កែបៈ លោក គង់ យ័ន្ត សមាជិកក្រុមប្រឹក្សាឃុំអង្កោល ស្រុកសំណាក់ចង្អើរ ព្រមទទួលកំហុស និងបានកាយដីដែលចាក់ចូលក្នុងសមុទ្រចម្ងាយប្រមាណជាង ១០ ម៉ែត្រវិញអស់ហើយនៅចំណុចផែចំណតទូកនេសាទ ១ កន្លែង ស្ថិតនៅតាមឆ្នេរ ក្នុងខេត្តកែប ដោយលោកអះអាងថា ជាកំហុសអចេតនាកើតពីការយល់ច្រឡំ។
ការសម្រេចកាយដីចេញវិញនេះបានធ្វើឡើង បន្ទាប់ពីលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបកាលពីថ្ងៃទី ១៦ ខែតុលា បានចុះទៅពិនិត្យមើល និងបានបញ្ជាភ្លាមៗឲ្យកាយដីដែលបានចាក់ចូលសមុទ្រនៅចំណុចផែចំណតទូកនេសាទស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប និងឱ្យរក្សាសភាពដើមវិញ។
លោក សោម ពិសិដ្ឋ បានថ្លែងក្នុងពេលចុះពិនិត្យនោះថា លោក គង់ យ័ន្ត ជាសមាជិកក្រុមប្រឹក្សាឃុំអង្កោលគឺបានប្រព្រឹត្តកំហុសអចេតនាតែប៉ុណ្ណោះ។ ដូច្នេះរដ្ឋបាលខេត្តក៏បានធ្វើកិច្ចសន្យាស្តីបន្ទោស និងតម្រូវឲ្យលោក គង់ យ័ន្ត កាយដីទាំងអស់ដែលបានចាក់ចូលសមុទ្រនោះចេញវិញហើយ ដោយថ្លៃចំណាយទាំងឡាយគឺជាបន្ទុករបស់គាត់។
លោកបញ្ជាក់ថា៖ «យើងមានការណែនាំគាត់កុំឲ្យមានកំហុសបែបនេះកើតឡើងទៀត»។
លោកស្រី គឹម ចាន់នី អភិបាលស្រុកសំណាក់ចង្អើរបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៨ តុលា ថា បន្ទាប់ពីមានបញ្ជាពីអភិបាលខេត្តឃើញថាលោក គង់ យ័ន្ត បានកាយដីចេញវិញអស់ហើយ។ លោកស្រីបន្តថា ទំហំដែលបានចាក់ដីចូលសមុទ្រ គឺមានប្រវែង ១៦ ម៉ែត្រ។
លោកស្រីបានរៀបរាប់ថា៖ «ដំបូងឡើយ គាត់បានសុំសម្អាតសំរាមចេញពីមាត់ទឹក ហើយយើងក៏បានអនុញ្ញាតឲ្យគាត់សម្អាត ឬចាក់ខ្សាច់លុបសំរាមដែលអណ្តែតចូលមកតាមឆ្នេរនេះ។ តែបែរជាបានព័ត៌មានថា គាត់បានយកដីចាក់ ហើយយើងក៏បានចុះទៅភ្លាមៗ»។
បើតាមលោកស្រី ចាន់នី ការចាក់ដីចូលសមុទ្រនេះគឺបានធ្វើឡើង អំឡុងថ្ងៃទី ១៥ តុលា ខណៈដែលលោក គង់ យ័ន្ត បានទទួលសិទ្ធិគ្រប់គ្រងផែនោះពីរដ្ឋាភិបាល ដើម្បីមើលការខុសត្រូវ និងប្រមូលកម្រៃនៃការចតទូករបស់អ្នកនេសាទក្នុងសហគមន៍។
លោក គង់ យ័ន្ត សមាជិកក្រុមប្រឹក្សាឃុំអង្កោលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៨ តុលា ថា កំហុសនេះ គឺមកពីការភាន់ច្រឡំរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថា ដំបូងឡើយលោកបានស្នើសុំទៅអាជ្ញាធរខេត្ត ដើម្បីសុំសម្អាតសំរាមចេញពីមាត់ឆ្នេរ។ ក្រោយពីមានការអនុញ្ញាតលោកក៏បានសម្រេចទិញដីមកចាក់លុបតាមឆ្នេរទាំងនោះ ដោយមិនដឹងថា ខុសគោលការណ៍នៃការអនុញ្ញាតនោះទេ។
យ៉ាងណាក្ដីលោកបានបញ្ជាក់ថា៖ «ខ្ញុំទទួលកំហុស ដែលខ្ញុំមានការយល់ច្រឡំ ហើយខ្ញុំបានកាយដីចេញវិញហើយ ខ្ញុំគ្រាន់តែចង់សម្អាតឆ្នេរនេះប៉ុណ្ណោះ គ្មានចេតនាណាចង់ធ្វើឲ្យប៉ះពាល់បរិស្ថាននោះទេ។ ខ្ញុំចាក់ ៣០ ឡានទេ ដល់ពេលកាយចេញជាង ៤០ ឡាន ហើយនៅកាយមិនទាន់អស់ទៀត ព្រោះសំរាមច្រើនពេកហូរមកច្រើនណាស់»។
លោក អ៊ុប សុវណ្ណចាន់ថន មន្ត្រីអង្កេតនៃអង្គការសមាគមលីកាដូប្រចាំខេត្តកំពត និងកែបបានលើកឡើងថា ប្រសិនបើករណីនេះគឺជាកំហុសអចេតនានោះការស្តីបន្ទោសតាមនីតិវិធីរដ្ឋបាល គឺជារឿងសមស្រប។ ប៉ុន្តែប្រសិនបើក្នុងករណីមិនមែនជាកំហុសអចេតនា ហើយបុគ្គលប្រព្រឹត្តជាមន្ត្រីរាជការទៀតនោះកំហុស គឺកាន់តែធ្ងន់ធ្ងរ ព្រោះថានេះគឺជាគំរូអាក្រក់មួយដែលនាំឲ្យកើតមានបទល្មើសនៃការរំលោភយកតំបន់ឆ្នេរ។
លោកបានបញ្ជាក់ថា៖ «ធាតុពិតដែលគាត់ជាអាជ្ញាធរហ្នឹង គាត់គួរតែយល់ គាត់គួរតែដឹងថា ការចាក់ចូលសមុទ្រ ឬចាក់សម្អាតហ្នឹង គួរតែធ្វើអ្វីកុំឲ្យមានកំហុសមានន័យថា គាត់គួរតែដឹង និងធ្វើយ៉ាងម៉េច? តែបើទាក់ទងនឹងខេត្តថា នេះជាកំហុសអចេតនា នោះការណែនាំគឺត្រូវ កុំឲ្យគាត់ធ្វើអ្វីមួយប៉ះពាល់បន្តទៀត។ ក្នុងនាមជាអាជ្ញាធរ ប្រសិនបើគាត់មានការធ្វេសប្រហែស ហើយមិនមានព័ត៌មានបែកធ្លាយ វាអាចនាំឲ្យប្រជាពលរដ្ឋផ្សេងទៀតធ្វើតាមគាត់រហូត ហើយចាក់លុបសមុទ្របន្តិចម្តងៗ។ ទាំងនេះជាអ្វីដែលពួកយើងកំពុងព្រួយបារម្ភ»៕