
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានពន្យល់ថា ទោះបីជាភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុង តាខ្មៅ នឹងត្រូវបញ្ចប់ការបិទខ្ទប់តាមការសម្រេចរបស់រាជរដ្ឋាភិបាលក៏ដោយ ក៏ថ្នាក់ដឹកនាំ រាជធានី ខេត្តទាំងនេះ មានសិទ្ធិក្នុងការដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ដូចជាការកំណត់ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ការយកសំណាក និងការរឹតត្បិតការធ្វើដំណើរជាដើម។
រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាលចាប់ពីថ្ងៃទី ៦ ខែឧសភា តទៅ ដោយជំនួសមកវិញ នូវវិធានការថ្មី ដើម្បីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សេចក្តីសម្រេចនេះលើកឡើងបន្តថា ការដាក់ចេញវិធានការបិទខ្ទប់ សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្ត រាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រនោះ។
លោក គឹម សន្តិភាព បានឱ្យដឹងថា នៅពេលដែលមានការបញ្ចប់ការបិទខ្ទប់ហើយនោះ ក៏នឹងត្រូវអនុវត្តន៍នូវវិធានការបន្ត ដែលវិធានការនេះ នឹងដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងរដ្ឋបាលខេត្ត កណ្តាល។
លោកមានប្រសាសន៍ថា៖ «បើទោះបីជា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបញ្ចប់ការបិទខ្ទប់ តាមរយៈ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក៏ដោយ ក៏គណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈអភិបាល ខេត្តកណ្តាល លោកមានសិទ្ធិក្នុងការដាក់ចេញនូវវិធានការនានាដែលជាវិធានការសុខាភិបាល»។
លោក គឹម សន្តិភាព បានបញ្ជាក់ថា៖ «វិធានការទាំងនោះត្រូវបានកំណត់នៅក្នុងអនុក្រឹត្យលេខ ៣៧ ដែលរួមមាន ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ការយកសំណាក ការធ្វើចត្តាឡីស័ក និងការព្យាបាល ហើយវិធានការមួយទៀត ដែលគណៈអភិបាលនឹងប្រកាសយកគឺវិធានការរដ្ឋបាល ដូចជាការរឹតត្បិត ការធ្វើដំណើរ ការជួបជុំ និងការប្រមូលផ្តុំមនុស្ស»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា វិធានការរដ្ឋបាលបន្តទៀត មានការហាមឃាត់និងការកម្រិតនៃការធ្វើសកម្មភាព ឬការប្រកបមុខរបរមួយចំនួន ការរឹតត្បិត ឬ ហាមធ្វើចរាចរណ៍ចេញចូលក្នុងតំបន់ ឬ ទីកន្លែងណាមួយ បម្រាមគោចរ ការបិទខ្ទប់តំបន់ឬទីកន្លែងណាមួយការហាមឃាត់ឬរឹតត្បិតការធ្វើពាណិជ្ជកម្មលើមុខទំនិញណាមួយ និងចំណុចចុងក្រោយគឺ ការអនុញ្ញាតឱ្យចាត់វិធានការរដ្ឋបាលចាំបាច់និងបន្ទាន់ផ្សេងទៀត ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
លោក គឹម សន្តិភាព បានថ្លែងថា៖«ទាំងនេះ គឺជាវិធានការរដ្ឋបាល ដែលគណៈអភិបាល អភិបាលរាជធានី ខេត្តនីមួយៗ មានសិទ្ធិក្នុងការដាក់ចេញសម្រាប់ភូមិសាស្រ្តរបស់ខ្លួន»។
ទាក់ទងនឹងចម្ងល់ដែលថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ហើយ ហេតុអ្វីបានជាគណៈអភិបាលរាជធានី ខេត្ត មានសិទ្ធិដាក់ចេញនូវវិធានការរដ្ឋបាលណាមួយរួមទាំងវិធានការបិទខ្ទប់នេះទៀត? លោក គឹម សន្តិភាព បានធ្វើការបកស្រាយថា រាជរដ្ឋាភិបាល បានប្រគល់សិទ្ធិទៅដល់គណៈអភិបាល រាជធានី ខេត្ត សម្រាប់ដាក់ចេញក្នុងការអនុវត្ត ទៅលើទីតាំង ឬភូមិសាស្រ្តនៃរាជធានីខេត្តរបស់ខ្លួន។
ប៉ុន្តែសម្រាប់ការដាក់ចេញនូវវិធានការបិទខ្ទប់ ដែលមានវិសាលភាព សម្រាប់ខេត្តទាំងមូល ឬរាជធានីទាំងមូល គឺជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលឬ វិធានការរដ្ឋបាលណាមួយ ដែលដាក់ចេញក្នុងវិសាលភាពអនុវត្តន៍លើសពីរាជធានី ខេត្ត១ឬ២ ឬក្នុងក្របខ័ណ្ឌទូទាំងប្រទេស នោះសេចក្តីសម្រេចនេះ ត្រូវធ្វើឡើងដោយរាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៦ ខែមេសា បានបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចំនួន ៧ថ្ងៃបន្តទៀត ដោយចាប់អនុវត្តន៍ពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដែលនឹងផុតកំណត់នៅយប់ថ្ងៃពុធទី ៥ ខែឧសភា៕