុបការងាររបស់ក្រសួងព័ត៌មានប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី២២ កុម្ភៈ លោក ខៀវ កាញ្ញារីទ្ធ បានលើកឡើងថា កន្លងមកមានពលរដ្ឋធ្លាប់ស្នើឲ្យស្ថានីយ៍វិទ្យុ និង កាសែតខ្លះធ្វើការកែតម្រូវនូវអ្វីដែលជាការចុះផ្សាយខុសពីការពិតនិងនាំឱ្យប៉ះពាល់កត្តិយសបុគ្គល ប៉ុន្តែស្ថាប័នព័ត៌មានទាំងនោះបានបដិសេធមិនកែប្រែឡើយ។
ថ្វីត្បិតមិនបញ្ជាក់ឈ្មោះស្ថាប័នវិទ្យុ និង កាសែតណាមួយដែលធ្លាប់ចុះផ្សាយខុសមិនកែតម្រូក្ដី ប៉ុន្តែលោក ខៀវ កាញ្ញារីទ្ធ បន្តថា ក្រសួងមិនចង់ឱ្យមានការប្ដឹងផ្ដល់អ្នកកាសែតជុំវិញការចុះព័ត៌មានខុសទៀតទេ ហើយក្រសួងក៏ទទួលបានមតិមួយចំនួន ក្នុងការស្នើឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មានឡើងវិញ ដើម្បីដាក់បន្ថែមអំពីកាតព្វកិច្ចកែតម្រូវសម្រាប់ការចុះផ្សាយព័ត៌មានខុសពីការពិត។
លោកថា« អ៊ីចឹងបានកន្លងមក មានការលើកយោបល់ថា ក្រសួងគួរតែវិសោធនកម្មច្បាប់ស្ដីរបបសារព័ត៌មាន ដែលយើងបានអនុម័តតាំងពីឆ្នាំ១៩៩៥ ដោយដាក់បន្ថែមអំពីកាតព្វកិច្ចកែតម្រូវរបស់អ្នកសារព័ត៌មាន នៅពេលណាដែលមានការសុំឱ្យកែតម្រូវដោយមានភស្ដុតាងត្រឹមត្រូវគ្រប់គ្រាន់»។
ជាមួយគ្នានេះ លោក ខៀវ កាញ្ញារីទ្ធ ក៏បានជំរុញឱ្យមន្ត្រីក្រសួងព័ត៌ទាំងអស់ ត្រូវមានភាពរហ័សរហួនក្នុងការឆ្លើយតបឱ្យបានឆាប់ជុំវិញការផ្សព្វផ្សាយព័ត៌មានបំពុលដែលជាដំណឹងខុសពីការពិត។
លោកថា«ប្រសិនបើមន្ត្រីក្រសួងព័ត៌មានមួយៗ នៅពេលមានដំណឹងបំពុលកើតឡើងគាត់បំភ្លឺភ្លាម គឺចប់ហើយ។ ក្រសួងព័ត៌មានអត់មានគោលជំហរក្នុងបញ្ហាប្ដឹងអីទេ ប៉ុន្តែជាបុគ្គល ឬ អង្គភាពណាគេគិតថាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគេ ប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ អាហ្នឹងគាត់អាចប្ដឹងបាន ប៉ុន្តែគោលការណ៍ក្រសួងសំខាន់ យើងតបដំណឺងក្លែងបន្លំនិងបំពុលនេះ អាស្រ័យដោយការឆ្លើយតបឱ្យទាន់ពេលវេលា»។
របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្រសួងព័ត៌មានបានចុះផ្សាយថា បច្ចុប្បន្ននៅកម្ពុជា មានអង្គភាពព័ត៌មានជាង ១៦០០ អង្គភាព ហើយក្នុងនោះមានកាសែតចំនួន ៤៣៩ ស្ថាប័ន ទស្សនាវដ្ដីចំនន ១៩៤ ស្ថាប័ន និងស្ថានីយវិទ្យុចំនួន ២២០ ស្ថាប័ន។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាលើកឡើងដែរថា ក្រៅពីមានតួនាទីជាអ្នកផ្ដល់ព័ត៌មាន អ្នកព័ត៌មានក៏មានកាតព្វកិច្ចដ៏សំខាន់មួយទៀត គឺ ប្រសិននៅពេលមានការចុះផ្សាយដោយភ័ន្តច្រឡំ ហើយមានការស្នើឱ្យកែប្រែពីភាគីណាមួយ នោះអ្នកកាសែតត្រូវកែតម្រូវឡើងវិញ ដែលនេះក៏ជាការតម្រូវតាមច្បាប់ដែរ។
ផ្ទុយទៅវិញលោកថា បើទោះបីជាមានភាគីណាមួយប្រឆាំងជំទាស់អំពីការចុះផ្សាយហើយស្នើឱ្យកែតម្រូវក្ដី ប៉ុន្តែអ្នកសារព័ត៌មានក៏មានសិទ្ធិក្នុងការរក្សាអ្វីដែលពួកគេបានចុះផ្សាយដែរ ប្រសិនបើការចុះផ្សាយមានភស្ដុតាងត្រឹមត្រូវច្បាស់លាស់។
លោកបន្តថា «ស្ថាប័នកាសែតមានវិជ្ជាជីវៈ គាត់មានការត្រួតពិនិត្យខុសត្រូវ ផ្ទៀងផ្ទាត់ ប្រយ័ត្នប្រយែង ខ្លាចព័ត៌មានហ្នឹងខុស ជាទូទៅខ្ញុំឃើញថា ល្អ។ ប៉ុន្តែនៅមានសារព័ត៌មានខ្លះ ពិសេស អនឡាញហ្នឹងមួយចំនួនអត់បានចុះបញ្ជីអីទេ គាត់អត់សូវមានការទទួលខុសត្រូវ ដោយគ្រាន់តែលឺអ្វីមួយអ៊ីចឹង ចុះផ្សាយរហ័ស អត់បានផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ដូច្នេះជួនកាលគាត់ផ្សាយទៅវាខុស»។
ចំណែកលោក លាង ដឺលុច អគ្គនាយកសារព័ត៌មានថ្មីថ្មីបានលើកឡើងថា តាមពិតអ្នកកាសែតវិជ្ជាជីវៈតែងពិនិត្យយ៉ាងម៉ត់ចត់មុនមានការចេញផ្សាយព័ត៌មាន ប៉ុន្តែបើតាមបទពិសោធន៍ចំពោះការចុះផ្សាយព័ត៌មានខុសមួយចំនួន អាចដោយការផ្ទៀងផ្ទាត់មិនបានគ្រប់ជ្រុងជ្រោយឬភាពខ្វះចន្លោះ និងម្យ៉ាងទៀត ប្រភពខ្លះបានបដិសេធវិញនូវអ្វីដែលពួកគេបានផ្ដល់ព័ត៌មានមកឱ្យចុះផ្សាយ។
លោកថា«អង្គភាពខ្លះគេមិនកែ គេច្បាស់ខ្លួនគេហើយ បានន័យថាអ្វីដែលផ្សាយគឺមិនខុស»។
ក្រសួងព័ត៌មានបញ្ជាក់អំពីមានវិធានការមួយចំនួន ដូចជាចុះបន្តពិនិត្យតាមដានអំពីសារព៏ត៌មានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌នៃច្បាប់ស្ដីពីរបបសារព័ត៌មាន និងរដ្ឋធម្មនុញ្ញ ចុះត្រួតពិនិត្យនៅតាមរោងពុម្ភដែលគ្មានច្បាប់អនុញ្ញាត និងការចុះពិនិត្យចំពោះស្ថាប័នកាសែតគ្មានអាជ្ញាបណ្ណនិងគ្មានការបោះពុម្ភផ្សាយជាដើម៕