
លោក ឃួង ស្រេង (ទី ៥ រាប់ពីស្ដាំ) ក្នុងពិធីចុះហត្ថលេខាពីម្សិលមិញ។ សហការី
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីម្សិលមិញ បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់ឯកសារសិក្សាស្រាវជ្រាវពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅតំបន់បឹងជើងឯក រាជធានីភ្នំពេញឲ្យទៅទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេល ១២ ខែកន្លងមក។
លោក ឃួង ស្រេង បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា រាជរដ្ឋាភិបាល បានគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗ ជាក់ស្ដែងគម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់នេះ ដោយផ្ដោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុង ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ដល់សោភណភាពរាជធានីភ្នំពេញ។
ជាមួយគ្នានេះលោក ស្រេង ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ លើការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការផ្តល់ជំនួយហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការការទូត ដែលជាការរួមចំណែកយ៉ាងសកម្ម នៅក្នុងការស្តារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្រៅពីនេះលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោងរបស់ JICA និងមន្ដ្រីមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេល ១២ ខែ រហូតបានបញ្ចប់ការសិក្សា និងដាក់ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក ហើយឈានមកដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងភាគីទាំង ២ នាពេលនេះ។
លោកបានថ្លែងបញ្ជាក់ថា៖ «គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូ ទឹកកខ្វក់នៅបឹងជើងឯកនេះ នឹងត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ លើការកែច្នៃទឹកកខ្វក់ក្នុងបរិមាណ ៥ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំ»។
លោក lto Minpei ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុនបានឱ្យដឹងថា ជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងសត្វយ៉ាងខ្លាំងក្លា។
លោកបញ្ជាក់ថា៖ «តាមលទ្ធផលនៃការស្រាវជ្រាវ ការស្តារបរិស្ថានឡើងវិញ គឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។ បញ្ហានេះ ចំណុចសំខាន់ គឺយើងត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកនៅដំណាក់កាលបឋម ដើម្បីទប់ទល់ការចំណាយច្រើននេះ»។
លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូបង្ហូរទឹកកខ្វក់ នៅបឹងជើងឯកប៉ែកខាងត្បូងរាជធានីភ្នំពេញនេះ គឺអាចបន្សុទ្ធទឹកកខ្វក់បានក្នុង ១ ថ្ងៃ ៥ ០០០ ម៉ែត្រគុប។
លោកបញ្ជាក់ថា៖ «ក្រោយការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួច យើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើការអនុម័តចុងក្រោយ»៕