ភ្នំពេញ: លោក គិត ធាង ជាជនត្រូវចោទពាក់ព័ន្ធគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ដរ៉ុក (Rock) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យឃុំខ្លួននៅពន្ធនាគារ PJ នោះ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) នៅយប់ថ្ងៃទី ១ មេសា ដើម្បីព្យាបាលជំងឺរលាកសួត។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
លោក នុត សវនា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោក គិត ធាង ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីនៅម៉ោង ១២ យប់នៅថ្ងៃទី ១ មេសា ដើម្បីព្យាបាលជំងឺស្ទះផ្លូវដង្ហើម ព្រោះគាត់ពិបាកដកដង្ហើមខ្លាំង។
លោកបន្តថា ខណៈទៅដល់មន្ទីរពេទ្យភ្លាមៗនោះក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោក គិត ធាង មានជំងឺរលាកសួត ដោយត្រូវលេបថ្នាំជាប្រចាំ ប៉ុន្ដែបច្ចុប្បន្ននេះគ្រូពេទ្យកំពុងតាមដានស្ថានភាពជំងឺ និងបន្តសម្រាកនៅក្នុងមន្ទីរពេទ្យទៀត ប៉ុន្ដែលោកមិនទាន់ដឹងពីរយៈពេលនៃការព្យាបាលទេ ហើយបើសិនស្ថានភាពជំងឺបានធូរស្បើយ នឹងត្រូវបញ្ជូនទៅពន្ធនាគារវិញ។
លោក នុត សវនា បានបញ្ជាក់ថា៖ «យើងបញ្ជូនទៅនៅម៉ោង ១២ យប់ ដោយសារគាត់ស្ទះផ្លូវដង្ហើម ហើយខាងពន្ធនាគារយើងពិនិត្យទៅ គឺគាត់ពិបាកដកដង្ហើម ហើយយើងក៏បញ្ជូនទៅពេទ្យហ្នឹងទៅ ហើយក្រុមគ្រូពេទ្យហ្នឹងក៏គេថា រលាកសួត»។
លោកបន្ថែមថា ការបញ្ជូនលោក គិត ធាង មកមន្ទីរពេទ្យនេះ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាហើយ ព្រោះករណីនេះត្រូវបញ្ជូនគាត់មកសង្គ្រោះបន្ទាន់ជាមុនសិន ទើបមន្ត្រីសរសេរលិខិតផ្លូវការតាមក្រោយ រួចបញ្ជូនទៅអយ្យការ ហើយអយ្យការយល់ព្រម ទើបអាចទុកអ្នកជំងឺឲ្យព្យាបាលបន្តនៅមន្ទីរពេទ្យ ព្រោះស្ថាន ភាពជំងឺគាត់ធ្ងន់ធ្ងរ ប៉ុន្ដែរយៈពេលព្យាបាលមិនអាចកំណត់បានទេ ដោយរង់ចាំលទ្ធផល និងស្ថានភាពជំងឺបានធូរស្បើយកម្រិតណា ហើយបើសុខភាពគាត់ល្អឡើងវិញ មន្ត្រីពន្ធនាគារនឹងបញ្ជូនមកពន្ធនាគារវិញ។
លោក អីុ រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញអះអាងថាមិនទាន់ទទួលព័ត៌មាននេះទេ ដោយបង្វែរសំណួរទៅលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញវិញ ប៉ុន្ដែលោក លី សុផាន់ណា ក៏មិនទាន់បានឆ្លើយតបជុំវិញករណីនេះនៅឡើយ។
លោក ងី ម៉េង ប្រធានមន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីម្សិលមិញក៏បានអះអាងថា មិនទាន់បានដឹងពីដំណឹងនេះទេ ប៉ុន្ដែបើសិនមន្ត្រីពន្ធនាគារបញ្ជូនលោក គិត ធាង មកនោះ ក្រុមគ្រូពេទ្យនឹងព្យាយាមព្យាបាលគាត់។
លោក ម៉េង ថ្លែងថា៖ «ខ្ញុំអត់ទាន់ដឹងដែរ។ ខ្ញុំថា បើគេបញ្ជូនមកមែន គឺពេទ្យយើងនឹងព្យាបាលគាត់ឲ្យអស់ពីលទ្ធភាពហើយ»។
លោកស្រីមេធាវី ពឹង ធីតា កាលពីម្សិលមិញបានបដិសេធថា មិនបានធ្វើជាមេធាវីការពារក្ដីឲ្យលោក គិត ធាង តាមការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនដែលបានផ្សាយនោះទេ។
លោកស្រី ធីតា ថ្លែងថា៖ «ខ្ញុំមិន មែនជាមេធាវីការពារក្តីឲ្យលោកឧកញ៉ា គិត ធាង ទេ ហើយខ្ញុំក៏មិនដឹងរឿងដាក់ពាក្យអីហ្នឹងដែរ»។
កាលពីថ្ងៃទី ១២ មីនា កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជូនលោក គិត ធាង ដែលជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ទៅឃុំខ្លួននៅពន្ធនាគារ PJ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនជិត ៥០ គីឡូក្រាម ដែលមានការឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ ដែលសមត្ថកិច្ចបានចុះបង្ក្រាប នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។
សំណុំរឿងគ្រឿងញៀនដ៏ធំមួយនេះមិនមែនមានតែលោក គិត ធាង ម្នាក់នោះទេ ដែលត្រូវបានតុលាការធ្វើការចោទប្រកាន់ គឺនៅមានមនុស្សចំនួន ១៧ នាក់ផ្សេងទៀតក៏ត្រូវបានតុលាការធ្វើការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនរួចហើយ ចាប់តាំងពីក្រោយថ្ងៃចុះបង្ក្រាបនៅលើទីតាំងនោះមក ខណៈដែលអ្នកប្រើប្រាស់ និងអ្នកមិនបានប្រើប្រាស់គ្រឿងញៀនជាង ៣០០ នាក់ទៀតត្រូវបានដោះលែង។
យ៉ាងណាក៏ដោយតាមមាត្រា ៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន អំពើជួលទីកន្លែងផ្ដល់ទីកន្លែង ឬអំពើផ្សេងទៀត ដែលបង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី ១ និងតារាងទី ២ គឺជាបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ២ លានរៀលទៅ ១០ លានរៀល៕