ភ្នំពេញៈ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ គង់ គាំ សរសេរ​លិខិត​ចំហ​មួយ​ជូន​លោក អ៊ូ ច័ន្ទរ័ត្ន និង​លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ស្នើសុំ​ជួប​ពិភាក្សា​រក​រូបមន្ត​សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ​។

លិខិត​របស់​លោក​ធ្វើ​ឡើង​បន្ទាប់ពី​លោក​បានឮ​ការចុះផ្សាយ​ថា លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កំពុង​ពិចារណា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ហើយ​លោក សុន ឆ័យ ក៏​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​សប្ដាហ៍​មុន​។

លោក គង់ គាំ ដែល​បច្ចុប្បន្ននេះ​ជា​ប្រធានកិត្តិយស​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​កូន​របស់​លោក​ជា​ប្រធាន​បក្ស​នោះ​បាន​អបអរ និង​គាំទ្រ​លោក អ៊ូ ច័ន្ទរ័ត្ន និង​លោក សុន ឆ័យ ដែល​ទទួល​បាន​នីតិសម្បទា​​ធ្វើ​នយោបាយ​ឡើងវិញ​។ លោក​កោតសរសើរ​ដល់​គម្រោង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​របស់​អ្នកនយោបាយ​ទាំង​ ២​។

នៅក្នុង​លិខិត​ចំហ​នោះ​លោក គង់ គាំ ថ្លែងថា អំពើ​ទាមទារ​ក្រៅ​សំឡេង​ឆ្នោត​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​អំណាច ផែនការ​មាតុភូមិ​និវត្តន៍​ផ្តួលរំលំ និង​ចាប់​ ហ៊ុន សែន និង​ការថ្លែង​អំពី​ផែនការ​ដក​ ហ៊ុន សែន ចេញ ប្តូរ​ថ្មី​ទាំងអស់​គឺជា​ផែនការ​បដិវត្តន៍​។ ផែនការ​នេះ​មាន​ភាពពិសពុល និង​គ្រោះថ្នាក់​ដល់​អតីត​គណបក្ស​សង្គ្រោះជាតិ ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ លោក​ថា អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ប្រហែល​ជា​យល់ឃើញ​ដូច​លោក​ដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ដោយ​ការគោរព និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព និង​លទ្ធភាព​ទំនាក់ទំនង​ដ៏ទូលំទូលាយ​របស់​លោក​ទាំង​ ២ ខ្ញុំ​សូម​សម្តែង​នូវ​បំណង​រួមគ្នា​ផ្តួចផ្តើម​ឲ្យ​មាន​ការជួប​ពិភាក្សា​ជា​ទ្វេភាគី ពហុភាគី​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រជែង​នានា​ដើម្បី​រក​រូបមន្ត​ណាមួយ​ដែល​អាច​ទទួល​បាន​លទ្ធផល​ពហុបក្ស​នៅ​ក្រុមប្រឹក្សាឃុំ-សង្កាត់​ឲ្យ​បាន​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០២២ និង​នៅ​រដ្ឋសភា​ក្នុង​ឆ្នាំ​ ២០២៣ ខាងមុខ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹម និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លោក​ទាំង​ ២ ​ទទួល និង​ពិចារណា​ចំពោះ​បំណង​ដ៏ស្មោះត្រង់ សុចរិត​បំផុត ដើម្បី​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ទទូច​ចង់បាន​»​។

លោក គង់ គាំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា លោក​ស្នើឲ្យ​មាន​ជំនួប​ជាមួយ​អ្នកនយោបាយ​ដែល​បាន​សុំ​សិទ្ធិ ក៏ដូចជា​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត ដើម្បី​រក​រូបមន្ត​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ ប៉ុន្តែ​ថា តើ​មាន​រូបមន្ត​យ៉ាងណា​នោះ វា​អាស្រ័យ​លើ​ការពិភាក្សា​គ្នា​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការអំពាវនាវ​ឲ្យ​មាន​ជំនួប​ពិភាក្សា​របស់​លោក គង់ គាំ ជាមួយ​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង មិន​អាក្រក់​ទេ ប៉ុន្តែ​វា​អាច​ជា​ការពិបាក​ពីព្រោះ​ការបែកបាក់​ក្នុង​ចំណោម​អតីតមន្ត្រី​បក្សប្រឆាំង​មាន​ភាពធ្ងន់ធ្ងរ ទាំង​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​និង​អ្នក​ដែល​មិនទាន់​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។

លោក​ថ្លែងថា​៖ «​ការអំពាវនាវ​របស់​គាត់​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​ការគាំទ្រ​ទេ ពីព្រោះ​យើង​មើល​ឆន្ទៈ​ដើម គំនិត​ដើម​របស់​អ្នក​ទាំងអស់​ហ្នឹង​បែកខ្ញែក​គ្នា​រួចស្រេច​ទៅ​ហើយ ទាំង​អ្នក​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មាន​ទស្សនៈ​មិនសូវ ត្រូវ​គ្នា ហើយ​មួយ​អន្លើ​ទៀត អ្នក​ដែល​មិនទាន់​សុំ​សិទ្ធិ​ក៏​នៅ​បែកខ្ញែក​ពីគ្នា​ដែរ​។ ដូច្នេះ​វា​ពិបាក​ប៉ាន់ប្រមាណ​ថា គាត់​អាច​ប្រមូល​កម្លាំង​គ្នា​ក្លាយ​ជា​ដៃគូ​ពិតប្រាកដ​សម្រាប់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​»​។

លោក អ៊ូ ច័ន្ទរ័ត្ន មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ ខណៈ​ដែល​លោក​ សុន ឆ័យ ត្រូវបាន​ប្រភព​ពី​ក្នុង​ចំណោម​មន្ត្រី​អតីត​បក្សសង្គ្រោះជាតិ​អះអាង​ថា​កំពុង​ស្ថិត​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​សេណារីយោ នយោបាយ​ថ្មី​មួយ​៕