ព្រះសីហនុៈ លោក គួច ចំរើន អភិ​​បាលខេត្តព្រះសីហនុ​ថ្មី បា​ន​បញ្ជា​ឲ្យ​ផ្អាក​ការ​សាង​សង់​សំណ​ង់​ដែល​ធ្វើ​ពី​គ្រោង​ដែក​ទាំង​អស់​នៅ​ខេត្ត​​ទេស​ចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះដោ​យ​​ទុក​ឲ្យ​មន្រ្ដី​ជំនាញ​ពី​ក្រសួង​​ដែ​ន​​ដី ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​​បច្ចេក​ទេស និង​គុណភាព​ជាមុ​ន​សិនទើ​បអនុញ្ញាតឲ្យ​សាង​សង់​បន្ត​ទៀត ​​​ជា​មួយ​នឹង​ការ​ព្រមាន​ថា ​ប្រ​សិន​បើការ​ដ្ឋា​ន​​ណា​មួ​យ​ នៅ​តែ​បន្ត​សកម្មភាព​ នោះ​មន្ត្រី​ជំនាញ​នឹង​ចាត់​វិធានការ​តាម​ច្បាប់។

លោក ឃាង ភារម្យ ​អ្នក​នាំ​​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​​ម្សិល​មិញ​ថា កាល​ពី​រសៀល​ថ្ងៃ​អង្គារ លោក គួច ចំរើន​ បាន​ដឹក​នាំ​ក្រុម​មន្រ្ដី​ជំនាញ​ផ្នែក​សំណង់​ថ្នាក់​ខេត្ដ​ចុះទៅ​ត្រួតពិនិត្យជាក់​ស្ដែង ​នៅ​តាម​ការដ្ឋា​ន​សំណង់ដែល​សាង​សង់​ឡើងពី​គ្រោង​ដែក ហើយ​ខណៈ​ត្រួត​ពិនិត្យ​នោះមាន​ការដ្ឋាន​សំណង់​ចំនួន ៣ ការដ្ឋាន ត្រូវ​បាន​លោក​អភិបាល​ខេត្ដ​ បញ្ជា​ឲ្យ​ផ្អាក​ការ​សាង​សង់​ជា​បណ្ដោះ​​​អាសន្ន និង​បាន​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការដ្ឋាន​សំណង់​ធ្វើ​ពី​គ្រោង​ដែក​ទាំង​អស់​ នៅ​ក្នុង​ខេត្ដ​​នេះ​​ដោយ​​​ត្រូវ​រង់​ចាំ​មន្រ្ដី​ជំនាញ​ពី​ក្រសួង​ដែនដី នគរូប​នីយកម្ម​ និង​សំណង់​​ធ្វើការ​​ត្រួត​ពិនិត្យ​ជាមុន​សិន។

លោក​​ថ្លែង​ថា​៖ «គឺ​ឲ្យ​ផ្អាក​សំណង់សាង​សង់​ឡើង​ពីគ្រោ​ង​ដែក​​ទាំង​អស់ទូទាំង​ខេត្ដ​ព្រះសីហ​នុ​ គឺ​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​ ដើម្បី​ទុក​លទ្ធ​ភាព​ឲ្យ​ក្រុម​ការងារ​ជំនាញ​សិក្សា​វាយ​តម្លៃ​ទៅ​លើ​ស្ដង់ដា​បច្ចេកទេស​សិន​មុន​នឹង​បន្ត​សាងសង់»។

បើតាម​លោក​ ភារម្យ ក្រុម​ការ​ងារ​​ជំនាញ​ពី​ក្រសួង​ដែន​ដី ​បាននិង​​កំពុង​ចុះ​ត្រួត​ពិនិត្យ​ តាម​ការ​ដ្ឋាន​សំណង់​នីមួយៗ​ដោយ​បាន​ពិនិត្យ​ការ​ដ្ឋាន​សំណ​ង់​បាន​ច្រើន​ទីតាំង​ ហើ​យ​​អាច​នឹង​បង្ហាញ​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេ​។

ខណៈ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សំណ​​ង់​កាល​ពី​ថ្ងៃ​អង្គារនោះ​​ លោក គួច ចំរើន ក៏​បាន​ទៅ​ជួប​​សួរ​សុខ​ទុក្ខ​គ្រួសារ​ជន​ជាតិ​ជប៉ុនដែល​រង​គ្រោះ​ពី​ការ​បាក់​រលំ​អគារ​សង្កត់​ កាល​ពីថ្ងៃ​ទី ២​២​ ខែ​ មិថុនា​ ដែល​បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រុង​នូវ​ភោជ​នីយដ្ឋាន​របស់​ពួកគាត់​ផងដែរ។

