ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ៤ ខែ​វិច្ឆិកា បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ជំរុញ​សកម្មភាព​ការងារ​សាងសង់​ផ្លូវ​ចំនួន ៣៤ ​ខ្សែ​ នៅក្នុង​ខេត្ដ-ក្រុង​ព្រះសីហនុ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​ព្រមទាំង​ក្រុម​វិស្វកម្ម​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​កំពុង​បន្ដ​ដឹកនាំ​​ និង​ជំរុញ​ការស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​ក្នុង​ខេត្ដ-ក្រុង​ព្រះសីហនុ និង​សិក្សា​បន្ថែម​ពី​បញ្ហា​ប្រឈម​នានា​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​កុំ​ឲ្យ​មាន​ការរាំងស្ទះ​ចំពោះ​ការស្ថាបនា​ផ្លូវ​ទាំងនោះ​។

លោក​បាន​ថ្លែងថា​៖ «​ការសម្ពោធ​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៦ ​ខែ​វិច្ឆិកា ក្រោម​អធិបតីភាព​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី ប៉ុន្ដែ​ឯកឧត្ដម​អភិបាលខេត្ដ​បាន​ប្រជុំ​ជាមុន​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ទាំងអស់ ដើម្បី​ជំរុញ​ឲ្យ​ការធ្វើ​ផ្លូវ​នេះ​បាន​លឿន មុន​ពេល​បើក​ការដ្ឋាន​ស្រប​ពេល​អាកាសធាតុ​អំណោយផល​ល្អ ។ ការប្រជុំ​នេះ យើង​​ក៏​បាន​ដឹកនាំ​តំណាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​នេះ​ពី​បញ្ហា​ប្រឈម​ និង​ផលប៉ះពាល់​ដែល​ក្រុមហ៊ុន​ជួបប្រទះ ដើម្បី​លើក​ចេញ​មក​ដោះស្រាយ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​ស្ថាបនា​ផ្លូវ​នេះ​ដំណើរការ​ទៅ​បាន​រលូន​»​។

លោក ភារម្យ បាន​ឲ្យ​ដឹងថា ដើម្បីឱ្យ​ដំណើរការ​សាងសង់​ស្ថាបនា​ផ្លូវ ៣៤ ​ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ​ដំណើរការ​បាន​រលូន​ម្យ៉ាង​ត្រៀម​រៀបចំ​ដំណើរ​ត្រួតពិនិត្យ​របស់​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រយ:ពេល​ ២ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ៥ ​ដល់​ ៦ ​ខែ​វិច្ឆិកា​ នៅលើ​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ ​ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នាពេល​ខាង​មុខ​នេះ​។

សកម្មភាព​ជួសជុល​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក​។ រូបថត ហ្វេសប៊ុក

លោក គួច ចំរើន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន និង​អង្គភាព​កងវិស្វកម្ម​ត្រូវ​បង្ហាញ​ពី​ផលប៉ះពាល់ និង​ប្រឈម​នានា​ក្នុង​ការដ្ឋាន​សាងសង់​របស់​ខ្លួន ដើម្បី​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើការ​ផ្តល់​មតិយោបល់ និង​ដោះស្រាយ​ចំពោះមុខ​បាន​ទាន់​ពេលវេលា​ចៀសវាង​ការឆ្លើយ​ដាក់​គ្នា​ដែលនាំ​ឱ្យ​ការស្ថាបនា​ផ្លូវ​របស់​យើង​មាន​ភាពយឺតយ៉ាវ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ស្ថាបនា​ផ្លូវ​ទាំង ៣៤ ​ខ្សែ​ប្រកប​ដោយ​តម្លាភាព និង​មាន​គុណភាព ធានា​ដល់​ការប្រើប្រាស់​យូរអង្វែង​ដើម្បី​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ភាពទាក់ទាញ សោភណភាព បរិស្ថាន​ល្អ​នាពេល​ខាង​មុខ​»​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៧ ក្រុមហ៊ុន​ កំពុង​ធ្វើការ​ស្ថាបនា​ផ្លូវ​ចំនួន ៣៤ ខ្សែ ​ក្នុង​ខេត្ដ​ព្រះសីហនុ​ទាំងយប់​ទាំងថ្ងៃ​ឲ្យ​ចប់​រួចរាល់​ក្នុង​រយៈពេល ៨ ​ខែ ​ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​អស់​ជាង ២០០ លាន​ដុល្លារ ហើយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ទៅ​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា​នេះ​។ ​

លោក ឃាង ភារម្យ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែល​រង​ការខូចខាត​ពី​ជំនន់​ទឹកភ្លៀង និង​ការអភិវឌ្ឍ​យ៉ាង​គំហុក​ចំនួន ៣៤ ​ខ្សែ​ឡើងវិញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​ប្រវែង​សរុប ៨៤ ៥០៥ ​ម៉ែត្រ ស្មើ​នឹង​ប្រមាណ​ជាង ៨៤ ​គីឡូម៉ែត្រ​ស្ថិត​នៅ​បរិវេណ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់​ដោយ​ថវិកា​នៃ​ការស្ថាបនា​ផ្លូវ​នេះ​នឹង​ត្រូវ​ចំណាយ​ជាង ២០០ ​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ និង​ភាគី​ពាក់ព័ន្ធ​អនុវត្ដ​ការស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​ នៅក្នុង​ខេត្ដ​ក្រុងព្រះសីហនុ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​គុណភាព​ខ្ពស់ ខណៈ​ផ្លូវ​នានា​ទទួលរង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ពី​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង និង​ការអភិវឌ្ឍ​យ៉ាង​រហ័ស​របស់​ខេត្ដ​។

លោក សុខុម បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា ការអភិវឌ្ឍ​ផ្លូវ​ឡើងវិញ​ទាំង ៣៤ ​ខ្សែ​នេះ​ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ឧបត្ថម្ភ​មក ដើម្បី​ស្ថាបនា​ផ្លូវ​ឡើង​វិញ​ទាំងស្រុង​។ ដូច្នេះ​ការប្រើប្រាស់​ថវិកា ការសាងសង់​ផ្លូវ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​មាន​គុណភាព​បំផុត​ដែល​អាច​ទទួល​យក​បាន​ទាំង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​។ កុំ​អាង​តែ​ទទួល​បាន​គម្រោង​ស្ថាបនា​លឿន ហើយ​មិន​មាន​គុណភាព គុណភាព​មិន​អាច​ទទួល​យក​បាន​នោះ​»៕