លោ​ក ចំរើន​ បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ជប៉ុន ដែល​ជា​ម្ចាស់​ភោជ​នីយ​ដ្ឋាន​​ដែល​រង​ការ​ខូច​ខាត​នេះ ​សាងសង់​ផ្ទះ​ឈើ​នៅលើ​​ទី​តាំង​ដែល​គាត់​បាន​ជួល​ដី​នោះដើម្បី​ស្នាក់​​នៅ​ជា​បណ្ដោះ​អាសន្ន។ ​

ទន្ទឹម​នឹងនោះ​លោក​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ក្រុង​ព្រះ​សីហនុ​ពន្លឿ​ន​​ការធ្វើ​លិខិត​អនុញ្ញាត​ក្នុង​ការ​សាង​សង់​សំណង់​ជូន​ម្ចាស់​ហាង​នេះឲ្យ​បាន​លឿន​ផង​ដែរ ​ដើម្បី​​ឆាប់​បាន​បើក​អាជីវ​កម្ម​រក​ស៊ី​ឡើង​វិញ។

ភ្នំពេញ​ប៉ុស្តិ៍​មិន​​អាច​ស្វែង​រក​ប្រភព​ទាក់​ទង​ក្រុម​ហ៊ុន​​សាងសង់​នៅ​ខេត្ត​ព្រះ​សីហនុដែល​ត្រូវ​បាន​ផ្អាក​ការ​សាង​សង់​​ដើ​ម្បី​សុំ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

លោកស្រី​ ជៀប សុធារី មន្រ្ដី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្តព្រះ​សីហ​នុបា​ន​​​គាំ​ទ្រ​ចំពោះ​​វិធានការ​របស់​អភិបាល​ខេត្ដ​ព្រះសីហនុ​ថ្មី ប៉ុន្ដែ​លោកស្រី​បាន​សំណូម​ពរ​ឲ្យ​​មន្ត្រី​ជំនាញ​បន្ដ​ចុះ​​ត្រួត​ពិនិត្យ​ដល់​ការដ្ឋាន​បន្ថែម​ទៀត។

លោក​ស្រី​​លើក​ឡើងថា​៖ «​​ខ្ញុំ​សំណូម​ពរ​ថា មិន​មែន​គ្រាន់​តែ​ផ្អាក​ការដ្ឋាន​សំណង់​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​​ពិនិត្យ​លើ​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ​ទៀតថា ​តើ​ការ​សា​ង​​សង់​សំណង់ទាំង​អស់​ក្នុង​ខេត្ដ​ព្រះសីហនុ​នេះ ទទួល​បាន​ការ អនុញ្ញាតពី​ណាខ្លះ?សម​ស្រប​តាម​ផ្លូវ​ច្បាប់​ដែរ​ទេ​? តើ​ក្រុម​ហ៊ុន​សំណង់​ទាំងនោះមាន​ការធានា​រ៉ាប់​រង​ទៅ​លើ​ហានិ​ភ័​យ គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ដោយ​ចៃដន្យ​ណាមួយ​ដែរ​ទេ?»។

លោក​ស្រី​​ក៏សូម​ឲ្យ​ពិនិត្យ​ទៅ​លើ​ល​ក្ខណៈបច្ចេក​ទេស និង​ការការពារ​សុខ​សុវត្ថិភាព​ដល់​កម្មករ​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ការដ្ឋាន​​សំណង់​នានា​ផង​ដែរ ​ដោយ​សារ​តែ​កន្លង​មក​ក្រុម​ហ៊ុន​​សំណង់​​មិន​បាន​ចែក​ជូន​នូវ​សម្ភារដើម្បី​ការពារ​សុវត្ថិ​​ភាព​​ដល់​កម្មករ​នោះ​ទេ។

លោក​ស្រី​បញ្ជាក់​​ថា៖ «ខ្ញុំ​បារ​ម្ភ​ពី​រឿង​សុខសុវត្ថិភាព​កម្ម​ករ​សំណ​ង់​ ចង់​ឲ្យ​ពួកគាត់​ទទួលបាន​ការ​ធានា រ៉ាប់រងទទួល​ខុ​សត្រូវ​ក្ដី​សុខ​សុវត្ថិភាព​ពី​ក្រុម​ហ៊ុ​ន​សំណង់​។ កន្លង​មក​ ខ្ញុំ​ក៏ឃើញ​មាន​កម្ម​ករ​ខ្មែរ​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន​ដែរ មាន​ធ្លាក់​ពីលើ​អគារ​ដែល​កំពុង​ធ្វើ​ការ និង​កម្មករ​ខ្លះ​ទៀត ​រង​របួស​ដោយសារ​តែ​សម្ភារសំណង់​ធ្លាក់​លើ​ជាដើម។ អ៊ី​ចឹង​ខ្ញុំ​សំណូម​ពរឲ្យ​អាជ្ញាធរ​ត្រូវ​ត្រួត​ពិនិត្យ​លើ​ករ​ណី​​នេះ​មួយទៀតកុំ​ចាំ​ដល់​ពេល​មាន​គ្រោះថ្នាក់​កើត​ឡើង​ ទើប​មាន​ការ​បារម្ភ​នោះ​ទេ»។

កិច្ចប្រ​ជុំស្តី​ពី​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះ​សីហនុត្រូវ​បាន​ធ្វើឡើងភ្លាម​ៗជាបន្ដ​បន្ទាប់​ ក្រោយ​ពីមាន​ករណី​​​​បាក់​រលំ​អគារ​កម្ពស់​ ៧ ជាន់​ ​កាល​ពី​ថ្ងៃ​ទី ២២​ ខែ ​មិថុនា ​ឆ្នាំ​ ២០១៩​ ​ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​សំណង់​ស្លាប់ ២៨ នាក់​ និង​របួស​ ២៦ នាក់។

ពាក់ព័ន្ធ​នឹង​បញ្ហា​គុណភាព​សំណង់ និង​សុវត្ថិភាព​កម្មករ​សំណង់​នៅ​កម្ពុជា​នេះ កាល​ពី​ថ្ងៃ​ទី ១​ ខែ​ កក្កដា​ តំណាង​សហព័ន្ធ​សហជីព​សមាគម សហ​​គមន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរ​ជាតិដែល​ធ្វើ​ការ​លើ​វិស័​យ​ សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ចំនួន​ ១០០ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយដោយបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​មា​ន​ការ​ធានា​នូវ​គុណ​ភាព​សំណ​ង់ និង​​សុវត្ថិភាព​កម្មករ​សំណង់​នៅ​កម្ពុជា។

សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គការ​សង្គម​ស៊ីវិ​ល និង​សហគមន៍​​ទាំង​នោះបាន​ស្នើ​ឲ្យ​​មាន​វិធាន​ការ​ចំនួន​ ៥​ ចំណុច​​​​ លើ​​ការ​សាង​សង់សំណង់​ដោ​យ​សុំ​ឲ្យ​ផ្អាក​ជា​បន្ទាន់ នូវ​គម្រោង​សាង​សង់​ទាំង​អស់​នៅ​ខេត្ត​ព្រះ​សីហនុ រង់​ចាំ​​ឲ្យ​មាន​ការត្រួត​ពិនិត្យ​វាយ​តម្លៃ​ពី​ស្ថាប័ន​ជំនាញដើម្បី​ឲ្យ​ប្រាកដ​ថា គម្រោ​ង​សាង​សង់​នីមួយៗ​មាន​ច្បាប់​អនុញ្ញាត និង​មាន​គុណ​ភាព​តាម​ស្តង់​ដាសុវត្ថិភាព​។ ក្រុម​អង្គការ​ទាំង​នេះ​ ក៏​បាន​ជំរុញ​​ផង​ដែរឲ្យ​មាន​ការ​ចុះ​ធ្វើ​អធិកា​រ​​​កិច្ច​ការងារ​ជា​ប្រចាំ​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​តម្លា​ភាព ដើ​ម្បី​ពិនិត្យ​មើល​អំពី​លក្ខ​ខណ្ឌ​សុវត្ថិ​ភាព និង​បទដ្ឋាន​ការងារ​របស់​កម្មករ​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក ឡៅ ទិព្វសីហា រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​រៀប​ចំ​ដែន​​​​ដី​ ដែល​ជាប្រធាន​គណៈកម្មការ​​ត្រួត​ពិនិត្យ​​គុណភាព​សំណង់​ នៅ​ខេត្ដ​ព្រះសីហនុ ​មិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​​បាន​ទេ​កាល​ពី​ម្សិលមិញ ដោយ​​លោក​ថ្លែង​​ថា ​ទូរស័ព្ទ​ស្តាប់​មិន​ឮ​៕